ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/08 12h00 GMT
កម្ពុជា

រដ្ឋាភិបាល​មិន​ទាន់​បញ្ជូន​សេចក្ដី​ព្រាង​វិសោធកម្ម​រដ្ឋធម្មនុញ្ញ​ទៅ​ឲ្យ​រដ្ឋសភា

media រូបភាពៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន @RFI

គិត​មក​ថ្ងៃ​សៅរ៍​នេះ រដ្ឋសភាជាតិ​នៅ​មិន​ទាន់​ទទួល​បាន​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី វិសោធ​កម្មរដ្ឋធម្មនុញ្ញ​នៅ​ឡើយ​ទេ ខណៈ សេចក្ដី​ស្នើ​ច្បាប់​ស្តីពី វិសោធនកម្ម​ក្រម​ព្រហ្មទណ្ឌ និងសេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ គ្រោង​ដាក់ចូល​ក្នុង​របៀប​វារៈ នាសម័​យ​ប្រជុំ​វិសាមញ្ញ​នៃ​រដ្ឋ​សភា​ពិភាក្សា និង​អនុម័ត នា​ពេល​ខាងមុខ។ រដ្ឋាភិបាល​បាន​អះអាង​លើ​រឿង​នេះ ដោយ​សារ​តែ​ត្រូវ​បញ្ជូន​ទៅ​កាន់​ស្ថាប័ន​ព្រះមហាក្សត្រ និង​ក្រុម​ប្រឹក្សា​រដ្ឋធម្មនុញ្ញ​ពិនិត្យ​ជា​មុន​សិន។

លោក ផៃ ស៊ីផាន អ្នកនាំ​ពាក្យ​ទីស្ដី​ការ​គណៈរដ្ឋមន្ត្រី​បាន​អះអាង​ថា រដ្ឋាភិបាល​មិនអាច​បញ្ជូន​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​វិសោធកម្មរដ្ឋនុញ្ញ​នេះ ទៅ​កាន់​រដ្ឋសភា​តែ​ម្ដង​បាន​ទេ​គឺ​រដ្ឋា​ភិបាល​ត្រូវ​បញ្ជូន​សេចក្ដី​ស្នើ​ច្បាប់​នេះ ទៅ​កាន់​ស្ថាប័ន​កំពូល​ចំនួន​២​ពិនិត្យ និង​ផ្ដល់​យោបល់​ជា​មុន​សិន នោះ​គឺ​ស្ថាប័ន​ព្រះមហាក្សត្រ និង​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ។ ក្រោយពេល​ដែល​ស្ថាប័ន​ទាំងពីរ​ពិនិត្យ​ឃើញ​បែប​ណា​ហើយ​នោះ ទើប​បញ្ជូន​ត្រឡប់​មក​កាន់​រដ្ឋាភិបាល​វិញ។ បន្ទាប់​មក​ទើប​រដ្ឋាភិបាល​បញ្ជូន​រដ្ឋសភា​ដើម្បី​សុំ​ការ​អនុម័ត។ នេះ​បើតាម​លោក ផៃ ស៊ីផាន។

អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈរដ្ឋ​មន្រ្តី​រូប​នេះ បាន​សង្កត់​ធ្ងន់​ទៀត​ថា នេះ​មិនមែន​មាន​ន័យ​ថា សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​វិសោធកម្ម​រដ្ឋធម្មនុញ្ញ​នេះ មាន​លក្ខណៈ​ពិសេស​ជាង​គេ​នោះទេ ប៉ុន្តែ​អ្វី​ដែល​កំពុង​តែ​អនុវត្ត​គឺ​មាន​ផ្អែក​ទៅ​តាម​នីតិវិធី​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់។ ច្បាប់​ដែល​តម្រូវ​ឲ្យ​អង្គ​ព្រះមហាក្សត្រ​ទ្រង់​ទត និង​មាន​ព្រះតម្រិះ។ រីឯ សមត្ថកិច្ច​របស់ក្រុម​ប្រឹក្សា​រដ្ឋធម្មនុញ្ញ​គឺ​មាន​សិទ្ធិ​ពិភាក្សា និង​ផ្ដល់​យោបល់​បន្ថែម​ដល់​រដ្ឋាភិបាល។

សូមបញ្ជាក់ថា​ កាល​ពី​ថ្ងៃ​ទី​២កុម្ភៈ គណៈរដ្ឋមន្ត្រី​កម្ពុជាបាន​អនុម័តលើ​សេចក្តីស្នើច្បាប់​ស្ដីពី​វិសោធកម្ម​រដ្ឋធម្មនុញ្ញ​ ​៥​មាត្រា​រួម​មាន មាត្រា​៣៤​ថ្មី មាត្រា​៤២ មាត្រា​៤៩ មាត្រា​៥៣ និង​មាត្រា​១១៨​ថ្មី​ នៃ​រដ្ឋធម្មនុញ្ញ។ ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ ត្រូវ​បាន​សង្គម​ស៊ីវិល​រិះគន់​ថា​ជា​ការ​កែប្រែ ដែល​ធ្វើ​អោយ​រដ្ឋាភិបាល​កាន់​តែ​មាន​អំណាច។

លោក ឡេង ប៉េងឡុង អគ្គលេ​ខាធិ​ការ​រដ្ឋសភា​បាន​គូស​បញ្ជាក់ថា រដ្ឋសភា​រង​ចាំ​ទទួល​ សេ​ចក្ដី​ស្នើ​ច្បាប់​ស្ដីពី​វិសោធកម្ម​រដ្ឋធម្មនុញ្ញ​នេះ​ដើម្បី​ឲ្យ​គណៈកម្មការ​ជំនាញ​ពិនិត្យ​ទើ​ប​ដាក់​បញ្ជូល​រួម​គ្នា​ឲ្យ​សភា​ពេញ​អង្គ​ពិនិត្យ និង​អនុម័ត ក្នុង​ពេល​តែ​មួយ ខណៈ សេច​ក្ដី​ស្នើ​ច្បាប់​ស្តីពី វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ និង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​រៀប​ចំ និងការ​ប្រព្រឹត្ត​ទៅ​នៃ​ក្រុម​ប្រឹក្សាធម្មនុញ្ញ ត្រូវ​បាន​គណៈកម្មការ​ជំនាញ​សភា​ពិនិត្យ​ចប់សព្វ​គ្រប់​ហើយ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ