ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/05 12h00 GMT
កម្ពុជា

ករណី​សង្ស័យ​ពុល​ទឹក​ព្រែក​នៅ​ក្រចេះ​៖ អ្នក​ស្លាប់​កើន​ឡើង​១០​នាក់

media រូបភាព​តំណាង៖ពលរដ្ឋ​មួយ​ចំនួន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ក្រចេះ​បន្ទាប់​ពី​សង្ស័យថា ពុល​ទឹក​ព្រែក @ ទាញចេញពីហ្វេសបុក វ៉ាន់ សារ៉ាយ

ចំនួន​អ្នក​ស្លាប់​ដោយ​សង្ស័យ​ថា​ពុល​ទឹក​ព្រែក​នៅ​ខេត្តក្រ​ចេះ បាន​កើន​ឡើង​ដល់​១០​នាក់​​ហើយ​គិត​ត្រឹម​ថ្ងៃ​អាទិត្យ​នេះ​ ខណៈ​ចំនួនអ្នក​ដែល​ធ្លាក់​ខ្លួន​ឈឺ​កើន​ឡើង​ដល់​ជាង​១០០​នាក់​។ ពលរដ្ឋ​ទាំង​ជាង​១០០​នាក់​ដែល​ធ្លាក់​ខ្លួន​ឈឺ កំពុង​តែ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត ក្រោម​ការ​ព្យាបាល​ពី​ក្រុម​គ្រូពេទ្យ​របស់​ក្រសួង​សុខាភិបាល ដែល​អញ្ជើញ​ទៅ​ពី​ទីក្រុង​ភ្នំពេញ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អភិបាល​ខេត្ត​ក្រចេះ​លោក វ៉ា ថន​។

ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​ថ្ងៃ​អាទិត្យ​នេះ លោក​អភិបាល​ខេត្ត​ក្រចេះ​បាន​គូស​បញ្ជា​ក់​ថា អាជ្ញាធរ​នៅ​មិន​ទាន់​សន្និដ្ឋាន​ឲ្យ​បាន​ជាក់​ច្បាស់​ពី​ដើម​ចម​ដែល​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​ធ្លាក់​ខ្លួន​ឈឺ​និង​ស្លាប់​ក្នុង​បរិមាណ​ច្រើន​ដូច្នេះ​នៅ​ឡើយ ដោយ​សារ​តែ​សម​ត្ថ​កិច្ច​ជំនាញ​នៃ​ក្រសួង​សុខាភិបាល​នៅ​មិន​ទាន់​បង្ហាញ​លទ្ធផល​នៃ​ការ​ពិសោធ​ផ្លូវការ។ ប៉ុន្តែភ្លាមៗ​ក្រោយ​កើត​មាន​ហេតុការណ៍​នេះ អាជ្ញាធរ​បាន​ប្រាប់​ឲ្យ​ពលរដ្ឋ​ឈប់​ប្រើ​ប្រាស់ទឹក​នេះ​ជា​បណ្ដោះ​អាសន្ន ដោយ​មិន​ត្រូវ​ងូត បោកគក់ លាងដៃ និង​បរិភោគ​ឡើយ។ ហើយ​ពលរដ្ឋ​ត្រូវ​ប្រើ​ប្រាស់​ជំនួស​មក​វិញ​នូវ​ទឹក​ដែល​ផ្ដល់​ជូន​ដោយ​អាជ្ញាធរ​ខេត្ត។ នេះលោក វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ។

សូមបញ្ជាក់ថា ហេតុការណ៍​ពុល​ទឹក​ព្រែក​នេះ បាន​កើត​ឡើង​នៅ​ក្នុង​ភូមិ​ស្រែនន ឃុំ​កន្ទួត ខេត្តក្រចេះ។ បើ​តាម​អភិបាលខេត្ត ក្នុង​ចំណោម​គ្រួសារ​សរុប​នៅ​ភូមិ​ស្រែ​នន មាន​ពលរដ្ឋ​ជាង​១០០​គ្រួសារ​កំពុង​ធ្លាក់​ខ្លួន​ឈឺ លើក​លែង​តែ​១០​គ្រួសារ​ប៉ុណ្ណោះ។ អាជ្ញាធរ​បាន​សន្និដ្ឋាន​ជំហាន​ដំបូង​ថា បញ្ហា​អាច​មក​ពី​ពលរដ្ឋ យក​ទឹក​ព្រែក​មក​ប្រើប្រាស់​ដោយ​មិន​បាន​ឆ្លង​កាត់​ប្រព័ន្ធ​ចម្រោះ​ឡើយ ដោយ​គ្រាន់​តែ​កូរ​សាជូរ រួច​យក​មកប្រើ​ប្រាស់​តែ​ម្ដង។

បើ​តាម​ការ​សង្ស័យ​របស់​អាជ្ញាធរ សារធាតុ​ពុល​ដែល​មាន​នៅ​ក្នុង​ទឹក​ព្រែក​ដែល​ហូរចេញ​ពី​ខេត្តមណ្ឌលគិរី កាត់​តាម​ខេត្ត​ក្រចេះ អាច​មាន​សារធាតុ​ពុល​ខ្លាំង​បើ​ទោះ​បីជាពលរដ្ឋ​យ​ក​ទឹក​នោះ​មក​ដាំ​ឲ្យ​ពុះ​ខ្លាំង​នៅ​ក្នុង​កម្រិត​ណា​ក៏​ដោយ ក៏​នៅ​តែ​អាច​ពុល​ដដែល​។

ក្រៅ​ពី​ដាក់​ការ​សង្ស័យទៅ​លើ​​ទឹក​ព្រែក អាជ្ញាធរ​ក៏​មិន​បោះ​ចោល​ទាំង​ស្រុង​ដែរ ការ​សង្ស័​យ​ថា​ជា​ករណី​ពុល​ស្រា​។ ក្រសួង​សុខាភិបាល​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ប្រាប់​ទៅពលរដ្ឋ ឲ្យ​បញ្ឈប់​ការ​លក់​និង​ផលិត​ស្រា រួម​នឹង​ការ​ទទទួល​ទាន​ស្រា​ជា​បណ្ដោះ​អាសន្ន។ ព្រោះ​ថា​ ស្រា​អាច​ជា​ចំណែក​មួយ​រួម​ផ្សំ​ដែរ។ ក្នុង​នោះ​ក្រសួង​សុខាភិបាល​បានដាក់​រថយន្ត​ស​ង្គ្រោះ​បន្ទាន់​ឲ្យ​ប្រចាំការ​នៅ​កន្លែង​កើត​ហេតុ​តែ​ម្ដង ដើម្បី​អន្តរាគមន៍​ទាន់​ពេល​វេលា​ក្នុង​ករណី​ពលរដ្ឋ​មាន​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក លី សុវណ្ណ អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិ​បាល៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ