ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 26/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 26/05 12h00 GMT
កម្ពុជា

អ្នក​កាសែត​កម្ពុជា​ស្នើ​ឲ្យ​សាលា​ដំបូង​ពិចារណា​ទម្លាក់​បទ​ចោទ​លើ​អតីត​អ្នកយក​ព័ត៌មាន RFA

media លោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅ យាង សុជាមេត្តា គឺជាអតីតបុគ្គលិកវិទ្យុអាស៊ីសេរី @សហការី

មួយ​ថ្ងៃ​ក្រោយ​សាលា​ដំបូង​រាជធានីភ្នំពេញ សម្រេច​ចោទ​ប្រកាន់​លើអតីតអ្នកយកព័ត៌​មានវិទ្យុ​អាស៊ី​សេរី (RFA) អ្នក​សារព័ត៌មាន​កម្ពុជា​មក​ពី​គ្រប់​ស្ថាប័ន​បាន​នាំ​សសេរ​លិខិតចំហ​មួយ ទៅ​កាន់​សាលា​ដំបូង​រាជធានី​ពិចារណា​ទម្លាក់បទចោទប្រកាន់លើអតីតអ្នកកាសែត​​ទាំងពីររូប។ អ្នក​កាសែត​ទាំង​ពីរ​រូប ដែល​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពី​បទប្រគល់អោយរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលបង្កអោយមានការអន្តរាយដល់ការការពារ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​រួច​ហើយ​កាល​ពី​យប់​ថ្ងៃ​សៅរ៍ ទី​១៨​វិច្ឆិកា។

តាមរយៈ​លិខិត​ចំហ​ចុះ​ថ្ងៃ​ទី​១៩​ខែ​វិច្ឆិកា ក្រុម​អ្នក​សារព័ត៌បានសម្ដែង​ក្ដី​ព្រួយ​បារម្ភ​អំពី​​ការ​​ចោទ​ប្រកាន់​​ទៅ​លើ​អតីត​អ្នកយក​ព័​ត៌មានវិទ្យុ​អាស៊ីសេរី​ទាំងពីរ គឺ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន ហៅ យាង សុជាមេត្តា ​ទាក់ទង​នឹង​ការ​ផ្ដល់​ព័ត៌មាន​ដែល​នាំ​ឲ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ​។ សម្រាប់​ក្រុម​អ្នក​សារព័ត៌មាន ការ​ចោទ​ប្រកាន់​នេះ មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ ហើយវា​កំពុងតែបង្កភាព​ភ័យ​ខ្លាចដល់អ្នកសារព័ត៌​មានដែល​កំពុង​បំពេញ​​វិជ្ជាជីវៈ ក៏​ដូច​ជា​ធ្វើឲ្យ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជាធ្លាក់ចុះ។នេះបើតាមក្រុមអ្នកសារព័ត៌មានកម្ពុជា។

លិខិត​ចំហ​ដែល​មាន​ស្នាម​មេដៃ​អ្នក​កាសែត​រាប់​សិប​នាក់​មក​ពី​ស្ថាប័ន​ព័ត៌មាន​ចម្រុះ បាន​​លើក​ឡើង​ទៀត​ថា នៅ​ក្នុង​សង្គមប្រជាធិបតេយ្យ សារព័ត៌មាន​បាន​ដើរ​តួនាទីយ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ពិត​ប្រាកដ​ជូន​ដល់​ប្រជាពលរដ្ឋ។ ហើយ​សេរីភាព​សារព័ត៌​មាន​ត្រូវ​បាន​ធានាដោយរដ្ឋធម្មនុញ្ញ​ ដែល​បាន​ចែង​ថា​ ប្រជាពលរដ្ឋ​ខ្មែរ មានសេរីភាព​ខាង​ការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ។ សេរីភាព​នៃ​សារព័ត៌មាន​ក៏​មាន​ចែង​ក្នុង​ច្បាប់​ស្តីពី​របប​សារព័ត៌មានឆ្នាំ​១៩៩៥​ដែរ។

ទន្ទឹម​គ្នា​នេះ ក្រុម​អ្នក​សារព័ត៌មាន​ដដែល យល់​ឃើញ​ទៀត​ថា អ្នក​សារព័ត៌មាន​ខ្មែរ បាន​អនុវត្ត​មាន​មាត្រា​៥​នៃ​ច្បាប់​សារព័ត៌មាន។ មាត្រា​៥​នៃ​ច្បាប់​របប​សារព័ត៌មាន​ដែល​ចែង​ថា សារព័ត៌មាន​មាន​សិទ្ធិ​ទទួល​ព័ត៌មាន​ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​រដ្ឋាភិបាល លើក​លែង​តែ​ព័ត៌មាន​ណា​ដែល​បណ្ដាល​ឲ្យ​មាន​អន្តរាយ​ដល់​សន្តិសុខ​ជាតិ និង​ដល់​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ដទៃ​។​

ជា​ការ​កត់​សម្គាល់ លិខិត​ចំហ​របស់​ក្រុម​អ្នក​សារព័ត៌មាន​នេះ ធ្លាក់​ចុះ​មក​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពីតំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទ​ប្រកាន់​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរីគឺ​ លោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅ យាង សុជាមេត្តា ជា​ផ្លូវ​ការ​ ពី​បទ​ចោទ​លួច​បញ្ចេញ​ព័ត៌មាន​ទៅ​ឲ្យ​បរទេស។ តាម​រយៈ​បទ​ចោទ​នេះ អតីត​អ្នក​កាសែត​ទាំង​ពីរ​រូប អាច​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​៧​ឆ្នាំ រហូត​ទៅ​ដល់​១៥​ឆ្នាំ​ឯ​ណោះ​។

សូម​ជម្រាប​ជូន​ថា លោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅ យាង សុជាមេត្តា ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​មាន​ជ័យ​ឃាត់​ខ្លួន កាលពី​រាត្រី​ថ្ងៃទី ១៤ វិច្ឆិកា នៅ​ក្នុង​បន្ទប់សណ្ឋាគារ​មួយ ស្ថិត​នៅ​ក្បែរ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ក្រុង​ភ្នំពេញ។ ក្រោយ​ការ​សាក​សួរ នៅ​យប់​ថ្ងៃ​ទី​១៨​វិច្ឆិកា ចៅ​ក្រម​ស៊ើប​សួរ​បាន​សម្រេច​បញ្ជូន​អ្នក​ទាំង​ពីរ​ទៅ​ឃុំខ្លួន​ជា​បណ្តោះ​អាសន្ន​ក្នុង​ពន្ធនាគារ​ព្រៃស ដើម្បី​រង់​ចាំ​ការ​សាក​សួរ​បន្ថែម​ទៀត។

លោក កែវ វន្នី មេធាវីការពារក្តីឲ្យអតីត​បុគ្គិល​វិទ្យុ​អាស៊ី​សេរី​ទាំង​ពីរ​រូប បាន​ចាត់​ទុក​ការចោទ​ប្រកាន់​មក​លើ​កូន​ក្តី​ខ្លួន ពី​បទ​លួច​បញ្ចេញ​ព័ត៌មាន​ឲ្យ​ទៅ​បរទេស ថា​មាន​ភាព​អយុត្តិធម៌។ អយុត្តិធម៌ ព្រោះ​ផ្អែក​តាម​ចម្លើយ​សារភាព​របស់​កូន​ក្តី​របស់​លោក​គឺ​មិន​មានធាតុ​ផ្សំ​ណា​មួយ​ស៊ី​សង្វាក់​គ្នា​នឹង​បទ​ចោទ​ប្រកាន់​នេះ​ឡើយ។ តាម​គម្រោង​លោកមេធាវី​នឹង​ពិភាក្សា​ជាមួយ​កូន​ក្ដី​ដើម្បី​ដាក់​ពាក្យ​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​ក្នុង​រយៈ​ពេល​ពីរ​បី​ថ្ងៃ​ខាង​មុខ​ទៀត​។ លោក​មេធាវី​បញ្ជាក់​ថា លោក​នៅ​តែ​មាន​សង្ឃឹម​នៅឡើយ​ចំពោះ​រឿង​ក្តី​នេះ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ