អានតួអត្ថបទ
កម្ពជា

លោក​គីម សុខ​ ញ៉ុ​ក​​ក្រដាស​​ចូល​​ត្រចៀក​​មិន​​ស្ដាប់​​និង​​មិន​​និយាយ​​ក្នុង​ពេល​​សវនាការ​​កាត់​ទោស​​ខ្លួន​

តុលាការក្រុង​ភ្នំពេញ​នៅ​រសៀល​នេះ បាន​បើកសវនាការ​លើ​សំណុំរឿង​លោក​គីម សុខ អ្នកឃ្លាំមើល​បញ្ហា​សង្គម​និង​នយោបាយ​ដែល​ចោទ​បក្ស​ប្រជាជន​ថា ជាប់​ព័ន្ធ​នឹង​ឃាតកម្ម​លោក​កែម ឡី។ មុន​សវនាការ​លើ​អង្គសេចក្តី តុលាការ​បាន​ជំនុំជម្រះ​លើ​សំណើសុំ​កោះហៅ​ដើមបណ្តឹង​មក​តទល់​គ្នា​ក្នុង​តុលាការ។ ការជំនុំជម្រះ​នេះ មាន​ភាព​តានតឹង​យ៉ាងខ្លាំង​ដោយ​តុលាការ​ច្រានចោល​សំណើ​នេះ។ ចូលដល់​សវនាការ​លើ​អង្គសេចក្តី លោក​គីម សុខ​បាន​យក​ក្រដាស​ញ៉ុ​ក​ត្រចៀក​មិន​ស្ដាប់​តែម្តង។ យ៉ាងណាក៏ដោយ តុលាការ​សម្រេច​ថា នឹង​ប្រកាស​សាលក្រម​នៅ​រសៀល​ថ្ងៃទី១០ ខែសីហា​ខាងមុខ។

អ្នក​វិភាគ​សង្គម​និង​នយោបាយ លោក គឹម សុខ
អ្នក​វិភាគ​សង្គម​និង​នយោបាយ លោក គឹម សុខ
ផ្សាយពាណិជ្ជកម្ម

សវនាការ​លើ​សំណុំរឿង​លោក​គីម សុខ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ បានធ្វើ​ឡើងជា​ពីរ​ដំណាក់កាល។ ទីមួយ គឺ​ជំនុំជម្រះ​លើ​សេចក្តីស្នើសុំ​កោះហៅ​ដើមបណ្តឹង​គឺ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន មក​សួរ​តទល់​គ្នា​នៅក្នុង​តុលាការ។ គឺ​សវនាការ​រយៈពេល​ប្រមាណ​ជា៣០នាទី​នេះហើយ ដែល​មានការ​តតាំង​គ្នា​យ៉ាង​តានតឹង​រវាង​លោក​កឹម សុខ មេធាវី​របស់លោក ជាមួយនឹង​មេធាវី​លោក​ហ៊ុន សែន តំណាង​អយ្យការ និង​ចៅក្រម។

លោក​ជូ​ង ជួ​ងី មេធាវី​លោក​គីម សុខ បាន​លើក​សំអាង​ហេតុ​នៃ​ការចង់​ឲ្យ​ដើមបណ្តឹង​មក​តទល់​គ្នា​ក្នុងពេល​សវនាការ​ថា គឺ​ដើម្បី​បញ្ជាក់​ពី​ភាពស្មើគ្នា​នៅ​ចំពោះមុខ​ច្បាប់។ ម្យ៉ាងទៀត ជា​ប្រយោជន៍​ដល់​ការបកស្រាយ​ច្បាប់ និង​ការ​កាត់សេចក្តី​ដោយ​យុត្តិធម៌។ ចំណែក​លោក​គីម សុខ ខ្លួនឯង​វិញ​ក្នុង​សម្លៀកបំពាក់​អ្នកទោស​ពណ៌​ស្លា​ទុំ ក៏បាន​សង្កត់ធ្ងន់ថា ហេតុផល​សំខាន់​នៃ​សំណើ​នេះ គឺ​ដើម្បី​យុត្តិធម៌ និង​ស្មើភាព​គ្នា។ លោក​ថា ត្រឹម​លោក​មេធាវី​គី តិច មិនអាច​ដឹង​រឿង និង​ឆ្លើយ​ជំនួស​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ទាំងអស់​ទេ។
 

លោក​មេធាវី​គី តិច បាន​តប​ទៅវិញ​ថា លោក​ទទួល​សិទ្ធិ​ពី​លោក​ហ៊ុន សែន​នៅក្នុង​រឿងក្តី​នេះ ដូច្នេះ​បើតាម​ច្បាប់​គឺ​លោក​ហ្នឹងហើយ គឺជា​ដើមបណ្តឹង​នោះ មិនចាំបាច់​មានការ​វត្តមាន​លោក​ហ៊ុន សែន​ឡើយ។ លោក​គី តិច បន្ថែមទៀតថា សូម​ឲ្យ​លោក​គីម សុខ តទល់​ឲ្យ​ឈ្នះ​លោក​ទៅ ព្រោះថា បើ​ឈ្នះ​លោក​នឹងមាន​ផល​ល្អ​សម្រាប់​លោក​គីម សុខ​ក្នុង​រឿងក្តី​នេះ។ សម្រាប់​លោក​ជួង ជូ​ងី​វិញ បើទោះបី​លោក​ហ៊ុន សែន ផ្តល់​សិទ្ធិ​ដល់​មេធាវី​ក្តី តែ​នៅតែ​អាចមក​តទល់​គ្នា​ក្នុង​តុលាការ​បាន​ដដែល​ដើម្បី​ជាការ​ស្មើភាព​គ្នា។ គឺ​នៅត្រង់ចំណុច​នេះ លោក​គី តិច បាន​ចោទ​សួរថា ភាពស្មើគ្នា​ទាល់តែ​ជនរងគ្រោះ​មកឈ​ក្នុង​ក្រចកសេះ​ដូច​ជនល្មើស​ឫ។ លោក​ថា មិនអាច​ស្មើគ្នា​របៀបនេះ​បានឡើយ។

ជាការ​កត់សម្គាល់ លោក​គីម សុខ មិនត្រូវ​បានអនុញ្ញាត​ឲ្យ​និយាយ​បកស្រាយ​អី​ច្រើន​ទេ ខណៈ​លោក​នៅតែ​ចចេស​ចង់​និយាយ និង​លើកដៃ​ចង់​និយាយ​ជាច្រើន​ដង​ក្តី។ នេះ​ធ្វើ​ឲ្យ​មានការ​ប្រឈមមុខ​ដាក់​គ្នា​ជាមួយ​លោក​ចៅក្រម​គី ឫទ្ធី ដែល​តែងតែ​បញ្ជា​ឲ្យ​លោក​គីម សុខ​ឈប់​និយាយ​និង​អង្គុយ​ចុះ​ជាច្រើន​សារ។ ទង្វើ​នេះ ធ្វើ​ឲ្យ​លោក​គី តិច​ចោទ​លោក​គីម សុខ​ថា មាន​ចរិត​ច្រងាង​ច្រងាង​ក្នុង​ចេតនា​ចង់​ឈ្លោះ​ជាមួយ​ចៅក្រម។ ចុងបញ្ចប់​នៃ​សវនាការ​នេះ លោក​ចៅក្រម​បានសម្រេច​បដិសេធ​សំណើ​របស់លោក​គីម សុខ។

មុន​ចូល​សវនាការ​ដំណាក់កាល​ទី២ លោក​គីម សុខ ដែល​ត្រូវបាន​កម្រិត​ក្នុងការ​និយាយស្តី​មិន​សប្បាយចិត្ត​ទេ​ហើយ​លោក​បានទាមទារ​ឲ្យ​ចៅក្រម​ចេញ​សាលក្រម​ជា​សាធារណៈ​អំពី​ការសម្រេច​នេះ បើ​មិន​ដូច្នេះ​ទេ លោក​មិន​ចូលរួម​បន្ត​សវនាការ​ឡើយ។ បន្ថែម​លើ​នេះ លោក​គីម សុខ ក៏បាន​ទាមទារ​សុំ​ផ្លាស់ប្តូរ​ចៅក្រម​ដែល​កំពុង​អង្គុយ​កាត់សេចក្តី​នេះ​ទៀតផង។

ដោយ​ស្ដាប់​តែ​ហេតុផល​របស់លោក​មេធា​វី​គី តិច និង​លោក​ព្រះ​អាជ្ញា​រង​សៀង សុខ លោក​ចៅក្រម​មិន​ទទួលយក​ការទាមទារ​នេះ​ទេ។ លោក​ចៅក្រម​សម្រេច​នេះ ដោយ​មិនបាន​ស្ដាប់​ហេតុផល​ពី​លោក​មេធាវី​ជួង ជូ​ងី​នោះឡើយ។ នេះ​ធ្វើ​ឲ្យ​លោក​ជួង ជូ​ងី មិន​ពេញចិត្ត​ហើយ​ក្រោក​ដើរចេញ​តែម្តង​ដោយ​ប្រាប់​ទៅ​ចៅក្រម​ថា លោក​មិនអាច​នៅ​បន្ត​ចូលរួម​ក្នុង​សវនាការ​ដែល​លោក​ហៅថា “ឡប់ឡែ”នេះ​បានទេ។ ចំណែក​លោក​គីម សុខ វិញ នៅតែ​ព្យាយាម​ទាមទារ​មិន​ចូលរួម និង​សុំ​ឲ្យ​នាំ​លោក​ទៅ​ពន្ធនាគារ​វិញ។ ប៉ុន្តែ​ការព្យាយាម​នេះ​គ្មាន​ន័យ​ឡើយ​គឺ​លោក​ចៅក្រម​បាន​បញ្ជា​ឲ្យ​លោក​នៅ​បន្ត​អង្គុយ​ក្នុង​សវនាការ​ដោយមាន​ប៉ូលីស​ពីរ​នាក់​ផង​អម​សងខាង។

ដោយ​គ្មាន​ជម្រើស លោក​គីម សុខ បាន​បង្ខំចិត្ត​អង្គុយ​ទាំង​ធុញថប់ និង​បាន​ហែកក្រដាស​ញ៉ុ​ក​ចូល​ត្រចៀក​ទាំងពីរ​ផង​ព្រោះ​មិន​ចង់​ស្ដាប់ និង​មិន​ព្រម​និយាយ​អ្វី​ទាំងអស់។ ទោះជា​បែបនេះ​ក្តី សវនាការ​នៅតែ​បន្ត​ទៅមុខ​ដដែល​ដោយ​មានតែ​ចៅក្រម​ម្នាក់ តំណាង​អយ្យការ​ម្នាក់ និង​មេធាវី​ដើមបណ្តឹង​ម្នាក់។ បន្ទាប់ពី​ចំណាយពេល​ប្រមាណ​ជា​ជិត​មួយ​ម៉ោង លោក​ចៅក្រម​គី ឫទ្ធី បានប្រកាសថា សាលក្រម​កាត់​លោក​គីម សុខ នឹង​ប្រកាស​នៅ​រសៀល​ម៉ោង២ និង៣០នាទី ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១។ រីឯ​លោក​គីម សុខ វិញ ពេល​កំពុង​ត្រូវបាន​អនុរក្ស​ពន្ធនាគារ​នាំ​ចេញពី​តុលាការ បាន​និយាយឮៗដោយ​ហៅ​សវនាការ​ពេលនេះ​ថា ជា​សវនាការ​សិប្ប​និមិត្ត ធ្វើឡើង​ដើម្បី​ផ្គាប់ចិត្ត​លោក​ហ៊ុន សែន តែប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ