មេធាវីបន្តប្ដឹងទៅឧទ្ធរណ៍សុំឲ្យលោក កឹម សុខា នៅក្រៅឃុំទាំងគ្មានសង្ឃឹម
បន្ទាប់ពីត្រូវបានសាលាដំបូងរាជធានីភ្នំពេញច្រានចោលពាក្យបណ្ដឹងសុំឲ្យលោក កឹម សុខា បាននៅក្រៅឃុំ ក្រុមមេធាវីការពារក្ដីឲ្យ លោក កឹម សុខា កាលពីថ្ងៃទី១៨ខែមករា ម្សិលមិញបានដាក់ពាក្យប្ដឹងទៅកាន់សាលាឧទ្ធរណ៍ជាបន្ត ។ ចំពោះក្រុមមេធាវីគ្មានសង្ឃឹមថា នឹងទទួលបានដំណោះស្រាយដែលឈានទៅដល់ការដោះលែងលោក កឹម សុខា បាននៅក្រៅឃុំនោះទេ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
គ្មានសង្ឃឹមក៏ព្រោះតែរឿងក្ដី លោក កឹម សុខា ជាសំណុំរឿងនយោបាយដែលចាំបាច់ត្រូវតែយករឿងនយោបាយមកដោះស្រាយទើបអាចមានសង្ឃឹមឈានដល់ការដោះលែងលោក កឹម សុខា បាននៅក្រៅឃុំ។ នេះគឺជាការអះអាងរបស់លោក ហែម សុជាតិ ជាមេធាវីម្នាក់ក្នុងចំណោមមេធាវីការពារក្ដីលោក កឹម សុខា ឯទៀត។ លោក ហែម សុជាតិ អះអាងទៀតថា ត្បិតតែគ្មានសង្ឃឹម នឹងទទួលបានដំណោះស្រាយ តែអ្វីដែលក្រុមមេធាវីកំពុងធ្វើគឺបំពេញទៅតាមនីតិវិធីតាមផ្លូវច្បាប់តែប៉ុណ្ណោះ។
សូមបញ្ជាក់ថាពាក្យបណ្ដឹងដាក់ទៅឧទ្ធរណ៍នេះ ធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានច្រានចោលបំណងសុំឲ្យលោក កឹម សុខា បាននៅក្រៅឃុំក្រោមហេតុផលថា ការឃុំខ្លួនលោក កឹម សុខា អនុវត្តទៅតាមច្បាប់។ នេះមិនមែនជារឿងថ្មីទេសម្រាប់ក្រុមមេធាវី ដែលត្រូវបានស្ថាប័នអនុវត្តច្បាប់គ្រប់ជាន់ថ្នាក់ច្រានចោលពាក្យបណ្ដឹងនានាពាក់ព័ន្ធនឹងលោក កឹម សុខា នោះ។ គេនៅចាំបានថា ពាក្យបណ្ដឹងសុំឲ្យតុលាការទម្លាក់ចោលបទចោទប្រកាន់ពីទោសក្បត់ជាតិ ត្រូវបានតុលាការច្រានចោលជាបន្តបន្ទាប់រួចហើយដែរ។
បើតាមមេធាវី ស្ថានភាពសុខភាពលោក កឹម សុខា ជួបបញ្ហាខ្លះស្របពេលដែលសេរីភាពខាងក្រៅពន្ធនាគារវិញ លោក កឹម សុខា រងការឃ្លាំមើលគ្រប់ជំហាន។ គួរមរម្លឹកថា លោក កឹម សុខា ត្រូវបានតុលាការឃុំខ្លួនបណ្ដោះអាសន្នកាលពី ខែកញ្ញាឆ្នាំ២០១៧ដោយចោទប្រកាន់ពីបទល្មើសក្បត់ជាតិ ដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី១៥ទៅ៣០ឆ្នាំ។ លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចូលទៅចាប់ខ្លួននៅរំលងអធ្រាត្របន្ទាប់ពីមានការបែកធ្លាយវិដេអូមួយដែលរដ្ឋាភិបាលយល់ថា លោកទទួលបានការបណ្ដុះបណ្ដាលពីសហរដ្ឋអាមេរិកដើម្បីផ្ដួលរំលំរដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ។ ជុំវិញសំណុំរឿងលោក កឹម សុខា នេះទើបឈានដល់ការរំលាយគណបក្សសង្គ្រោះជាតិ ហើយជាមូលហេតុនាំឲ្យមានការមើលមុខគ្នាមិនត្រង់រវាងរដ្ឋាភិបាល និងសហគមន៍អន្តរជាតិ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ