កម្ពុជាព្រមព្រៀងបញ្ជូនស្ត្រីខ្មែរទៅធ្វើការនៅម៉ាឡេស៊ីឡើងវិញជាមួយនឹងលក្ខខណ្ឌការពារខ្ពស់
កម្ពុជា និងម៉ាឡេស៊ីបានចុះកិច្ចព្រមព្រៀងស្ដីពីការបញ្ជូននិងទទួលពលករឡើងវិញនាអំឡុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការងារកម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២៦ដល់ថ្ងៃទី៣០វិច្ឆិកា។ ជាការកត់សម្គាល់ខ្លឹមសារនៃកិច្ចព្រមព្រៀងនេះគឺបានភ្ជាប់ជាមួយនឹងលក្ខខណ្ឌការពារខ្ពស់ សម្រាប់ពលករកម្ពុជា ជាពិសេសស្ត្រីបំរើការងារតាមផ្ទះ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:០០
ស្ដ្រីបម្រើការងារតាមផ្ទះជនជាតិខ្មែរនឹងទទួលបានការបណ្ដុះបណ្ដាល និងផ្ដល់សេវាទូរសព្ទដៃសម្រាប់ទំនាក់ទំនងរវាងស្ត្រីជំនួយការមេផ្ទះនិងក្រុមគ្រួសារក៏ដូចជាមន្ត្រីសមត្ថកិច្ចកម្ពុជានៅពេលដែលពួកគេមានវិវាទ។ នេះគឺជាខ្លឹមសារនៃកិច្ចព្រមព្រៀងស្ដីពីការបញ្ជូនពលករកម្ពុជាទៅម៉ាឡេស៊ីដែលទើបតែចុះកិច្ចព្រមព្រៀងរួមគ្នាកាលពីថ្មីៗនេះ។
បន្ថែមលើចំណុចខាងដើមនេះ ពលករ ពលការិនីខ្មែរនឹងទទួលបានការធានារ៉ាប់រងគ្រោះថ្នាក់ការងារ និងសុខភាព, ផ្ដល់មេធាវីនិងកន្លែងស្នាក់នៅបណ្ដោះអាសន្ននៅពេលមានវិវាទកើតឡើង, ផ្ដល់ការបណ្ដុះបណ្ដាលដល់ពួកគេមុនពេលចេញដំណើរ។ ក្នុងនោះក៏មានដែរ ការកំណត់យន្តការទស្សនកិច្ចដល់កន្លែងធ្វើការរបស់ពលករ ពលការិនី ដើម្បីធានាថា ពួកគេទទួលបាននូវសុខុមាលភាព និងការការពារសិទ្ធិស្របតាមច្បាប់។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃសុក្រទី១ធ្នូថា អនុស្សរណៈនៃកិច្ចព្រមព្រៀងនេះ គឺជាឧបករណ៍បន្ថែមលើអនុស្សរណៈនៃការយោគយល់គ្នារវាងប្រទេសទាំងពីរ កាលពីឆ្នាំ២០១៥ស្ដីពីការបញ្ជូនពលករទៅធ្វើការនៅប្រទេសម៉ាឡេស៊ីឡើងវិញ។
គួររម្លឹកថា កិច្ចព្រមព្រៀងនៅឆ្នាំ២០១៥ធ្វើឡើង បន្ទាប់ពីប្រទេសទាំងពីរបានផ្អាក បញ្ជូនពលករទៅម៉ាឡេស៊ីម្ដងរួចមកហើយកាលពី៦ឆ្នាំមុន ដោយសារតែពលករកម្ពុជាជាពិសេសស្ត្រីបំរើការងារតាមផ្ទះជួបបញ្ហាប្រឈមខ្លាំង រួមមានការធ្វើការងារច្រើន ដោយមិនទទួលបានប្រាក់ខែ ព្រមទាំងការរំលោភបំពានលើរូបរាងកាយ និងផ្លូវភេទ។
សម្រាប់លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ កិច្ចព្រមព្រៀងថ្មីដែលកម្ពុជានិងម៉ាឡេស៊ីទើបតែចុះហត្ថលេខានេះ នឹងក្លាយជាយន្តការមានប្រសិទ្ធិភាពខ្ពស់ ដើម្បីជួយការពារពលករ។ បច្ចុប្បន្នពលករកម្ពុជាកំពុងធ្វើការនៅប្រទេសម៉ាឡេស៊ីមានចំនួនជាង៤ម៉ឺននាក់។ ក្នុងនោះមានពលករមួយចំនួននៅមិនទាន់មានភាពស្របច្បាប់នៅឡើយទេ ប៉ុន្តែក្រសួងការងារកម្ពុជាកំពុងសហការជាមួយភាគីម៉ាឡេស៊ីរៀបចំផ្ដល់ភាពស្របច្បាប់ជូនពលករទាំងនោះ។ នេះបើតាមលោកហេង សួរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ