អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

កម្ពុជា​បញ្ចុះបញ្ចូល​ឥណ្ឌូនេស៊ី​ឲ្យ​ជួយ​ទិញ​អង្ករ​ក្រអូប​ដែល​ធ្លាប់​ទទួល​បាន​ចំណាត់​លេខ១

កម្ពុជា​មាន​បំណង​នាំ​អង្ករ​ក្រអូប «ផ្កាម្លិះអង្គរ»​ ដែល​ទទួល​បាន​ចំណាត់​លេខ១ កាល​ពី​ឆ្នាំ២០​១៨ទៅ​កាន់​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ពេល​ខាងមុខ។ នេះ​ជា​ការ​អះអាង​របស់​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម នៅ​ថ្ងៃ​ទី​១៩​កក្កដា ម្សិលមិញ ​ក្នុង​ពេល​សម្ពោធ​ពិព័រណ៍​ពាណិជ្ជកម្ម​មិត្តភាព​កម្ពុជា ឥណ្ឌូនេស៊ី ។ ឥណ្ឌូ​ណេស៊ី​ជា​ទី​ផ្សារ​មួយ​ល្អ សម្រាប់​ការ​នាំ​ចេញ​អង្ករ​ក្រអូប​របស់​កម្ពុជា។ នេះបើតាម​វិស័យឯកជន។

ប្រភេទអង្កររបស់កម្ពុជាដែលដាក់តាំងលក់នៅលើទីផ្សារ។
ប្រភេទអង្កររបស់កម្ពុជាដែលដាក់តាំងលក់នៅលើទីផ្សារ។ RFI/Siv Chana
ផ្សាយពាណិជ្ជកម្ម

អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក ស៊ាន ថៃ បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា កម្ពុជា​នៅ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​ឥណ្ឌូ​ណេស៊ី​នៅ​ឡើយ​ទេ បន្ទាប់​ពី​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បង្ហាញ​បំណង​ចង់​នាំ​អង្ករ​ក្រអូប «ផ្កាម្លិះអង្គរ»​ ដែល​ទទួល​បាន​ចំណាត់​លេខ១ កាល​ពី​ឆ្នាំ២០១៨​ទៅ​កាន់​ប្រទេស​ឥណ្ឌូនេស៊ី។

ទោះ​ជា​យ៉ាង​ណា ទាំង​ក្រសួង​ពាណិជ្ជកម្ម និង​វិស័យ​ឯកជន​មើល​ឃើញ​ដូច​គ្នា​ថា ឥណ្ឌូណេស៊ីជា​ទី​ផ្សារ​មួយ​ល្អ​នៅ​ក្នុង​ការ​នាំ​ចេញ​អង្ករ​ក្រអូប​របស់​កម្ពុជា។ តែ​ទោះ​ជា​បែប​នេះ​ក្ដី អ្នក​នាំ​ពាក្យក្រសួង​ពាណិជ្ជកម្ម​លោក ស៊ាន ថៃ ពន្យល់ថា កន្លង​មក​កម្ពុជា​ធ្លាប់​ចរចា​ក្នុង​ការ​នាំ​ចេញ​អង្ករក្រអូប​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​ឥណ្ឌូណេស៊ី​ដែរ តែ​មិន​ទទួល​បាន​ជោគ​ជ័យ​ដោយ​សារ​ថា បែបបទ​នៃ​ការ​នាំ​ចូល​មាន​ភាព​ស្មុគ​ស្មាញ​ពេក។

ចំណែក លោកឧកញ៉ា ភូ ពុយ ប្រធាន​ធនាគារ​ស្រូវ​លើក​ឡើងថា ទីផ្សារ​អង្ករ​ក្រអូប​កម្ពុជាកាន់​តែ​ទូលំ​ទូលាយ ប្រសិន​បើ​កម្ពុជា​ទទួល​បាន​សិទ្ធិ​នាំ​ចូល​អង្ករ​ក្រអូប​ទៅ​កាន់​ទីផ្សារ​ប្រទេស​ឥណ្ឌូណេស៊ី ហើយ​អ្នក​ទទួល​បាន​ប្រយោជន៍ធំ​ជាង​គេ​នោះ​គឺ​កសិករ​ដែល​កំពុង​ផលិត​អង្ករ​ក្រអូប។ បច្ចុប្បន្ន​ទីផ្សារ​អង្ករ​ក្រអូប​ក្រប​ដណ្ដប់​ត្រឹម​តែ អឺរ៉ុប ចិន ម៉ាឡេស៊ី និង​ព្រុយណេ ជាដើម​។

បើ​តាម​លោក​ឧកញ៉ា ភូ ពុយ សព្វ​ថ្ងៃ​អង្ករ​ក្រអូប​កំពុង​មាន​ភាព​និយម​ក្នុង​ការ​ទទួល​ទាន​សម្រាប់​ទី​ផ្សារ​ក្រៅ​ស្រុក ខណៈ​អង្ករ​ស​ធម្មតា​គេ​ប្រើប្រាស់​សម្រាប់​តែ​ផ្ដល់​ជំនួយ​ផ្នែក​មនុស្សធម៌​តែ​ប៉ុ​ណ្ណោះ​។ ជាក់​ស្ដែង​នៅ​ក្នុង​ឆ្នាំ២០១៨​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា ភូ ពុយ នាំ​អង្ករ​ក្រអូប​ទៅក្រៅ​ប្រទេស​ប្រមាណ​ជា​ជិត​៦​ម៉ឺន​តោន។

បន្ថែម​ពី​លើ​ទី​ផ្សារ​ឥណ្ឌូណេស៊ី កម្ពុជា​មាន​គម្រោង​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អាហ្រ្វិក​នា​ពេល​ខាង​មុខដែរ ​ខណៈបច្ចុប្បន្នកម្ពុជា​ក៏​បាននាំ​អង្ករ​ទៅ​កាន់​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​ដូច​ជា ហ្គាបុង, ហ្គាណា, តូហ្គោ, កេនយ៉ា, ណាមីបៀ ជា​ដើម​។

គិតត្រឹម​ឆមាស​ទី១ ឆ្នាំ​២០១៩​នេះ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទី​ផ្សារ​អន្តរ​ជាតិជាងពីរសែនប្រាំបីម៉ឺនតោន (២៨១ ​៥៣៨)​តោន កើនឡើង ៣.៧០ភាគ​រយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៨ ។ ក្នុងនោះ​ចិន គឺ​ជា​ប្រទេស​នាំ​មុខ​គេ​ដែល​បាន​ទិញ​អង្ករ​កម្ពុជា គិត​ក្នុង​រយៈ​ពេល​៦ខែ ដើម​ឆ្នាំ​២០១៩​នេះ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ