ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 09/12 12h00 GMT
កម្ពុជា

សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ត្រៀម​បញ្ជូន​ជន​សង្ស័យ៦នាក់​ទៅ​តុលាការ ក្រោយ​គប់​ដំថ្ម​លើ​សមត្ថកិច្ច

media  
រូបភាព៖ សកម្មភាពនៃការបិទផ្លូវនៅព្រះសីហនុ ក្នុងថ្ងៃទី១៩ ខែមេសាឆ្នាំ២០១៩ @FN

លោកឧត្តម​សេនីយ៍ទោ ជួន ណារិន ស្នងការ​នគរបាល​ខេត្តព្រះសីហនុ បាន​អះអាង​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា មិន​ឲ្យ​លើស​ពី​៤៨ឡើយ សំណុំ​រឿង​ជន​សង្ស័យ​៦នាក់ ដែល​គប់​ដំថ្ម​លើ​កម្លាំង​សមត្ថកិច្ច នឹង​ទៅ​ដល់​ដៃ​តុលាការ។ ក្រៅ​ពី​ជន​សង្ស័យ​៦នាក់នេះ ពលរដ្ឋ​២នាក់​ទៀត​ដែល​​ដឹក​នាំការ​បិទ​កំណាត់​ផ្លូវ​ជាតិ​លេខ៤ ក៏​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ក្នុង​ពេល​តែ​មួយ​ដែរ។

 

លោកឧត្តម​សេនីយ៍ទោ ជួន ណារិន ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​គូស​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិRFI នៅថ្ងៃ​សៅរ៍​នេះ​ថា មុន​បញ្ជូន​ជន​សង្ស័យ​៦នាក់ និង​ពល​រដ្ឋ​​២​នាក់​ទៀត​ដែល​ដឹក​នាំ​ការ​បិទ​ផ្លូវ​ទៅ​តុលាការ សមត្ថកិច្ច​កំពុង​តែពិនិត្យ​លើ​សំណុំ​រឿង​ពួក​គេ​ថា តើ​ត្រូវ​ទទួល​បាន​ចោទ​ប្រកាន់​កម្រិត​ណា។ ការ​ចោទ​ប្រកាន់​នេះ​ស្ថិត នៅ​ក្នុង​សំណុំ​រឿងគប់​ដំថ្ម​ទៅ​កម្លាំង​សមត្ថកិច្ច​៦នាក់ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ស្រាល នៅ​ក្នុង​ហេតុការណ៍​បិទ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤ ក្នុងឃុំ​បិត​ត្រាំង​ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ចំនួន​ពីរ​ថ្ងៃ​ជាប់ៗ​គ្នា។

នៅ​ក្នុង​សំណុំ​រឿង​នេះ លោក អំ សំអាត មន្ត្រី​ផ្នែក​ស៊ើបអង្កេត​នៃ​អង្គការ​លីកាដូ បាន​សម្ដែង​​ពី​ការ​មិនគាំទ្រ​លើ​ការប្រើហិង្សា​ពី​ភាគី​ណាមួយ​ឡើយ មិនថា​ហិង្សា​នោះ​ផ្ដើម​ចេញ​ពី​ពលរដ្ឋ​ឬ​ក៏​សមត្ថកិច្ច​នោះ​ទេ។ ដូច្នេះ​ហើយ លោក​ស្នើ​ឲ្យ​ភាគីទាំង​ពីរ វិល​រក​តុ​ចរចា ដោះ​ស្រាយ​បញ្ហា​ដីធ្លី​ក្នុង​ខេត្ត​ព្រះសីហនុ​នេះ ដោយ​សន្តិវិធី​វិញ បើ​មិន​ដូច្នោះ​ទេ សំណុំ​រឿង​ដីធ្លី​នៅខេត្ត​ព្រះសីហនុ​នឹង​កើត​មាន​ជា​ថ្មី​ទៀត។

សូមជម្រាបជូនថា ប្រជាពលរដ្ឋ​ជាង​១០០នាក់ នៅ​ព្រឹក​ថ្ងៃ​ទី១៩ ខែមេសា បាន​នាំ​គ្នា​តវ៉ា​សាជា​ថ្មី ដោយ​យក​ដំ​ថ្ម​ធំៗ​និងមែក​ឈើ​ទៅ​ដាក់​បិទ​ផ្លូវ​ជាតិ​លេខ៤ នៅ​ឃុំ​បិត​ត្រាំង ស្រុក​​ព្រៃនប់ ខេត្តព្រះសីហនុ បណ្តាល​ឲ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍។ មូលហេតុ​ដែល​ពលរដ្ឋ​នាំ​គ្នា​បិទ​ផ្លូវជាតិ​លេខ៤ ដោយ​សារ​ខឹង​អាជ្ញា​ធរ​ចុះ​ទៅ​រុះ​រើ​ខ្ទម និង​សំណង់​របស់​ពួក​គាត់ ជាង​៦០០​ខ្នង នៅ​ឃុំ​បិត​ត្រាំង។ ជា​សំណង់​ដែល​អាជ្ញាធរ​អះអាង​ថា សង់​លើ​ដី​មាន​ម្ចាស់​កម្មសិទ្ធិ​ពិត​ប្រាកដ​។

លោក អំ សំអាត បាន​រិះ​គន់​អាជ្ញាធរ​ថា នៅ​ពេល​ដែល​ពលរដ្ឋ​សាង​សង​ខ្ទម ឬ​សំ​ណង់​​នានា ហេតុ​អ្វី​អាជ្ញាធរ​មិន​ចុះ​ធ្វើ​ការហាម​ឃាត់​ភ្លាមៗ។ ចំពោះ​អ្នក​ជំនាញ​ផ្នែក​អចលន​ទ្រព្យ​និយាយ​ថា ទំនាស់​ដីធ្លី​ដែល​កើត​មាន​នៅ​ក្នុង​ខេត្តព្រះសីហនុ​ឬ​ក៏ការ​ចុះ​ទៅ​កាន់​កាប់​​ដោយ​ចិត្ត​ឯង​ពី​សំណាក់​ពលរដ្ឋ​មួយ​ចំនួន​នោះ​ក៏​ដោយ​សារ​តែ​ដី​នៅ​តំបន់​នោះ​កំពុង​តែ​ឡើង​ថ្លៃ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ