អានតួអត្ថបទ
កម្ពុជា

ជម្លោះផ្ទៃក្នុង​​មិន​ទាន់​​ដោះស្រាយ​ តែ​​អគ្គលេខាធិការ​​ចេញ​​លិខិត​​កោះប្រជុំ​ ​​ត្រៀម​​ធ្វើ​​សមាជ​ ថ្ងៃ​១២​មីនា​

រហូត​មក​ដល់​​ពេលនេះ ​ជម្លោះផ្ទៃ​ក្នុង​​រវាង​​លោក​​ញឹក ​ប៊ុនឆៃ ​អនុប្រធាន​ទី២ ​គណបក្ស​​ហ្វ៊ុនស៊ិនប៉ិច ​និង​​លោក​សាយ ​ហាក់ ​អគ្គលេខាធិការ​ថ្មី​ របស់​​គណបក្ស​​ហ្វ៊ុនស៊ិនប៉ិច​ មិន​ទាន់​​ដោះ​ស្រាយ​​នៅ​ឡើយ​​ទេ​។ ​ប៉ុន្តែ​​លោក​​សាយ ​​ហាក់ ​ក្នុង​នាម​​អគ្គលេខាធិការ​​ប្រតិបត្តិ​ បាន​ចេញ​​លិខិត​​កោះប្រជុំ​​រវាង​​ថ្នាក់ដឹកនាំ​​គណបក្ស​​ហ្វ៊ុនស៊ិនប៉ិច​ ខេត្ត​ រាជធានី ​ក្រុង ​ស្រុក ​និង​​ឃុំ​​សង្កាត់​ នៅ​​ថ្ងៃ​ទី៥​មីនា​។ ​ជា​​កិច្ចប្រជុំ​ ក្រោម​​អធិបតីភាព​​សម្តេច​ក្រុមព្រះនរោត្តម​ រណឫទ្ធិ ​ដើម្បី​​ត្រៀម​​ទៅ​​រៀបចំ​​សមាជ ​នៅ​​ថ្ងៃទី​១២​មីនា​។​

លោក​ញឹក ប៊ុនឆៃ​​ អនុ​ប្រធាន​ទី២​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច​
លោក​ញឹក ប៊ុនឆៃ​​ អនុ​ប្រធាន​ទី២​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច​ © ស៊ីវ​ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

គម្រោង​ជំនួប​រវាង​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និង​លោក​ញឹក​ ប៊ុនឆៃ នៅ​ថ្ងៃ​សៅរ៍ ទី២៨កុម្ភៈ ត្រូវបាន​លុបចោល។ កិច្ចប្រជុំ​នោះ ត្រូវបាន​គេ​រំពឹងថា ដើម្បី​សម្របសម្រួល​បញ្ហា​ផ្ទៃក្នុង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច រវាង​លោក​ញឹក ​ប៊ុនឆៃ និង​លោកសាយ ​ហាក់ ប៉ុន្តែ​លោក​ញឹក ​ប៊ុនឆៃ អះអាងថា សម្តេចក្រុមព្រះ បាន​ព្យាយាម​មិន​ជួប​រូបលោក​ឡើយ។

ក្នុងពេល​បញ្ហា​ផ្ទៃក្នុង មិនទាន់​ដោះស្រាយ នៅពេលនេះ លោកសាយ ហាក់ អគ្គលេខាធិការ​ប្រតិបត្តិ ដែល​ទើប​តែងតាំង​ថ្មី បានចេញ​លិខិត កោះប្រជុំ​ថ្នាក់ដឹកនាំ​ហ្វ៊ុនស៊ិនប៉ិច តាម​ខេត្ត រាជធានី ក្រុង ស្រុក ខណ្ឌ និង​ឃុំ​សង្កាត់ នៅ​ថ្ងៃទី៥មីនា។ កិច្ចប្រជុំ ដែល​នឹង​ធ្វើឡើង​ក្រោម​ព្រះអធិបតីភាព​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបាន​គេ​អះអាងថា ដើម្បី​ត្រៀម​ឈានទៅ​ធ្វើ​សមាជ នៅ​ថ្ងៃទី១២មីនា។

សមាជ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នៅ​ថ្ងៃទី១២មីនា ត្រូវបាន​គេ​អះអាងថា ដើម្បី​ប្តូរ​រូប​សញ្ញា​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច រំលាយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ គណៈកម្មាធិការ​នាយក និង​រចនាសម្ព័ន្ធ​ដឹកនាំ​តាម​ខេត្ត​រាជធានី ក្រុង ស្រុក ខណ្ឌ និង​ឃុំ​សង្កាត់ របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច។

ក៏ប៉ុន្តែ​គម្រោង​រៀបចំ​សមាជ ប្តូរ​រូប​សញ្ញា​ហ្វ៊ុនស៊ិនប៉ិច និង​រចនាសម្ព័ន្ធ​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​តាំងពី​ថ្នាក់លើ ដល់​ថ្នាក់មូលដ្ឋាន​ដូច្នេះ ត្រូវបាន​លោកញឹក ប៊ុនឆៃ ប្រកាស​ជាថ្មី នៅ​ថ្ងៃអាទិត្យ ទី១មីនា​ថា លោក​ត្រូវការពារ​ដាច់ខាត​នូវ​រចនាសម្ព័ន្ធ​ហ្វ៊ុនស៊ិនប៉ិច ដែលមាន​ស្រាប់​សព្វថ្ងៃ។ តាម​លោក​ញឹក​ ប៊ុនឆៃ គឺ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ គណៈកម្មាធិការ​នាយក ព្រមទាំង​ថ្នាក់ដឹកនាំ​ហ្វ៊ុនស៊ិនប៉ិច​ខេត្ត​រាជធានី ក្រុង ស្រុក ខណ្ឌ និង​ឃុំ​សង្កាត់ នេះហើយ ដែល​បាន​ព្រមព្រៀង​ឲ្យ​លោក និង​សម្តេចព្រះអនុជ រាជបុត្រី ទូល​យាង​សម្តេចក្រុមព្រះ មក​ធ្វើជា​ប្រធាន ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ឡើងវិញ។

លោកញឹក ប៊ុនឆៃ នៅតែ​ទទូច ឲ្យ​មាន​កិច្ចប្រជុំ​រវាង​ថ្នាក់ដឹកនាំ​កំពូល​ហ្វ៊ុនស៊ិនប៉ិច ពិសេស​រវាង​រូបលោក និង​សម្តេចក្រុមព្រះ ដើម្បី​ដោះស្រាយ​ការមិនចុះសម្រុង​គ្នា​នេះ។ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី១មីនា លោក​សាយ ​ហាក់ អគ្គលេខាធិការ​ប្រតិបត្តិ​ថ្មី មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទេ ដោយ​លោក​អះអាងថា ជាប់រវល់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ