សំណុំរឿងបាញ់សម្លាប់អ្នកការពារព្រៃឈើ នឹងត្រូវបញ្ជូនឡើងតុលាការនៅថ្ងៃស្អែក
តាមគម្រោង សំណុំរឿងបាញ់សម្លាប់អ្នកការពារព្រៃឈើចំនួន៣នាក់ នឹងត្រូវបញ្ជូនទៅស៊ើបសួរបន្តនៅសាលាដំបូងខេត្តមណ្ឌលគិរី នៅថ្ងៃទី៤ខែកុម្ភៈស្អែកនេះ។ នីតិវិធីធ្វើឡើង៥ថ្ងៃក្រោយថ្ងៃកើតហេតុ ពោលគឺបន្ទាប់ពីសមត្ថកិច្ចបានស្រាវជ្រាវស៊ើបអង្កេត និងឃាត់ខ្លួនអ្នកពាក់ព័ន្ធបានយ៉ាងហោចណាស់៤នាក់។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:១០
លោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តមណ្ឌលគិរីបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃសៅរ៍នេះថា សំណុំរឿងនៃការបាញ់សម្លាប់អ្នកការពារព្រៃឈើចំនួន៣នាក់គឺជាបទល្មើសឧក្រិដ្ឋ។ ដូច្នេះក្រោយបញ្ជូនសំណុំរឿងនេះទៅដល់ដៃតុលាការហើយនោះ តុលាការនឹងផ្ដើមនីតិវិធីស៊ើបសួរមុនឈានដល់ការជំនុំជម្រះ ។
លោកព្រះរាជអាជ្ញារងបន្ថែមថា នៅក្នុងអំឡុងពេលនៃការស៊ើបអង្កេតបឋមគេបានកំណត់មុខសញ្ញា និងឃាត់ខ្លួនអ្នកដែលប្រព្រឹត្តបានអស់ហើយ។ លោកព្រះរាជអាជ្ញារងម៉ម វ៉ាន់ដា មិនបានប្រាប់ឡើយថា គិតមកដល់ពេលនេះមានមនុស្សប៉ុន្មាននាក់ជាប់ពាក់ព័ន្ធនឹងការបាញ់សម្លាប់អ្នកការពារព្រៃឈើនេះទេ។
ប៉ុន្តែគេដឹងថា ភ្លាមៗក្រោយព្រឹត្តិការណ៍នេះ មានមន្រ្តីយោធា៣នាក់ ត្រូវបានឃាត់ខ្លួន។ បន្ទាប់មកទៀត ឈ្មោះ ផល ពេញ ដែលជាប្រធានប៉ុស្តិ៍នគរបាលព្រំដែនច្រកអូររលែ ដែលគេចោទថាជាជនដៃដល់នោះ ត្រូវបានចាប់ខ្លួននៅថ្ងៃទី២ខែកុម្ភៈ និងបញ្ជូនទៅមណ្ឌលគិរីវិញនៅព្រឹកថ្ងៃសៅរ៍ទី៣កុម្ភៈនេះ ក្រោយសមត្ថកិច្ចក្រុងភ្នំពេញបញ្ចប់ការសួរចម្លើយ។ ឆ្លើយប្រាប់សមត្ថកិច្ចនៅទីក្រុងភ្នំពេញ លោក ផល ពេញ បានសារភាពថា រូបគេគឺជាអ្នកបាញ់សម្លាប់ជនរងគ្រោះទាំង៣នាក់ ពិតប្រាកដមែន ដោយផ្តើមចេញពីការទាស់ទែងគ្នា។ នេះបើតាម លោកវរសេនីយ៍ឯក ជាវ វិបុល នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ ស្រង់សំដីដោយបណ្តាញសារព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាល។
សូមបញ្ជាក់ថា អ្នកការពារព្រៃឈើចំនួន៣នាក់ គឺមានមន្រ្តីក្រសួងបរិស្ថាន មន្រ្តីកងរាជអាវុធហត្ថ និងបុគ្គលិកអង្គការសមាគមអភិរក្សសត្វព្រៃ WCS ត្រូវបានគេបាញ់សម្លាប់ នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ខណៈចុះល្បាតបទល្មើសព្រៃឈើ កាលពីថ្ងៃទី៣០ខែមករា។ នៅថ្ងៃសុក្រទី២កុម្ភៈ អង្គការសមាគមអភិរក្សសត្វព្រៃ បានសំដែងក្តីបារម្ភយ៉ាងខ្លាំងចំពោះ ការបាញ់សម្លាប់អ្នកការពារព្រៃឈើចំនួន៣នាក់ ។ ក្នុងនោះWCS ប្ដេជ្ញាថា នឹងមិនអនុញ្ញាតឲ្យឧក្រិដ្ឋជនកាប់បំផ្លាញព្រៃឈើនៅកម្ពុជា គំរាមកំហែង និងបាញ់សម្លាប់ អ្នកការពារសម្បត្តិធម្មជាតិកើតឡើងជាថ្មីទៀតឡើយ។ ចំណែករដ្ឋាភិបាលកម្ពុជាក៏បានចេញលិខិតចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះ ហើយបានបញ្ជាឲ្យចាត់វិធានការលើជនល្មើសដែលពាក់ព័ន្ធទៅតាមផ្លូវច្បាប់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ