អានតួអត្ថបទ
កម្ពុជា

ក្រសួង​មហាផ្ទៃ​​មិន​ទាន់​មាន​​វិធានការ​​ចំពោះ​​លោក​​អាឡិច​

ថ្ងៃ​ទី២០​ កុម្ភៈ​​នេះ ​ទិដ្ឋាការ​​ស្នាក់នៅ​​កម្ពុជា​​របស់​លោក​Alejandro​ Gonzalez ​Davidson​ ស្ថាបនិក​​ចលនា​​មាតា​​ធម្មជាតិ ​និង​​ជា​​សកម្មជន​​ការពារ​​បរិស្ថាន​​នៅ​​តំបន់​​អា​រ៉ែ​ង​​ក្នុង​​ខេត្ត​កោះកុង​ ត្រូវ​ផុត​កំណត់​។ ​ផុត​កំណត់ ​លោក​អាឡិច​ នឹង​​ក្លាយ​ជា​​ជនបរទេស​​ដែល​​ស្នាក់នៅ​​ខុស​ច្បាប់​​នៅ​ក្នុង​​ប្រទេស​​កម្ពុជា​។ ខុស​ពី​​ការ​ព្រមាន​​របស់​ខ្លួន ​នៅ​ថ្ងៃនេះ​​ក្រសួង​មហាផ្ទៃ​​បាន​អះ​អាង​ថា ​មិន​ទាន់​មាន​​វិធានការ​​ណាមួយ​​ចំពោះ​​លោ​ក​អាឡិច​នោះទេ។​

លោកAlejandro Gonzalez Davidson
លោកAlejandro Gonzalez Davidson @Alejandro Gonzalez Davidson
ផ្សាយពាណិជ្ជកម្ម

ក្រសួងមហាផ្ទៃ​មិនទាន់​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ណាមួយ​ចំពោះ លោកAlejandro Gonzalez Davidsonនោះទេ ។ នេះ​បើតាម​លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​កម្ពុជា ដែល​បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ។ លោក​អាឡិច នឹង​ក្លាយជា​ជនបរទេស​ស្នាក់នៅ​ដោយ​ខុសច្បាប់​នៅក្នុង​ប្រទេស​កម្ពុជា បន្ទាប់ពី​ទិដ្ឋាការ​របស់លោក​ផុតកំណត់​នៅ​ថ្ងៃទី២០ កុម្ភៈ​នេះ។

ការ​មិនទាន់មាន​ចំណាត់ការ​របស់​ក្រសួងមហាផ្ទៃ​នេះ គឺ​ហាក់​ផ្ទុយ​ទៅ​អ្វីដែល​ខ្លួន​បាន​ព្រមាន​ទៅកាន់​លោក​អាឡិចនៅក្នុង​សប្តាហ៍​នេះ​ដែលថា នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ប្រសិនបើ​បុរស​ជនជាតិ​អេ​ស្ប៉ា​ញ​រូបនេះ មិន​ព្រម​ចាក​ចេញពី​ប្រទេស​កម្ពុជា​ឲ្យ​មុន​ថ្ងៃទី២០កុម្ភៈ​ទេនោះ និង​បាន​កើតឡើង​បន្ទាប់ពី​មានការ​ស្នើសុំ​ជាច្រើន​ឲ្យ​ក្រសួងមហាផ្ទៃ​បន្ត​ទិដ្ឋាការ​ដល់​លោក​អាឡិចឡើងវិញ។

គួរ​កត់សម្គាល់ថា ក្រោយពី​ក្រសួងមហាផ្ទៃ បានសម្រេច​មិន​បន្ត​ទិដ្ឋាការ​ដល់​លោក​អាឡិច​កាលពី​សប្តាហ៍​មុន នៅក្នុង​សប្តាហ៍​នេះ ការស្នើសុំ​បន្ត​ទិដ្ឋាការ​ដល់​ជនបរទេស​ម្នាក់នេះ បានកើត​ឡើងជា​បន្តបន្ទាប់។ លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រើ​នាម​ជា​ប្រធាន​ក្រុម​ភាគតិច​នៅក្នុង​រដ្ឋសភា​កាល​ថ្ងៃ​ចន្ទ បាន​សរ​សេរ​លិខិត​មួយច្បាប់​ទៅកាន់​លោ​កស ខេង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ស្នើសុំ​ឲ្យ​បន្ត​ទិដ្ឋាការ​ដល់​លោក​អាឡិច។ ប៉ុន្តែ​ក្រសួងមហាផ្ទៃ មិនបាន​ធ្វើតាម​ការស្នើ​សុំ​របស់លោក​សម រង្ស៊ី​នោះទេ ។

ការណ៍​នេះ​ធ្វើ​ឲ្យលោក​កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​ក្នុងឋានៈ​ជា​អនុប្រធាន​ទី១នៃ​រដ្ឋសភា បាន​ថ្វាយ​លិខិត​ដាច់ដោយឡែក​មួយទៀត​ទៅ​កាន់​ព្រះមហាក្សត្រ​កម្ពុជា ព្រះបាទ នរោត្តម សីហមុនី ដើម្បី​ស្នើសុំ​អន្តរាគមន៍​បន្ត​ទិដ្ឋាការ​ដល់​លោក​អាឡិច។ ហើយ​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន៨៣ អង្គការ និង​ថ្ងៃនេះ​ក្រុមយុវជន​មួយចំនួន នៅតែ​បន្ត​ស្នើ​ដល់​រដ្ឋាភិបាល​កម្ពុជា ជាពិសេស​ក្រសួងមហាផ្ទៃ​បន្ត​ទិដ្ឋាការ​ដល់​លោក​អាឡិចឡើងវិញ។ ក៏មាន​ផងដែរ លិខិត​គាំទ្រ​ឲ្យ​រដ្ឋាភិបាល និង​ក្រសួង​មន​ហា​ផ្ទៃ បណ្តេញ​លោក​អាឡិច ចេញពី​ប្រទេស​កម្ពុជា​ក្នុង​ហេតុផលផ្សេងៗ។

ទាំងនេះហើយ បានធ្វើ​ឲ្យ​ក្រសួងមហាផ្ទៃ អាល់​អែក​ក្នុងការ​ចាត់វិធានការ​លើ​លោក​អាឡិច។ នេះ​បើតាម​លោក​ខៀវ សុភ័គ ។ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​រូបនេះ បាន​គូសបញ្ជាក់ថា បើទោះបី​ពេលនេះ​ក្រសួង​មិនទាន់មាន​ចំណាត់ការ​បែបណាក៏ដោយ ក៏ប៉ុន្តែ​មិនមែន​មានន័យថា ក្រសួង​មិន​ចាត់ការ​នោះឡើយ ។ បើតាម​លោក​ខៀវ សុភ័គ លោក​អាឡិច ត្រូវ​ប្រឈមមុខ​ចំពោះមុខ​ច្បាប់​ដូចជា ការផាកពិន័យ​ជា​ទឹកប្រាក់ និង​ជាប់ពន្ធ​ធានា​គារ​ជាដើម មុននឹង​ត្រូវ​បណ្តេញចេញ ប្រសិនបើ​នៅ​បន្ត​ស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា​ដោយ​មិន​ស្របច្បាប់​តទៅទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ