អានតួអត្ថបទ
កម្ពុជា-នយោបាយ

ខួប​៦៥​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ៖ ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​រួបរួម​គ្នា នៅ​ក្រោមដំបូល​រដ្ឋធម្មនុញ្ញ​តែ​មួយ

ប្រទេសកម្ពុជា​នៅ​ថ្ងៃ​ទី ០៩ វិច្ឆិកា ឆ្នាំ ២០១៨ នេះ បាន​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ខួប​លើក​ទី៦៥ និង​ថ្ងៃ​កំណើត​កងយុទ្ធពល​ខេមរភូមិន្ទ។ ពិធី​នេះ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង នៅ​មុខ​ព្រះ​បរមរាជវាំង ក្រោម​ព្រះរាជាធិបតីភាព​របស់​ព្រះមហាក្សត្រ​កម្ពុជា។ នៅ​ក្នុង​ឱកា​ស​​នោះ ព្រះមហាក្សត្រ​កម្ពុជា ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន រួបរួមគ្នា នៅ​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​តែ​មួយ។

ព្រះមហាក្សត្រ​ព្រះបាទ​ព្រះបរមនាថ​ នរោត្តម​ សីហមុនី​
ព្រះមហាក្សត្រ​ព្រះបាទ​ព្រះបរមនាថ​ នរោត្តម​ សីហមុនី​ @REUTERS/Samrang Pring
ផ្សាយពាណិជ្ជកម្ម

ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ០៩ វិច្ឆិកា ឆ្នាំ ២០១៨ នេះ គឺ​ជា​ខួប​លើក​ទី៦៥​ឆ្នាំ​គត់ ដែល​ប្រទេស​កម្ពុជា បាន​ទទួល​ឯករាជ្យ​ពេញ​បរិបូណ៌​ពី​សាធារណរដ្ឋ​បារាំង នៅ​ថ្ងៃ​ទី ០៩ វិច្ឆិកា ឆ្នាំ ១៩៥៣ ។ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​កម្ពុជា​ឆ្នាំ​នេះ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​យ៉ាង​ឱឡារិក​នៅ​ខាង​មុខ​ព្រះបរមរាជវាំង ក្រោម​ព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់​របស់​ព្រះមហាក្សត្រ​កម្ពុជា និង​ដោយ​មាន​ការ​ចូលរួម​ពី​សមាជិក​និង​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា កង​កម្លាំង​ប្រដាប់​អាវុធ និងប្រជាពលរដ្ឋ​យ៉ាង​ច្រើន​កុះករ។

នៅ​ក្នុង​ឱកាស​ដ៏​មហោឡារិក​នេះ ព្រះមហាក្សត្រកម្ពុជា ព្រះបាទ​សម្តេច​ព្រះ បរមនាថ នរោត្តម សីហមុនី បាន​យក​វេទិកា​នេះ ដោយ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា គ្រប់មជ្ឈដ្ឋាន រួបរួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ ស្ថិត​នៅ​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ និង​ច្បាប់​រដ្ឋ ដើម្បី​ចូលរួម​ចំណែក​ការពារ និងក​សាង​មាតុភូមិ​លើ​គ្រប់​វិស័យ។ ជាមួយ​គ្នា​នេះ ព្រះករុណា​ព្រះមហាក្សត្រ ក៏​សង្ឃឹម​ខ្ពស់​ដែរ​ថា ប្រជាជន​កម្ពុជា​នឹង​ទទួល​បាន​អនាគត​ភ្លឺ​ស្វាង​ក្នុង​ក្តី​សង្ឃឹម​ខ្ពស់ រស់​នៅ​ក្រោម​ដំបូល​រដ្ឋ​ធម្មនុញ្ញ​តែ​មួយ ដែល​ធានា​បាន​នូវ​ឯកភាព​ជាតិ​ដ៏​រឹង​មាំ។

គួរ​កត់​សំគាល់​ថា នេះ​គឺជា​ការ​អំពាវនាវ​ជាសាធារណៈជា​លើក​ដំបូង​របស់​ព្រះករុណា ព្រះមហាក្សត្រ​កម្ពុជា ខណៈ​ដែល​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ការ​ប្រេះឆា​គ្នា​កាន់​តែ​ខ្លាំង រវាង​ក្រុម​មេដឹកនាំ​អតីត​គណបក្ស​ប្រឆាំង និង​ក្រុម​គណបក្ស​កាន់​អំណាច។

ដូច​គ្នា​នេះ​ដែរ កាល​ពី​ថ្ងៃ​កាល​ពី​ថ្ងៃ​ទី ០៨ វិច្ឆិកា ពោល​គឺ មុន​មួយ​ថ្ងៃ​នៃ​ការ​ប្រារព្ធ​ទិវា​បុណ្យឯករាជ្យ​ជាតិ ០៩ វិច្ឆិកា ឆ្នាំ២០១៨នេះ លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំ​ឃាំង​នៅ​ក្នុង​ផ្ទះ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ បាន​ផ្ញើ​សារ​អបអរសាទរ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​កម្ពុជា ខួប​លើកទី​៦៥​ឆ្នាំ​នេះ។ ប៉ុន្តែ​ជាមួយ​នឹង​ការ​អបអរ​សាទរនេះ អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​រូប​នេះ ក៏​បាន​លើក​ឡើង​ពី​ការ​យល់​ឃើញ​របស់​ខ្លួនថា «ការ​ទាម​ទារ និង​ការ​ថែរក្សា​ការ​ពារ​ឯករាជ្យ​ជាតិ​ពិត​ប្រាកដ​ទៅ​បាន គឺ​អាស្រ័យ​លើ​ការរួប​រួម​ជាតិ»។ ហើយថា «ជា​ការ​ពិត​ណា​ស់ នឹង​មិន​អាច​មាន​ឯករាជ្យជាតិ​ពិត​ប្រាកដ​បាន​ទេ បើយើង​បែក​បាក់​គ្នា»។

គួរ​រំលឹក​ជូន​ថា ប្រទេសកម្ពុជា បាន​ទទួល​ឯករាជ្យ​ពេញ​បរិបូណ៌​ពី​អាណា​និគមនិយម​បារាំង នៅ​ថ្ងៃ​ទី ០៩ វិច្ឆិកា ឆ្នាំ ១៩៥៣ ក្រោម​ព្រះរាជបូនីយកិច្ច​របស់​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​បរមរតន​កោដ្ឋ។ ពី ០៩ វិច្ឆិកា ឆ្នាំ ១៩៥៣ ដល់ ០៩ វិច្ឆិកា ឆ្នាំ ២០១៨​នេះ គឺ​មាន​រយៈ​ពេល​៦៥​ឆ្នាំ​គត់ ដែល​កម្ពុជា​បាន​ទទួល​ឯករាជ្យ​ពី​អាណានិគម​និយម​បារាំង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ