ការរៀបចំបាតុកម្មដែលត្រូវបានគេហៅ«មហាបាតុកម្មភ្លើងទៀន»ជាលើកទី២នៅលើទឹកដីកូរ៉េដែលស្ថិតក្នុងទ្វីបអាស៊ីមួយនេះ គឺជាការរៀបចំដោយចលនាយុវជនខ្មែរនៅប្រទេសកូរ៉េខាងត្បូង សហការជាមួយអង្គការប្រជាធិបតេយ្យអាស៊ី និងវេទិកាសិទ្ធិមនុស្សកូរ៉េ។ ជាវេទិកាសាធារណៈក្រោមប្រធានបទ«ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសន្តិភាព»។ ក្រៅពីវេទិកានេះ ពលករខ្មែរនៅកូរ៉េខាងត្បូងក៏ធ្វើបាតុកម្មភ្លើងទៀនដើម្បីទាមទារការស្តាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលកម្មវិធីទាំងនេះគឺធ្វើឡើងពីថ្ងៃទី១៩ដល់ថ្ងៃទី២១ខែមេសានៅទីក្រុងខ្វាងជូ។ នេះបើតាមការអះអាងរបស់ លោក យឹម ស៊ីណន ប្រធានចលនាយុវជនខ្មែរនៅកូរ៉េខាងត្បូង។
លោក យឹម ស៊ីណន បានថ្លែងថា បាតុកម្មភ្លើងទៀនជាលើកទី២លើទឹកដីកូរ៉េខាងត្បូងនៅពេលនេះ គឺដើម្បីរំដោះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលលោកចាត់ទុកថាកំពុងស្ថិតក្នុងការគ្រប់គ្រង«បែបផ្តាច់ការ»។
យ៉ាងណាក៏ដោយ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចបានចំអកថាជា«មហាបាតុកម្មដែលមានមនុស្សចូលរួមតិចតួច?»។ បើតាមអ្នកនាំពាក្យដដែល ការធ្វើបាតុកម្មនោះ គឺគ្មានអ្វីក្រៅតែពីទៅជួបជុំគ្នាជេរប្រមាថ បរិហាកេរ្ត៏ សំអុយជាតិសាសន៍ខ្មែរឯងតែមួយមុខប៉ុណ្ណោះទេ។
លោក សុខ ឥសាន ព្រមានផងដែរថា «គង់មានថ្ងៃណាមួយពួកទាំងនេះនឹងឈប់បានទទួលទិដ្ឋាការឲ្យនៅធ្វើការនៅប្រទេសកូរ៉េទៀតឡើយ។
សូមរំឭកថា កាលពីយប់ថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៨ ពោលមុនមួយថ្ងៃនៃការបោះឆ្នោតនៅកម្ពុជា ប្រជាជនខ្មែររាប់ពាន់នាក់ បានធ្វើបាតុកម្មភ្លើងទៀនម្តងដែរនៅលើទឹកដីកូរ៉េខាងត្បូង ដើម្បីប្រឆាំងការបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៦ ដែលមិនមានវត្តមានអតីតគណបក្សប្រឆាំងធំជាងគេចូលរួម៕