អានតួអត្ថបទ
កម្ពុជា

វិវាទ​ផ្ទៃ​ក្នុង​បក្ស​ប្រឆាំង​​ខេត្ត​សៀមរាប​​ត្រូវ​បាន​​លើក​​យក​មក​​ពិភាក្សា​

អ្នក​តំណាង​​គណបក្ស​​ស​ង្គ្រោះ​ជាតិ​​តាម​​មូលដ្ឋាន​​ក្នុង​​ខេត្ត​សៀមរាប ​ប្រមាណ​​ជា​២៥០​នាក់ ​បាន​​ប្រជុំ​គ្នា​​រយៈពេល​២​ម៉ោង ​នៅ​​ព្រឹក​​ថ្ងៃ​​ព្រហស្បតិ៍​​នេះ ​ដើម្បី​​ស្តាប់​​បទបញ្ជា​ផ្ទៃក្នុង​​គណ​បក្ស​ សំណេះ​សំណាល​​គ្នា ​និង​​ចោទ​​ឆ្លើយ​ ទាក់ទង​​នឹង​​សំណើ​សុំ​​ដូរ​​អ្នកស្រី​កែ សុវណ្ណ​រតន៍​ ចេញ​ពី​​ប្រធាន​​ក្រុម​ការងារ​​ខេត្ត​​នេះ​។ ​នោះ​​ជា​ការ​​ដោះ​ស្រាវ​​វិវាទ​​ផ្ទៃក្នុង​​ដែល​​បាន​​ស្តែង​ចេញ​​តាម​រយៈ​​ការ​តវ៉ា​​របស់​​សមាជិក​​និង​​អ្នកគាំ​ទ្រ​​ប្រហែល​៥០​នាក់ ​នៅ​មុខ​​ទីស្នាក់ការ​​កណ្តាល​​នៃ​​គណបក្ស​ប្រឆាំង​ កាល​ពី​​ថ្ងៃ​​ចន្ទ​។ ​

លោកសម រង្ស៊ី និង​លោក កឹម សុខា ប្រធាន និងអនុប្រធានគណបក្សសង្រ្គោះជាតិ
លោកសម រង្ស៊ី និង​លោក កឹម សុខា ប្រធាន និងអនុប្រធានគណបក្សសង្រ្គោះជាតិ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

លោកសម រង្ស៊ី និង​លោកកឹម សុខា ដែលជា​ប្រធាន​និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើជា​អធិបតី​ក្នុងការ​ប្រជុំ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​ដោះស្រាយ​វិវាទ​ផ្ទៃក្នុង​របស់​គណបក្ស​នេះ​នៅ​ខេត្តសៀមរាប។ រហូតមកដល់​ត្រឹម​ម៉ោង១២និង៣០នាទី​រសៀល​នេះ កិច្ចប្រជុំ​នោះ​មិនទាន់​បានបញ្ចប់​នៅឡើយ ហើយក៏​មិនទាន់​សម្រេចបាន​លទ្ធផល​យ៉ាងណាដែរ នេះ​បើតាម​អ្នកស្រី ជូ​ឡុង សូ​មួ​រ៉ា ដែល​បាន​បញ្ជាក់ថា ការពិភាក្សា«ទើប​ចាប់ផ្តើម»។ 

បើ​យោងតាម​លោក មុត ម​ល្លា ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្តសៀមរាប​វិញ កា​ប្រជុំ​ចាប់ផ្តើម​នៅ​ម៉ោង១០និង៣០នាទី​ព្រឹក ថ្ងៃនេះ ហើយ​មាន​រយៈពេល​យ៉ាងយូរ​ប្រហែល២ម៉ោង។ លោក មុត ម​ល្លា បន្ថែមទៀតថា អ្នកចូលរួម​ប្រជុំ​មាន​ប្រហែល២៥០នាក់ ក្នុងនោះ២៣៨នាក់​ជា​សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​ពី​ថ្នាក់ឃុំ​ដល់​ថ្នាក់​ខេត្ត សមាជិក​គណៈកម្មាធិកា​រ​ប្រតិបត្តិ​ថ្នាក់ក្រុង និង​ថ្នាក់ស្រុក ព្រមទាំង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ថ្នាក់ឃុំ។

ប្រភព​ដដែល​បានឱ្យដឹងថា ជំនួប​ថ្ងៃ​ព្រហស្បតិ៍​នេះ​ប្រព្រឹត្ត​ទៅដោយ​ការសូត្រ​បទបញ្ជាផ្ទៃក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​តម្កល់ទុក​នៅ​ក្រសួងមហាផ្ទៃ ការ​សំណេះសំណាល​គ្នា និង​ការ​ចោទ​ឆ្លើយ​គ្នា​អំពី​សំណើសុំ​ដូរ​អ្នកស្រី កែ សុវណ្ណ​រតន៍ ចេញពី​ប្រធាន​ក្រុមការងារ​គណបក្ស​នេះ​នៅ​ខេត្តសៀមរាប។

ជម្លោះ​នោះបាន​ស្តែងចេញ​តាមរយៈ​ការតវ៉ា​របស់​សមាជិក​និង​អ្នកគាំទ្រ សរុប​ប្រហែល៥០នាក់ ដែល​បានធ្វើ​ដំណើរ​ពី​ខេត្តសៀមរាប មក​តវ៉ា លើក​បដា និង​ស្រែក​ទាមទារ​កាលពី​ថ្ងៃ​ចន្ទ ឱ្យ​លោក សម រង្ស៊ី និង​លោក កឹម សុខា ដូរ​ប្រធាន​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្តសៀមរាប។ ក្រុមបាតុករ​ដែល​ដឹកនាំ​ដោយ​លោក គង់ សឿន អនុប្រធាន​គណៈកម្មាធិកា​រ​ប្រតិបត្តិ​ថ្នាក់​ខេត្ត បាន​ចោទ​អ្នកតំណាងរាស្ត្រ កែ សុវណ្ណ​រតន៍ ថា​ធ្វើការ«ច្របូកច្របល់» និង«និយម​បក្សពួក» ថ្វីបើ​ក្រោម​ការដឹកនាំ​របស់​អ្នកស្រី សំឡេងឆ្នោត​គាំទ្រ​គណបក្សប្រឆាំង​នេះ​បាន​កើនឡើង​ពី​ជិត៣ម៉ឺន ទៅ​ជាង១៤ម៉ឺន​ក្តី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ