អានតួអត្ថបទ
កម្ពុជា-ច្បាប់

កម្ពុជា​ព្រមព្រៀង​បញ្ជូន​ស្ត្រី​ខ្មែរ​ទៅ​ធ្វើការ​នៅ​ម៉ាឡេស៊ី​ឡើង​វិញ​ជាមួយ​នឹង​លក្ខខណ្ឌការពារ​ខ្ពស់

កម្ពុជា និង​ម៉ាឡេស៊ី​បាន​ចុះកិច្ច​ព្រមព្រៀង​ស្ដីពី​ការ​បញ្ជូន​និង​ទទួល​ពលករ​ឡើង​វិញ​នា​អំឡុង​​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ក្រសួងការងារ​កម្ពុជា​ទៅ​កាន់​ប្រទេស​ម៉ាឡេ​ស៊ី​កាល​ពី​ថ្ងៃ​ទី​២៦​ដល់​ថ្ងៃ​ទី​៣០​វិច្ឆិកា។ ជា​ការ​កត់​សម្គាល់​ខ្លឹម​សារ​នៃ​កិច្ច​ព្រម​ព្រៀង​នេះ​គឺ​បាន​ភ្ជាប់​ជាមួយ​នឹង​លក្ខខណ្ឌ​ការ​ពារ​ខ្ពស់ សម្រាប់​ពលករ​កម្ពុជា ជា​ពិសេស​ស្ត្រី​បំរើការ​ងារ​តាម​ផ្ទះ។

រូបតំណាងៈ ស្រ្តី​ខ្មែរ​ចេញ​ដំណើរ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​
រូបតំណាងៈ ស្រ្តី​ខ្មែរ​ចេញ​ដំណើរ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ © ស៊ីវ​ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

ស្ដ្រី​បម្រើ​ការងារ​តាម​ផ្ទះ​ជន​ជាតិ​ខ្មែរ​នឹង​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ និង​ផ្ដល់​សេវា​ទូរ​សព្ទ​​ដៃ​សម្រាប់​ទំនាក់​ទំនង​រវាង​ស្ត្រី​ជំនួយ​ការ​មេផ្ទះ​និង​ក្រុម​គ្រួសារ​ក៏​ដូចជា​មន្ត្រី​សមត្ថ​កិច្ច​​កម្ពុជា​នៅ​ពេល​ដែល​ពួក​គេ​មាន​វិវាទ។ នេះ​គឺ​ជា​ខ្លឹម​សារ​នៃ​កិច្ច​ព្រម​ព្រៀង​ស្ដីពី​ការ​បញ្ជូន​ពលករ​កម្ពុជា​ទៅ​ម៉ាឡេស៊ី​ដែល​ទើប​តែ​ចុះ​កិច្ច​ព្រម​ព្រៀង​រួម​គ្នា​កាល​ពី​ថ្មី​ៗ​នេះ​។

បន្ថែម​លើ​ចំណុច​ខាង​ដើម​នេះ ពលករ ពលការិនី​ខ្មែរ​នឹង​ទទួល​បាន​ការ​ធានា​រ៉ាប់​រង​គ្រោះ​​ថ្នាក់​ការងារ និង​សុខភាព, ផ្ដល់​មេធាវី​និង​កន្លែង​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​នៅពេល​មាន​វិវាទ​កើត​ឡើង​, ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​ដល់​ពួក​គេ​មុន​ពេល​ចេញ​ដំណើរ។ ក្នុង​នោះ​ក៏​មាន​ដែរ ការ​កំណត់​យន្តការ​ទស្សន​កិច្ច​ដល់​កន្លែង​ធ្វើ​ការ​របស់​ពលករ​ ពលការិនី ដើម្បី​ធានា​ថា ពួក​គេ​ទទួល​បាន​នូវ​សុខុមាល​ភាព និង​ការ​ការ​ពារ​សិទ្ធិ​ស្រប​តាមច្បាប់។

លោក ហេង សួរ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​សុក្រទី​១​ធ្នូ​​ថា អនុស្សរណៈ​នៃ​កិច្ច​ព្រម​ព្រៀង​នេះ គឺ​ជា​ឧបករណ៍​បន្ថែម​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​ប្រទេសទាំង​ពីរ កាល​ពី​ឆ្នាំ២០១៥​ស្ដី​ពី​ការ​បញ្ជូន​ពលករទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​ឡើង​វិញ។

គួររម្លឹកថា កិច្ច​ព្រម​ព្រៀង​នៅ​ឆ្នាំ២០១៥​ធ្វើ​ឡើង បន្ទាប់​ពី​ប្រទេស​ទាំងពីរ​បាន​ផ្អាក បញ្ជូន​ពលករ​ទៅ​ម៉ាឡេស៊ី​ម្ដង​រួច​មក​ហើយ​កាល​ពី​៦​ឆ្នាំមុន ដោយ​សារ​តែ​ពលករ​កម្ពុជាជា​ពិ​សេ​ស​ស្ត្រី​បំរើ​ការងារ​តាម​ផ្ទះ​ជួប​បញ្ហា​ប្រឈម​ខ្លាំង រួមមាន​ការ​ធ្វើ​ការងារ​ច្រើន ដោយ​មិន​ទទួល​បាន​ប្រាក់ខែ ព្រម​ទាំង​ការ​រំលោភ​បំពាន​លើ​រូបរាង​កាយ និង​ផ្លូវភេទ។​

សម្រាប់​លោក ហេង សួរ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ កិច្ច​ព្រម​ព្រៀង​ថ្មី​ដែល​កម្ពុជា​និង​ម៉ាឡេស៊ី​ទើប​តែ​ចុះ​ហត្ថលេខា​នេះ នឹង​ក្លាយ​ជា​យន្តការ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់ ដើម្បីជួយ​ការ​ពារ​ពលករ។ បច្ចុប្បន្ន​ពលករ​កម្ពុជា​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​មាន​ចំនួនជាង​៤​ម៉ឺន​នាក់។ ក្នុង​នោះ​មាន​ពលករ​មួយ​ចំនួន​នៅ​មិន​ទាន់​មាន​ភាព​ស្រប​ច្បាប់​នៅឡើយ​ទេ ប៉ុន្តែ​ក្រសួង​ការងារ​កម្ពុជា​កំពុង​សហការ​ជាមួយ​ភាគី​ម៉ាឡេ​ស៊ី​រៀប​ចំ​ផ្ដល់​ភាពស្រប​ច្បាប់​ជូន​ពលករ​ទាំង​នោះ។ នេះ​បើ​តាម​លោក​ហេង សួរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ