អានតួអត្ថបទ
កម្ពុជា-សង្គម

​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​៖ ​ការ​ពង្រឹង​គុណ​ភាព​អប់​រំ ​រួម​ចំណែក​កាត់​បន្ថយ​ការ​ធ្វើ​ចំណាក​ស្រុក​

ការ​ពង្រឹង​គុណ​ភាព​អប់រំ ជា​ពិសេស​​​នៅ​​ខេត្ត​ដែល​មាន​អត្រា​ចំណាក​ស្រុក​ខ្ពស់ គឺ​ជា​ការ​រួម​​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ការ​ធ្វើ​ចំណាក​ស្រុក​។ នេះ​ជា​ការ​លើក​ឡើង​របស់​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ កាល​ពី​ថ្ងៃ​ម្សិលមិញ ក្នុង​ឱកាស​ផ្សព្វផ្សាយ​របាយ​ការណ៍​របស់​អង្គការ​យូណេស្កូ​។ 

សិស្សានុសិស្សនាំគ្នាទៅរៀននៅសាលាជ័យថាវី (រូបតំណាង)
សិស្សានុសិស្សនាំគ្នាទៅរៀននៅសាលាជ័យថាវី (រូបតំណាង) សហការី
ផ្សាយពាណិជ្ជកម្ម

លោក ហង់ ជួនណារ៉ុន រដ្ឋ​មន្រ្ដី​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ថ្លែង​ថា ដើម្បី​កាត់​បន្ថយ​ចំណាក​ស្រុក​ គឺ​ចាំ​បាច់​ត្រូវ​បង្កើត​ការងារ​ឲ្យ​កាន់​តែ​ច្រើន​នៅ​ក្នុង​ប្រទេស តាម​រយៈការ​បង្រៀន​ផ្នែក​សហគ្រិនភាព​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​អប់រំ​។ លោក​បន្ត​ថា ម្យ៉ាង​វិញ​ទៀត​ គឺ​ការ​អនុវត្ត​គោល​នយោបាយ​បង្កើត​វិទ្យាល័យ​ចំណេះ​ទូទៅ និង​អប់រំ​បច្ចេក​ទេស យ៉ាងហោច​ណាស់​មួយ​នៅ​តាម​ខេត្ត​នីមួយៗ​ទូទាំង​ប្រទេស ដើម្បី​ជួយ​បង្កើត​ឲ្យ​មាន​ការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ឲ្យ​កាន់​តែ​ច្រើន ក្នុង​គោល​ដៅ​បង្កើត​ការងារ​ផង និង​ជួយ​បង្កើត​សេដ្ឋ​កិច្ច​ថ្មី​ផង​។

ជា​ការ​លើក​ឡើង​របស់​រដ្ឋ​មន្ត្រី​អប់រំ​ក្នុង​ឱកាស​សិក្ខា​សាលា​ផ្សព្វផ្សាយ​របាយ​ការណ៍​ពិនិត្យ​តាមដាន​ការ​អប់រំ​សាកល​ឆ្នាំ​២០១៩ ក្រោម​ប្រធាន​បទ "ការ​ធ្វើ​ចំណាក​ស្រុក ការ​ផ្លាស់​ទី​លំនៅ​ដោយ​បង្ខំ និង​ការ​អប់រំ ៖ សង់​ស្ពាន​ចម្លង មិនមែន​សង់​ជញ្ជាំង​នោះ​ទេ" ដែល​បាន​ធ្វើ​ឡើង​កាល​ពីថ្ងៃទី​១៣ ខែ​កុម្ភៈ។

យោង​តាម​របាយ​ការណ៍​ដែល​បាន​ផ្សព្វផ្សាយ​​ឲ្យ​ដឹង​ថា នៅ​ជុំវិញ​ពិភព​លោក ការ​ធ្វើ​ចំណាក​ស្រុក​បាន​ប៉ះពាល់​ដល់​ការ​អប់រំ​របស់​កុមារ​រាប់​លាននាក់ ដែល​ត្រូវ​បាន​ទុក​នៅ​ស្រុក​កំណើត​ជា​មួយ​ឪពុក ឬ​ម្តាយ ឬ​សមាជិក​គ្រួសារ​ដទៃ​ទៀត​។ ចំណែក​ក្នុង​ប្រទេស​កម្ពុជា​កុមារ ដែល​ត្រូវ​បាន​ទុក​ឲ្យ​នៅ​ស្រុក​កំណើត​ជា​ពិសេស គឺ​ក្មេង​ស្រី ច្រើន​តែ​បោះបង់​ចោល​ការ​សិក្សា​។

លោក ហង់ ជួនណារ៉ុន បញ្ជាក់​ថា​ខេត្ត​នៅ​ជាប់​នឹង​ព្រំដែន​ថៃ មាន​អត្រា​បោះបង់​ចោល​ការសិក្សា​កម្រិត​ខ្ពស់​ជាង​អត្រា​ថ្នាក់​ជាតិ​។ ខេត្ត​ខ្លះ មាន​អត្រា​បោះបង់​ចោល​ការ​សិក្សា​រហូត​ដល់​២៣​ភាគ​រយ ខណៈ​អត្រា​បោះបង់​ចោល​ការ​សិក្សា​ថ្នាក់​ជាតិ​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​តែ​១៨​ភាគ​រយ។ បើ​តាម​លោក​រដ្ឋ​មន្ត្រី​អប់រំ ខេត្តទាំង​នោះ​រួម​មាន បាត់​ដំបង បន្ទាយ​មាន​ជ័យ និងឧត្តរ​​មានជ័យ​ជា​ដើម។ ដូច្នេះ ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​នេះ គឺ​ការ​បណ្តុះ​បណ្តាល​គ្រូ ដែល​ផ្តល់​ប្រឹក្សា​អាជីព។

លោកស្រី Pauline Tamesis អ្នក​សម្រប​សម្រួល​អង្គការ​សហ​ប្រជា​​ជាតិ​ប្រ​ចាំ​កម្ពុជា​បាន​ថ្លែង​ថា ពលរដ្ឋ​កម្ពុជា​ជាច្រើន បាន​ធ្វើ​ចំណាកស្រុក​​ពីទីជន​បទ មក​ទីក្រុង ឬ​ទីប្រជុំជន រួមទាំង​ការ​ផ្លាស់​ទី​ទៅកាន់​ប្រទេ​ស​ផ្សេង​ទៀត​ ​ដើម្បី​ស្វែង​​រក​ការងារ។

លោក​ស្រី​បាន​លើក​ឡើង​ដោយ​យោង​លើ​របាយការណ៍​សិក្សា​របស់​អង្គការ​យូណេស្កូ​ថា អ្នក​ធ្វើ​ចំណាក​ស្រុក​មក​កាន់​ទីក្រុង​ប្រមាណ​៣០ភាគ​រយ​មិន​បាន​ទទួល​ការ​អប់រំ​ត្រឹមត្រូវ​នោះ​ទេ។ ការ​សិក្សា​ក៏​បាន​រក​ឃើញ​ទៀត​ថា​អ្នក​ដែល​ទទួល​បាន​ការ​សិក្សា​តិចតួច បាន​ជួប​ប្រទះ​នឹង​ការ​លំបាក​ច្រើន​ជាង​គេ​។ នេះ​បើ​តាម​លោក​ស្រី ​ Pauline Tamesis។ លោក​ស្រី​បន្ថែម​ថា កូន​សោរ​សំខាន់ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ គឺ​ការ​អប់រំ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ