អានតួអត្ថបទ
កម្ពុជា

កំណើន​​យុវជន​​ទៅ​​មើល​​អា​រ៉ែ​ង​ ក្លាយ​ជា​​​ការ​ព្រួយបារម្ភ​​របស់​​អ្នក​ការពារ​​ធម្មជាតិ​

យុវជន​​ខ្មែរ​​កាន់តែច្រើន​ឡើងៗ​ ចាប់​អារម្មណ៍​​ទៅ​​ទស្សនា​​តំបន់​​អា​រ៉ែ​ង ​ហើយ​​ជា​ពិសេស​​យុវជន​​ដែល​​កំពុង​​នៅ​ក្នុង​​រាជធានី​ភ្នំពេញ​។ ពីរ​​បី​​សប្តាហ៍​​ចុងក្រោយ​​នេះ​ មាន​​យុវជន​​មិន​តិច​ជាង​៣០០​នាក់​​ទេ​ ដែល​​បានធ្វើ​​ដំណើរ​​ទៅ​​ទស្សនា​​តំបន់​​អា​រ៉ែ​​ង​ ក្នុង​​ខេត្ត​កោះកុង​។ ​ប៉ុន្តែ​​កំណើន​​មនុស្ស​​ទៅ​​មើល​​តំបន់​​អា​រ៉ែ​​ង​នេះ​ បាន​ក្លាយ​​ជា​ការ​​ព្រួយ​បារម្ភ​​របស់​​អ្នក​ការពារ​​អា​រ៉ែ​​ង​​ទៅ​វិញ​​ទេ​។ ​បារម្ភ​​ព្រោះ​ថា ​មនុស្ស​​បាន​ធ្វើ​​ឲ្យ​​ខូច​​បរិស្ថាន និ​ង​​​ផ្អើល​​សត្វ​ព្រៃ​។​

ទិដ្ឋភាព​តំបន់​អា​រ៉ែង​
ទិដ្ឋភាព​តំបន់​អា​រ៉ែង​ @Samdach, Prime Minister Facebook Page
ផ្សាយពាណិជ្ជកម្ម

រយៈពេល​ចុងក្រោយ​នេះ តំបន់​អា​រ៉ែ​ង​បានក្លាយ​ជាទី​ចាប់អារម្មណ៍​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន ពិសេស​គឺ​យុវជន។ យុវជន​បានរៀបចំ​ដំណើរ​កម្សាន្ត​ទៅ​តំបន់​អា​រ៉ែ​ង ជាក្រុមៗ ដោយ​ក្រុមខ្លះ​មាន​គ្នា​តិច​ណាស់​ក៏​ចាប់ពី៣០ទៅ៤០នាក់ ហើយ​ក្រុម​ខ្លះទៀត​រហូតដល់​ទៅដល់​ជិត២០០នាក់​ផង​ក៏មាន។ នេះ​មិនទាន់​គិតពី​អ្នក​ដែល​ទៅដោយ​ឯកជន និង​គ្រួសារ​ផង​ទេ។

ចំនួន​មនុស្ស​ចាប់អារម្មណ៍​ពី​តំបន់​ធម្មជាតិ ព្រៃភ្នំ សត្វព្រៃ និង​ត្រី កាន់​តែមាន​ច្រើន គឺជា​រឿង​ល្អ​មួយ ចំពោះ​យុវជនស៊ឹម សំណាង ដែលជា​ស្ថាបនិក​មួយរូប​នៃ​អង្គការ​ចលនា​មាតា​ធម្មជាតិ។ ប៉ុន្តែ​លោកស៊ឹម សំណាង បាន​ថ្លែង​ការមិន​ពេញចិត្ត​ថា ចំនួន​មនុស្ស​ទៅ​ទស្សនា​អា​រ៉ែ​ង​ច្រើនពេក បានធ្វើ​ឲ្យ​ផ្អើល​សត្វព្រៃ និង​បង្ក​ឲ្យ​ខូច​បរិស្ថាន។ អ្នកការពារ​ធម្មជាតិ​រូបនេះ សង្កេតឃើញថា ក្រុមយុវជន​ខ្លះ​បាន​បោះចោល​សំរាម​ពាល​វាល​ពាល​កាល និង​ប្រើប្រាស់​សាប៊ូកក់សក់​និង​សាប៊ូ​ដុស​ខ្លួន​ក្នុង​ទឹកស្ទឹង ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវចម្រុះ​ក្នុង​ទឹក ពិសេស​គឺ​ត្រី​រាជ និង​ក្រពើ​ភ្នំ។

តាម​សកម្មជន​ដដែល​នេះ បើ​យុវជន​ចង់ទៅ​ទស្សនា​អា​រ៉ែ​ង គឺ​គេ​ត្រូវ​ឈ្វេងយល់​ពី​បរិស្ថាន​ឲ្យ​បាន​ច្រើន ចេះ​រក្សា​អនាម័យ​និង​សណ្តាប់ធ្នាប់។ ពិសេស​នោះ គឺ​ត្រូវមាន​គ្នា​មិន​ច្រើនពេក គឺ​យ៉ាងច្រើន​បំផុត​ត្រឹម៣០នាក់។

លោកស៊ឹម សំណាង សហការ​ជាមួយ​សកម្មជន​វ័យក្មេង​ដែល​កំពុង​ការពារ​តំបន់​អា​រ៉ែ​ង បាន​បង្កើត​កម្មវិធី​ដំណើរ​កម្សាន្ត​អេកូ​ទេសចរណ៍ (Wild KK project) ក្នុង​គោលបំណង​ឲ្យ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ ស្គាល់​ធម្មជាតិ​តំបន់​អា​រ៉ែ​ង​កាន់តែច្រើន កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋនៅក្នុង​តំបន់ ដោយ​បង្កើត​ក្រុម​ចុងភៅ ក្រុម​ម​គ្គុ​ទេស​ក៏ និង​អ្នក​ម៉ូតូឌុប​ដឹក​ភ្ញៀវ ព្រមទាំង​សេវាកម្ម​ជួល​កង់​ចូល​ព្រៃ​ជាដើម។ ចក្ខុវិស័យ​របស់​គម្រោង​នេះ​គឺ​ដើម្បី​ប្រែក្លាយ​តំបន់​មួយ​នេះ​ឱ្យក្លាយ​ទៅជា​តំបន់​ទេសចរ​ផ្សងព្រេង​បែប​ធម្មជាតិ និង​ចង់​ជំរុញ​ឲ្យ​តំបន់​មួយ​នេះ​ក្លាយជា​បេ​តិក​ភ័​ណ្ឌ​ធម្មជាតិ​ពិភពលោក​សម្រាប់​មនុស្ស​ជាតិ​និង​ផ្តល់ជូន​មោទនភាព​ដល់​ប្រជាជន​កម្ពុជា។

គួរ​រម្លឹក​ជូន​ថា ប្រមុខ​រដ្ឋាភិបាល​ក្រុងភ្នំពេញ បានប្រកាសថា គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​មិន​ត្រូវបាន​សាងសង់​ទេ នៅក្នុង​អាណត្តិ​នេះ។  គេហទំព័រ​ហ្វែ​ស​បុក Samdech Hun Sen, Cambodian Prime Minister បានសរសេរថា លោកនាយក​រដ្ឋមន្ត្រី​ថែរក្សា​តំបន់​អា​រ៉ែ​ង​មិន​ឲ្យ​មានការ​អភិវឌ្ឍ​ណា ដែល​អាច​ប៉ះពាល់​ដល់​បរិស្ថាន ធនធានធម្មជាតិ​ព្រៃឈើ និង​ជីវិត​សត្វ​ជាច្រើន​ប្រភេទ ដែលមាន​អំណោយផល​ល្អ​បំផុត​សម្រាប់​ទុកជា​តំបន់​អេកូ​ទេសចរណ៍​ដ៏​ស្រស់ស្អាត​របស់​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ