អានតួអត្ថបទ
កម្ពុជា-តុលាការ

សំណុំ​រឿង​បាញ់​សម្លាប់​អ្នក​ការពារ​ព្រៃ​ឈើ នឹង​ត្រូវ​បញ្ជូន​ឡើង​តុលាការ​នៅ​ថ្ងៃ​ស្អែក

តាម​គម្រោង សំណុំ​រឿង​បាញ់​សម្លាប់​អ្នក​ការពារ​ព្រៃឈើ​ចំនួន​៣នាក់ នឹង​ត្រូវ​បញ្ជូន​ទៅ​ស៊ើប​​សួរ​បន្ត​នៅ​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃ​ទី​៤​ខែ​កុម្ភៈ​ស្អែក​នេះ។ នីតិវិធី​ធ្វើ​ឡើង​៥​ថ្ងៃ​ក្រោយថ្ងៃ​កើត​ហេតុ ពោល​គឺ​បន្ទាប់ពីសមត្ថកិច្ច​បាន​ស្រាវ​ជ្រាវ​ស៊ើបអង្កេត និង​ឃាត់​ខ្លួន​អ្នក​ពាក់ព័ន្ធ​បានយ៉ាង​ហោច​ណាស់៤​នាក់​​។

រូបថតៈឈ្មោះ ផល ពេញ ប្រធាន​ប៉ុស្តិ៍ន​គរបាល​ព្រំដែន​ច្រក​អូររលែ ដែល​គេ​ចោ​ទ​ថា​ជា​ជន​ដៃ​ដ​ល់​ក្នុង​ការ​បាញ់​សម្លាប់​មន្ត្រី​ការពារ​​ព្រៃ​​ឈើ
រូបថតៈឈ្មោះ ផល ពេញ ប្រធាន​ប៉ុស្តិ៍ន​គរបាល​ព្រំដែន​ច្រក​អូររលែ ដែល​គេ​ចោ​ទ​ថា​ជា​ជន​ដៃ​ដ​ល់​ក្នុង​ការ​បាញ់​សម្លាប់​មន្ត្រី​ការពារ​​ព្រៃ​​ឈើ @ប៉ូលីសជាតិ
ផ្សាយពាណិជ្ជកម្ម

លោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារង​នៃ​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​​អន្តរជាតិ RFI នៅ​ថ្ងៃ​សៅរ៍​នេះថា សំណុំ​រឿង​នៃ​ការ​បាញ់​សម្លាប់​អ្នក​ការពារ​ព្រៃ​ឈើ​​ចំនួន​៣នាក់​គឺ​ជា​បទល្មើស​ឧក្រិដ្ឋ។ ដូច្នេះ​ក្រោយ​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​ដល់​ដៃតុលាការ​ហើយ​នោះ តុលាការ​នឹង​ផ្ដើម​នីតិវិធី​ស៊ើបសួរ​មុន​ឈាន​ដល់​ការ​ជំនុំ​ជម្រះ ។

លោក​ព្រះរាជ​អាជ្ញារង​បន្ថែម​ថា នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​ស៊ើប​អង្កេត​បឋម​គេ​បាន​កំណត់​​​មុខ​សញ្ញា និង​ឃាត់​ខ្លួន​អ្នក​ដែល​ប្រព្រឹត្ត​បាន​អស់​ហើយ។ លោក​ព្រះរាជអាជ្ញារង​ម៉ម វ៉ាន់ដា មិន​បាន​ប្រាប់​ឡើយ​ថា គិត​មក​ដល់​ពេល​នេះ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ជាប់​ពាក់​ព័ន្ធ​​នឹង​ការ​បាញ់​សម្លាប់​អ្នក​ការពារ​ព្រៃឈើ​នេះ​ទេ។

ប៉ុន្តែ​គេ​ដឹង​ថា ភ្លាម​ៗ​ក្រោយ​ព្រឹត្តិការណ៍​នេះ មាន​មន្រ្តី​យោធា​៣​នាក់ ត្រូវ​បាន​ឃាត់​ខ្លួន​។ បន្ទាប់​មក​ទៀត ​ឈ្មោះ ផល ពេញ ដែល​ជា​ប្រធាន​ប៉ុស្តិ៍​នគរបាល​ព្រំដែន​ច្រក​អូររលែ ដែល​គេ​ចោទ​ថា​ជា​ជន​ដៃ​ដល់​នោះ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​២​ខែ​កុម្ភៈ និង​បញ្ជូន​ទៅ​មណ្ឌល​គិរី​វិញ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី៣​កុម្ភៈ​នេះ ក្រោយ​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​បញ្ចប់​ការ​សួរ​ចម្លើយ។ ឆ្លើយ​ប្រាប់​សមត្ថកិច្ច​នៅ​ទីក្រុង​ភ្នំពេញ លោក ផល ពេញ បាន​សារភាព​ថា រូប​គេ​គឺ​ជា​អ្នក​បាញ់​សម្លាប់​ជន​រង​គ្រោះ​ទាំង​៣នាក់ ពិត​ប្រាកដ​មែន ដោយ​ផ្តើម​ចេញពី​ការ​ទាស់ទែង​គ្នា។ នេះ​បើ​តាម ​លោកវរសេនីយ៍ឯក ជាវ វិបុល នាយការិយា​ល័យព្រហ្មទណ្ឌ​កម្រិតធ្ងន់ ក្រសួងមហាផ្ទៃ​ ​ស្រង់​សំដី​ដោយ​បណ្តាញ​សារព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋាភិបាល។

សូម​បញ្ជាក់​ថា អ្នក​ការពារ​ព្រៃ​ឈើ​ចំនួន​៣​នាក់ គឺ​មាន​មន្រ្តី​ក្រសួង​បរិស្ថាន មន្រ្តី​កង​រាជ​អាវុធ​ហត្ថ និង​បុគ្គលិក​អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ WCS ​ត្រូវ​បាន​គេ​បាញ់​សម្លាប់ នៅ​ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ខណៈ​ចុះ​ល្បាត​បទ​ល្មើស​ព្រៃ​ឈើ កាល​ពី​​ថ្ងៃ​ទី​៣០​ខែ​មករា។ នៅ​ថ្ងៃ​សុក្រទី​២​កុម្ភៈ អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ បាន​សំដែង​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ ការ​បាញ់​សម្លាប់​អ្នក​ការ​ពារ​ព្រៃ​ឈើ​ចំនួន​៣​នាក់ ។ ក្នុងនោះWCS​ ប្ដេជ្ញា​ថា នឹង​មិន​​អនុញ្ញាត​ឲ្យ​ឧក្រិដ្ឋ​ជន​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅកម្ពុជា​ គំរាម​កំហែង និង​បាញ់​សម្លាប់ អ្នក​ការ​ពារ​សម្បត្តិ​ធម្មជាតិ​កើត​ឡើង​ជាថ្មី​ទៀត​ឡើយ។ ​ចំណែករដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ចេញ​​លិខិត​ចូល​រួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​ជន​រង​គ្រោះ ហើយ​បាន​បញ្ជា​ឲ្យ​ចាត់​វិធានការ​លើ​ជន​ល្មើស​ដែល​ពាក់​ព័ន្ធ​ទៅ​តាម​ផ្លូវ​ច្បាប់៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ