អានតួអត្ថបទ
កម្ពុជា-ច្បាប់

នៅ​កំពង់ឆ្នាំង អាជ្ញាធរ​កំពុង​ស្ដារ​កន្លែង​ចិញ្ចឹម​ត្រី​ឡើង​វិញ ក្រោយ​ជនជាតិ​វៀតណា​ឡើងទៅ​នៅ​លើ​គោក

អាជ្ញាធរ​ខេត្ត​កំពង់​ឆ្នាំង​បាន​អះអាង​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ខ្លួន​កំពុង​អនុវត្ត​ផែន​ការ​ទី២ គឺ​ជួល​ជុល​និង​អភិវឌ្ឍ​កន្លែង​ចិញ្ចឹម​ត្រី ដែល​មាន​ស្រាប់​ជិត​៨០០​កន្លែង ដើម្បី​ឲ្យ​មាន​ស្តង់​ដា​ត្រឹម​ត្រូវ​។ បើ​តាម​អភិបាល​រង​ខេត្តកំពង់​ឆ្នាំង ការ​ងារនេះ ធ្វើ​ឡើង​ក្រោយ​ពេល​អាជ្ញា​ធរ​ផ្លាស់ទី​ជនជាតិ​វៀតណាម​​ដែល​រស់នៅ​ផ្ទះ​បណ្ដែត​ទឹក​ក្នុង​បឹង​ទន្លេ​សាប ឡើង​លើ​គោក​បាន​៩៧​ភាគរយ គិត​មក​ដល់​ថ្ងៃ​នេះ​ ក្នុង​ចំណោម​ជនជាតិ​វៀតណាម​ជាង​​២០០០​គ្រួសារ។

រូបភាព៖ ទិដ្ឋភាព​មួយ​ផ្នែក​នៃ​ផ្ទះ​អណ្ដែត​ទឹ​កនៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង
រូបភាព៖ ទិដ្ឋភាព​មួយ​ផ្នែក​នៃ​ផ្ទះ​អណ្ដែត​ទឹ​កនៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង @កោះសន្តិភាព
ផ្សាយពាណិជ្ជកម្ម

លោក ស៊ុន សុវណ្ណរិទ្ធ អភិបាល​រង​ខេត្ត​កំពង់​ឆ្នាំង​បាន​ថ្លែង​ប្រាប់ វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​សៅរ៍​ទី​២០​តុលានេះ​ថា អាជ្ញាធរ​ខេត្ត​កំពុង​រុះរើ​ជញ្ជាំងនៃ​កន្លែង​ចញ្ចឹម​ត្រី​ជាង​៨០០​កន្លែង​ចេញ ដោយ​ជំនួស​មក​វិញ​នូវ​កន្លែងចិញ្ចឹម​ត្រី​ដែល​មាន​តែ​ដំបូល​និង​បន្ទប់​តូច​មធ្យ​ម​សម្រាប់​ស្តុក​ចំណី​ត្រី។ បន្ទប់​ទឹក ឬ​បង្គន់​ដែល​មាន​នៅ​លើ​ទឹក​ក្នុង​កន្លែង​ចិញ្ចឹម​ត្រី​ចាស់ ក៏​ត្រូវ​រុះ​រើ​ចេញ​ផង​ដែរ​។

បើ​តាម​ការ​ពន្យល់​របស់​លោក​អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង ចំណាត់ការ​របស់​អាជ្ញាធរ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ចាកចេញ​ទៅ​នៅ​លើ​គោក​របស់​ជនជាតិ​វៀតណាម​ជាង​២០០០​គ្រួ​សារ ក្នុង​បំណង​ស្ដារ​បរិស្ថាន​លើ​ផ្ទៃ​បឹង​ទន្លេ​សាប​ឡើង​វិញ​។ លោក​បន្ថែម​ថា ការ​រស់​នៅ​និង​ចញ្ចឹម​ត្រី​បែប​អាណាធិបតេយ្យ​របស់​ជនជាតិ​វៀតណាម​នា​ពេល​កន្លង​មក បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​និង​ជីវៈចម្រុះ​នៅ​បឹង​ទន្លេ​សាប​យ៉ាង​ដំណំ​។

ក្រោយ​ជួស​ជុល និង​បន្ថែម​គុណភាព​បែល​ត្រី​ដែល​មាន​ស្រាប់ អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​នឹង​ផ្ដល់​សិទ្ធិ​ទៅ​ជនជាតិ​វៀត​ណាម​ដែល​ជា​ម្ចាស់​កន្លែង​ចិញ្ចឹម​ត្រី​ជា​អ្នក​ទទួល​ខុស​ត្រូវ​និង​ថែ​ទាំ​កន្លែង​ទាំង​នោះ​ដោយ​ខ្លួន​ឯង ក្រោម​កិច្ច​សហការ​ពី​អាជ្ញាធរ​។ ការ​ចិញ្ចឹម​ត្រីតាម​បែប​ស្តង់ដារ​នៅ​លើ​បឹង​ទន្លេ​សាប​នា​ពេល​ខាង​មុខ នឹង​ផ្ដោត​លើ​ប្រភេទ​ត្រី​ជា​ច្រើន ដើម្បី​បម្រើ​ដល់​ការ​នាំ​ចេញ​ទៅ​ប្រទេស​ក្បែរ​ខាង​កម្ពុជា។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ការ​ចិញ្ចឹម​ត្រី នៅ​ក្នុង​គោលដៅចំនួន៦ក្នុង​ខេត្ត​កំពង់ឆ្នាំ រួមមាន៖ ឃុំ​ឆ្នុកទ្រូ ឃុំ​កំពង់ប្រាសាទ ស្រុក​កំពង់​លែង និង​ក្រុង​កំពង់​ឆ្នាំង កំពុង​តែ​ប្រឈម​មុខ​នឹង​ឧបសគ្គ។ ឧបសគ្គ​គឺ​ស្ថានភាពទឹករាក់ដែល​កំពុងកើតមាននៅក្រុងកំពង់ឆ្នាំង ហើយ​វា​អាច​​ប៉ះពាល់ដល់ការចិញ្ចឹមត្រី។ អាជ្ញាធរ​បាន​ពិចារណា​បង្វែរ​កន្លែង​ចិញ្ចឹម​ត្រី ទៅ​តំបន់​ទឹក​ជ្រៅ​ដែរ ប៉ុន្តែ​វា​ឆ្ងាយ​ពី​កន្លែង​រស់​នៅ​របស់​ពលរដ្ឋ។ យ៉ាង​ណា​ក៏​ដោយ អាជ្ញាធរ​អះ​អាង​ថា ខ្លួន​កំពុង​តែ​ស្វែង​រក​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​នេះ​ហើយ​។ នេះ​បើ​តាម​លោក ស៊ុន សុវណ្ណរិទ្ធ អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង។

ក្រៅ​ពី​គិត​គូរ​កែ​ច្នៃ​កន្លែង​ចិញ្ចឹម​ត្រី​ឲ្យ​ស្រប​ទៅ​តាម​លក្ខណៈ​ស្តង់​ដា​ហើយ អាជ្ញាធរ​ក៏​​កំពុង​សហការ​រៀប​ចំ​រចនា​សម្ព័ន្ធ​​បណ្ដើរៗ​ជា​មួយសមាគម​វៀតណាម​នៅ​កម្ពុជា​ នៅ​កន្លែ​ង​រស់​នៅ​ថ្មី​របស់​ពលរដ្ឋ ដោយក្នុង​នោះ​រួម​​មាន៖ សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធទឹកស្អាត បណ្ដាញអគ្គិសនី និងផ្លូវថ្នល់ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ