ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
កម្ពុជា

មេ​ធាវី​ការ​ពារ​ស្នា​ដៃ​របស់​កវី​​​ គង្គ​​ ប៊ុន​ឈឿន​ ព្រ​មាន​ចាត់​វិ​ធាន​ការ​តាម​ច្បាប់​ចំពោះ​អ្នក​លួច​ចម្លង​ស្នា​ដៃ​

media កវីនិពន្ធ គង្គ ប៊ុនឈឿន @RFI

លោក ពេជ អង្គ ជាមេ​ធាវី​​របស់​លោក​ស្រី គាត គឹមលន ភរិយា កវី គង្គ ប៊ុនឈឿន បាន​ចេញ​សេច​ក្តី​ប្រកាស​មួយ​​កាល​ពី​ម្សិល​មិញ​ ដោយ​ព្រមាន​ចាត់​វិធាន​ការ​តាម​ផ្លូវ​ចំពោះ​អ្នក​លួច​ចម្លង​បទ​ចម្រៀង​ដែល​ជាស្នា​ដៃ​និពន្ធ​របស់ លោក គង្គ ប៊ុនឈឿន​។ ការ​ព្រមាន​របស់​ក្រុម​គ្រួសារ​កវី​និពន្ធស្ទឺង​សង្កែ ក្នុង​ទសវត្សរ៍៥០​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​វប្បធម៌​បាន​សម្រេច​ប្រគល់​សិទ្ធិ​គ្រប់​គ្រង​មរតក​សាសន៍​នូវ​បទ​ចម្រៀង​របស់​លោក គង្គ ប៊ុនឈឿន ចំនួន​៥៥​បទ​។

តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅថ្ងៃ​ទី​៣០​វិច្ឆិកា​ឆ្នាំ​២០១៩ លោក ពេជ អង្គ ជាមេ​ធាវី​​របស់​លោក​ស្រី គាត គឹមលន ភរិយា កវី គង្គ ប៊ុនឈឿន បាន​កត់​សំគាល់​ថា កន្លង​មក និង​ពិសេស​នៅ​ពេល​ថ្មីៗ​នេះ មាន​ការ​រំលោភ​សិទ្ធិ​លើ​បទ​ចម្រៀង​ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ភរិយា លោក គង្គ ប៊ុនឈឿន ។ ជាការធ្វើ​អាជីវកម្ម​ខុស​ច្បាប់ យកទៅ​ចម្លង​ឡើងវិញ កែ​ឃ្លាឃ្លោង កែ​ភ្លេង​ ដោយ​ធ្វើ​អាជីវកម្ម​តាម​ Youtube ឬប្រព័ន្ធ​ផ្សពផ្សាយ​សាធារណៈនានា​ដោយ​គ្មាន​ការ​យល់​ព្រម​ពី​ម្ចាស់​សិទ្ធិ​គ្រប់​គ្រង។ ទង្វើ​នេះ ត្រូវ​បានលោក​មេធាវី​គូសបញ្ជាក់ថា បានរំលោភលើ​ច្បាប់​ស្តីពី​សិទ្ធិ​អ្នក​និពន្ធឬ​សិទ្ធិ​ប្រហាក់​ប្រ​ហែល​​ឆ្នាំ​២០០៣ និងសិទ្ធិ​បេតិកភណ្ឌឬ​សិទ្ធិ​សីលធម៌​របស់​លោកស្រី គាត គឹមលន ដែល​ធ្វើ​លោក​ស្រី មានការ​ឈឺចាប់ និងជាការ​ប្រមាថ​​ដល់​ការ​ខិត​ខំប្រឹង​ប្រែង​ស្ទើរពេញ​មួយ​ជីវិត​របស់​​កវី គង្គ ប៊ុន​ឈឿន។

លោក ពេជ អង្គ បានគូសបញ្ជាក់​បន្ថែម​នៅលើ​ហ្វេសប៊ុក​ថា «ការ​និពន្ធ​ជា​ការ​ខំប្រឹង​ដោយ​បញ្ញា​ស្មារតី ​ប្រកប​ដោយ​ការ​ច្នៃ​ប្រឌិត​ខ្ពស់ ដែល​គួរ​ឲ្យ​គោរព​។ ​ដូច្នេះ​មិន​គួរ​រំលោភ​សិទ្ធិ​របស់​អ្នក​និពន្ធ ទោះ​ដោយ​ហេតុ​ផល​ណាមួយ​ឡើយ​»។

យ៉ាងណាក៏ដោយ លោក ពេជ អង្គ បានផ្តល់ឱកាសដល់​អ្នក​ដែល​​មាន​បំណង​ទទួល​សិទ្ធិ​ធ្វើ​អាជីវកម្ម​ ការ​ផលិត​ឡើង​វិញ​ក្នុង​ទម្រង់ណាមួយ​លើ​ស្នាដៃ លោក គង្គ ប៊ុនឈឿន គឺអាចពិភាក្សាជាមួយ លោក​ស្រី គាត គឹមលន ឬមេធាវី​តំណាង​។ ប៉ុន្តែ​​លោក​មេធាវី​ដដែល​បាន​ស្នើ​ឲ្យ​មានការ​បញ្ឈប់​ជា​បន្ទាន់​ចំពោះ​ការ​លួច​ចម្លង​ស្នាដៃ​បទ​ចម្រៀង​របស់​លោក គង្គ ប៊ុន​ឈឿន ទៅ​ធ្វើ​អាជីវកម្ម​ឬ​ចែក​ចាយ បើ​ពុំ​នោះទេ​លោក​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។

សូម​រំឭកថា លោក គង្គ ប៊ុនឈឿន គឺជា​កវី​និពន្ធ​ល្បីឈ្មោះ​មួយ​រូប​តាំង​ពី​ទសវត្សរ៍​ទី​៥០ រហូតមក។ លោក​មាន​ជំនាញ​ទាំង​ផ្នែក​បទ​ចម្រៀង ភាព​យន្ត និង​សិល្បៈមួយ​ចំនួន​ទៀត​។ លោក គង្គ ប៊ុនឈឿន បាន​ទទួល​មរណភាព​ក្នុង​វ័យ ៧៧ឆ្នាំ​នៅប្រទេស​ន័រវេសន៍ (Norway) ដោយ​ជំងឺ​មហារីក​កាល​ពី​ឆ្នាំ២០១៦​។ លោក​បាន​បន្សល់​ទុក​ស្នាដៃ​និពន្ធ​ជាច្រើន​សម្រាប់​ឲ្យកូន​ខ្មែរ​សិក្សា​ស្វែង​យល់ ដែល​ច្រើន​សរសេរ​បង្ហាញ​អំពី​តថ​ភាព​ពិត​នៅក្នុង​សង្គម​ជាតិ រហូតដល់​លោក​បាន​រត់​គេច​ពី​ការ​តាម​ចាប់​ខ្លួន​ពី​រដ្ឋាភិបាល​ទៅ​នៅក្រៅ​ប្រទេស​រហូត​ដល់​ថ្ងៃ​ទទួល​មរណភាព​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ