អានតួអត្ថបទ
កម្ពុជា

ក្រសួង​បរិស្ថាន ស្នើ​ឲ្យ​គ្រប់​ភាគី​ពាក់​ព័ន្ធ កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក​

រដ្ឋ​មន្រ្តី​ក្រសួង​បរិស្ថាន បាន​ទទូច​ដល់​គ្រប់​ភាគី​ពាក់​ព័ន្ធ ជា​ពិសេស​ក្រុម​ហ៊ុន​ឯក​ជន ឱ្យ​ពិចារណា​ពី​ការ​ប្រើ​ប្រាស់ និង​នាំ​ចូល​សារធាតុ​ប្លាស្ទិក​។ ការ​ថ្លែង​យ៉ាង​ដូច្នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ផ្សព្វ​ផ្សាយ​ខ្លឹមសារ​សំខាន់ៗ​នៃ​អនុក្រឹត្យ​១៦៨​ ស្តី​ពី​ការ​គ្រប់គ្រង​ប្លាស្ទិក និង​ប្រកាស​អន្តរ​ក្រសួង​លើ​ការ​កំណត់​កម្រៃ​បន្ថែម លើ​ការ​ផ្តល់​ប្លាស្ទិក​ដល់​អតិថិជន កាល​ពី​ថ្ងៃ​ទី​២៣​មីនា​ម្សិល​មិញ​។  

លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ចុះ​ពិនិត្យ​មើល​ការ​លក់ដូរ​រ​បស់​អាជីវករ​ខ្មែរ​នៅ​ផ្សារ​អូឬស្សី ​កាល​ពី​ព្រឹក​ថ្ងៃទី​ ១៤ ​តុលា ​ឆ្នាំ២០១៦។​
លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ចុះ​ពិនិត្យ​មើល​ការ​លក់ដូរ​រ​បស់​អាជីវករ​ខ្មែរ​នៅ​ផ្សារ​អូឬស្សី ​កាល​ពី​ព្រឹក​ថ្ងៃទី​ ១៤ ​តុលា ​ឆ្នាំ២០១៦។​ សហការី
ផ្សាយពាណិជ្ជកម្ម

ទន្ទឹម​នឹង​ការ​ស្នើ​សុំ​ឱ្យ​គ្រប់​ភាគី ចូល​រួម​គិត​គូរ ធ្វើ​យ៉ាងណា​កាត់​បន្ថយ​ថង់​ប្លាស្ទិក និង​សំរាម​នៅ​ក្នុង​ទីក្រុង លោក សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន ក៏​សំណូមពរ​ឱ្យ​ពលរដ្ឋ និង​ស្ថាប័ន​ពាក់​ព័ន្ធ ចូល​រួម​បញ្ចេញ​មតិ​យោបល់ ក្នុង​ការ​ប្រមូល​ធាតុ​ចូល ដើម្បី​ឱ្យ​ការ​អនុវត្ត​អនុក្រឹត្យ​១៦៨​នេះ មាន​និរន្តរភាព​។ សម្រាប់​លោក​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន បញ្ហា​គ្រប់គ្រង​ប្លាស្ទិក គឺ​ជា​រឿង​សំខាន់ និង​លំបាក មិន​ត្រឹម​តែនៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ ក៏​ប៉ុន្តែ​សម្រាប់​ពិភព​លោក​ទាំង​មូល​។

គួរ​ជម្រាប​ថា គ្រាន់​តែ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ថង់​ប្លាស្ទិក​ដែល​ត្រូវ​បាន​ប្រើ​ប្រាស់ មាន​ចំនួន​រហូត​ដល់​ទៅ១០​លាន​ថង់​ជា​រៀង​រាល់​ថ្ងៃ។ ហើយ​ថង់​ផ្លាស្ទិក​ដែល​ត្រូវ​គេ​ប្រមូល​បាន​តាមរយៈ​ការ​បោស​សំអាត​ផ្លូវ ក្នុង​ទីក្រុង​ភ្នំពេញ​ដដែល មាន​ប្រមាណ១​លាន​៧​សែនថង់​ឯ​ណោះ​។

ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ អនុក្រឹត្យ១៦៨ បាន​តម្រូវ​ឲ្យ​បណ្តា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ផ្សារ​ទំនើប ​គិត​កម្រៃ​បន្ថែម​លើ​ការ​ផ្តល់​ថង់​ប្លាស្ទិក​ស្តើង​មាន​ដៃយួរ​ដល់​អតិថិជន ចាប់​ពី​ថ្ងៃ​ទី ១០ ខែមេសា ឆ្នាំ​២០១៨ ខាងមុខ​នេះ​ត​ទៅ​។

សូម​រំឮក​ជូន​ដែរ​ថា រដ្ឋា​ភិបាល​កម្ពុជា បាន​ចេញ​អនុ​ក្រឹត្យលេខ​១៦៨ ​ស្តីពី​ការ​គ្រប់​គ្រង​ថង់​ប្លាស្ទិក កាល​ពី​ថ្ងៃ​ទី១០​ ខែ​តុលា ឆ្នាំ២០១៧។ អនុក្រឹត្យ​នេះ​មាន​គោល​បំណង​បង្កើន​ប្រសិទ្ធ​ភាព​លើការ​កាត់​បន្ថយ ការ​នាំ​ចូល ការ​ផលិត និង​ការ​ប្រើប្រាស់​ថង់​ផ្លា​ស្ទិក ក៏​ដូច​ជា​សំដៅ​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​សុខ​ភាព និង​បរិស្ថាន​។​

តាម​ការ​សិក្សា ​​របស់​​អង្គការ​​មូល​និធិ​​អករា (ACRA Foundation) រដ្ឋាភិបាល​កម្ពុជា​បាន​ខាត​បង់​ថវិកា​អស់​រាប់​រយ​លាន​ដុល្លារ​ពី​កាក​សំណល់​ថង់​ប្លាស្ទិក​។ មិនត្រឹមតែប៉ុណ្ណោះ កម្ពុជា ត្រូវ​​ចំណាយ​ថវិកា​​ប្រចាំ​​ឆ្នាំ​ជាង​៥ម៉ឺន​ដុល្លារក្នុងមួយឆ្នាំ ​ ទៅ​លើ​ការ​សំអាត​​ថង់​​ផ្លាស្ទិក​​តែ​ក្នុង​​ខេត្ត​ក្រុង​ធំៗ​ចំនួន​៣​ប៉ុណ្ណោះ។ ​​ក្នុងនោះ ៤ពាន់៥រយដុល្លារ ​​ក្នុង​​ខេត្ត​​ព្រះសីហនុ ១ពាន់​៥​រយ​ដុល្លារ នៅ​ខេត្ត​សៀម​រាប និង​ ៣ពាន់១រយដុល្លារ នៅ​ភ្នំ​ពេញ​៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ