អានតួអត្ថបទ
កម្ពុជា-ច្បាប់

​ក្រសួង​មហា​ផ្ទៃ ​ផ្តើម​ដោះ​ស្រាយ​ករណី​គ្រួសារ​និយម ​ក្រោយ​រង​ការ​រិះ​គន់​ខ្លាំង​

នៅ​រសៀល​ថ្ងៃទី ១ខែមីនានេះ ក្រសួងមហាផ្ទៃ បាន​ប្រកាស​ចំណាត់ការ​របស់ខ្លួន​ទៅលើ​ក្រុម​គ្រួសារសាច់ញាតិ​ នាយឧត្តមសេនីយ៍ ធឹម សុផា បម្រើការងារ​នៅអគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ ដែល​ត្រូវបាន​ចោទប្រកាន់​ថា​ ជាមនុស្សគ្រួសារនិយម យក​សាច់ញាតិ​ឯង​ចូល​ធ្វើការ​ក្នុង​អង្គភាពជាមួយគ្នា។ ចំណាត់ការ​របស់​ក្រសួង​មហាផ្ទៃ នាពេលនេះ ត្រូវបាន​សង្គមស៊ីវិល និង​អ្នក​តាមដាន ស្វាគមន៍ ប៉ុន្តែ​ពួកគេ​ស្នើសុំឲ្យ​មានចំណាត់ការ​បន្ត ព្រោះថា​ករណីបែបនេះ ទំនងមិនមានតិចឡើយ ក្នុងប្រទេសកម្ពុជា។ 

ក្រសួងមហាផ្ទៃ ផ្តើមដោះស្រាយករណីគ្រួសារនិយម ក្រោយរងការរិះគន់ខ្លាំង
ក្រសួងមហាផ្ទៃ ផ្តើមដោះស្រាយករណីគ្រួសារនិយម ក្រោយរងការរិះគន់ខ្លាំង @សហការី
ផ្សាយពាណិជ្ជកម្ម

សេចក្តីប្រកាស​របស់អ្នក​នាំពាក្យ​​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា ក្នុង​ចំណោម​មន្ត្រីនគរបាល​ជាតិ​ចំនួន ១១នាក់ ដែល​ត្រូវបាន​ចោទប្រកាន់​ថាមាន​ភាពមិន​ប្រក្រតី ជុំវិញ​បញ្ហា​គ្រួសារនិយម គឺមាន ៦នាក់ ជាប់​សាច់ញាតិ​ នាយ​ឧត្តម​សេនីយ៍ ធឹម សុផា ដោយ​ក្នុងនោះ មាន​ ៤នាក់ បម្រើការងារនៅអគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង។ ផ្អែក​លើលទ្ធផល​នៃការ​ត្រួតពិនិត្យ​នេះ ក្រសួងមហាផ្ទៃ សម្រេច​ផ្ទេរ​ភារកិច្ចមន្ត្រី ២នាក់ ក្នុង​ចំណោម​ ៤នាក់​នោះ ឲ្យ​ចាក​ចេញ​ទៅបម្រើការងារ​នៅអង្គភាព​ផ្សេង។ ដោយឡែក ចំពោះសាច់ញាតិ​ជាមន្ត្រីនគរបាល ២នាក់ ដែល​បន្ត​បម្រើការងារ នៅអគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង ត្រូវ​តែអនុវត្ត​តួនាទីភារកិច្ចរបស់​ខ្លួន​ឲ្យ​ស្រប​តាម​ច្បាប់​បញ្ញត្តិ ឬ លក្ខន្តិកៈរបស់ក្រសួង។

អ្នក​នាំពាក្យ​ក្រសួងមហាផ្ទៃ អះអាងថា ចំណាត់​ការ​នេះ ធ្វើឡើង​ក្រោយ​ពីមានការ​ចុះផ្សាយ​ជា​បន្តបន្ទាប់ តាមប្រព័ន្ធព័ត៌មាន និងបណ្តាញសង្គម អំពីភាពមិនប្រក្រតី ពាក់ព័ន្ធនឹងការចាត់តាំងក្រុមគ្រួសារសាច់ញាតិ នាយឧត្តមសេនីយ៍ ធឹម សុជា ឲ្យបម្រើការងារនៅអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ។

អ្នក​តាមដាន​សង្គម​ លោក សន ជ័យ ស្វាគមន៍ចំពោះ​ចំណាត់​ការ​របស់​ក្រសួងមហាផ្ទៃនៅពេលនេះ ប៉ុន្តែលោក​ស្នើសុំឲ្យ​មានការ​បន្ត​តាមដាន​លើ​ករណី​បក្ខពួកនិយម ក្នុងជួររដ្ឋាភិបាល ដើម្បីពង្រឹងច្បាប់ និង​លើកកម្ពស់​អភិបាល​កិច្ច​ល្អ ក្នុង​សង្គម។ តាម​លោក សន ជ័យ បញ្ហា​បក្ខពួកនិយម បាន​ចាក់​ឬសជ្រៅ​ចូល​ក្នុង​សង្គម​កម្ពុជា ដែល​ទាមទារ​ត្រូវតែមានការ​ដោះស្រាយ​ជាចាំបាច់ ដើម្បី​ជៀសវាង​ទំនាស់​ផល​ប្រយោជន៍ និ​ងការ​បំពេញ​ការ​បម្រើ​ភាព​ស្មោះត្រង់ ជូនដល់​ពលរដ្ឋ។

ចំណែកលោក លោក សុខ សុវណ្ណវឌ្ឍនាសារពង្ស ហៅ William Guang សមាជិក​ឧត្តម​ក្រុម​ប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់ ដែល​ជាលើកឡើង​ពីបញ្ហា​គ្រួសារនិយម​នេះ ប្រាប់​លោក​នាយករដ្ឋមន្ត្រីហ៊ុន ក៏បាន​សាទរ​ចំពោះ​លទ្ធផល​នៃការ​ស៊ើបអង្កេត និង​ចំណាត់ការ​របស់​ក្រសួងមហាផ្ទៃ។ ជាមួយគ្នា ​លោក​ប្តេជ្ញាថា នឹង​បន្ត​តាមដាន​ការអនុវត្ត​ច្បាប់​លើករណីបក្ខពួកនិយម​នៅតាម​បណ្តាអង្គភាព​នានាដដែល។

សូម​រម្លឹកជូនថា ក្នុងជំនួបប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់​យោបល់ កាលពីថ្ងៃទី ២៨ខែកុម្ភៈ លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន បានជំរុញឱ្យក្រសួងមហាផ្ទៃ និងក្រសួងស្ថាប័នទាំងអស់ ត្រូវពិនិត្យបញ្ហាបក្ខពួកនិយម នៅតាមអង្គភាពចំណុះរបស់ខ្លួន និងត្រូវជ្រើសរើសមន្រ្តីរាជការ ដោយផ្អែកលើស្នាដៃ និងសមត្ថភាពពិតប្រាកដ។ តាម​លោក​ហ៊ុន សែន លោក​មិន​គាំទ្រ ការ​យក​បក្ខពួក ឬ គ្រួសារ​ ចូលបម្រើការងារ នៅក្នុងអង្គភាពណាមួយ គឺ​ធ្វើឱ្យបាត់បង់នូវជោគវាសនាស្មើៗគ្នា របស់យុវជនជំនាន់ក្រោយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ