អានតួអត្ថបទ
កម្ពុជា-កសិកម្ម

ស្វាយ​ដែល​កសិករ​ដឹក​យក​មក​ចាក់ចោល មិន​ត្រូវ​តាម​ស្តង់ដា​របស់​ទីផ្សារ?

កាល​ពី​ពេល​ថ្មីៗ​នេះ ប្រភេទ​ស្វាយ​កែវរមៀត​ជាច្រើន​តោន ត្រូវបាន​កសិករ​ដឹក​យក​មក​ចាក់ចោល​នៅ​មាត់​ផ្លូវ​និង​បេះ​ទម្លាក់​គរ​ទុក​នៅ​ក្រោម​ដើម។ រូបភាពនេះ ស្ថិត​នៅ​ខេត្តព្រៃ​វៃង​ ​ស្វាយរៀង ដែល​ជាប់​ព្រំដែន​កម្ពុជា​វៀតណាម ខណៈ​ខេត្ត​ផ្សេង​ទៀត​ក៏​ប្រឈម​នឹង​វិបត្តិ​ស្វាយ​គ្មានទីផ្សារ​ដែរ។ តែ​បើ​តាម​អ្នកជំនាញ​មូលហេតុ​ដែល​ប្រភេទ​ស្វាយ​កែវរមៀត​​គ្មានទីផ្សារដោយសារការដាំដុះ​មិន​ត្រូវ​តាម​ស្តង់ដា​ដែល​អ្នក​ទិញ​ត្រូវ​ការ។

រូបភាព៖ស្វាយដែលកសិករបេះគរទុកក្រោមដើមព្រោះគ្មានទីផ្សារ
រូបភាព៖ស្វាយដែលកសិករបេះគរទុកក្រោមដើមព្រោះគ្មានទីផ្សារ @Internet
ផ្សាយពាណិជ្ជកម្ម

ប្រភេទ​ស្វាយ​កែវរមៀត​ជាច្រើន​តោន ដែល​គ្មាន​ទីផ្សារ​ហើយ​ប្រឈម​នឹង​ការ​ចាក់​ចោល​ត្រូវបាន​អ្នក​ជំនាញ​មក​ពី​ក្រសួង​កសិកម្ម និង​មន្ត្រី​ជំនាញ​មក​ពី​សមាគម​ស្វាយ​អះអាង​ដូចគ្នា​ថា គឺមក​ពី​ការ​ដាំដុះ​របស់​កសិករ​មិន​ត្រូវ​តាម​ស្តង់ដា តាមរយៈ​ការ​បាញ់​ថ្នាំ​គីមី​ដែល​ត្រូវ​បាន​ហាមឃាត់។ បើ​កាល​ណា​កសិករ​បន្ត​ដាំដុះ​ដោយ​ការ​ប្រើប្រាស់​ថ្នាំ​គីមី​ហាម​ឃាត់ នៅ​ពេល​ប្រឈមនឹង​វិបត្តិ​ស្វាយ​គ្មាន​ទីផ្សារ​បែប​នេះ សមាគម​ស្វាយ​មិន​អាច​ជួយ​អ្វី​បាន​ឡើយ។

លោក អ៊ិន ឆៃវ៉ាន់ ប្រធាន​សមាគម​ស្វាយ​កំពង់ស្ពឺ​លើក​ឡើង​ថា ការ​នាំ​ចេញ​ស្វាយ​ត្រូវ​បាន​ចែក​ចេញ​ជា​ពីរ​ប្រភេទ​គឺ​ស្វាយ​សម្រាប់​កែច្នៃ​នាំ​ចូល​រោងចក្រ និង​ស្វាយ​នាំ​ចូល​ទីផ្សារ​​ផ្ទាល់​តែម្ដង។ ក្នុង​ចំណោម​ប្រភេទ​ស្វាយ​ទាំងពីរ​ប្រភេទ​នេះ គឺ​ស្វាយ​កែច្នៃ​នាំ​ចូល​រោងចក្រ​កំពុង​ជួបបញ្ហា​ប្រឈម ខណៈ​ស្វាយ​នាំ​ចូល​ទីផ្សារ​ផ្ទាល់​តែ​ម្ដង​មិន​ជួប​បញ្ហា​ឡើយ។ នេះ​ដោយ​សារ​តែការ​ដាំដុះ​និង​ការ​វេច​ខ្ចប់​ត្រឹម​តាម​ស្តង់ដា។

បើ​តាម​កសិករ​ពួកគេ​សម្រេច​ចាក់​ស្វាយ​ចោល​និង​បេះ​គរ​ទុក​ក្រោម​ដើម​ព្រោះ​គ្មាន​ទីផ្សារ ស្របពេល​ដែល​ឈ្មួញ​ទិញ​រើសយក​តែ​ផ្លែធំ​ក្នុង​តម្លៃ​ទាប​មិន​ធ្លាប់​មាន​ពោល​គឺ​១គីឡូ​៣០០រៀល។ ប៉ុន្តែ​យ៉ាងណាមិញ ប្រធាន​សមាគមស្វាយ​ក្នុង​ខេត្តកំពង់​ស្ពឺ​លើក​ឡើង​ថា ប្រសិន​បើ​កសិករ​ចង់ក្រង​បណ្ដាញ​ជាមួយ​សមាគម ផ្លែ​ស្វាយ​នឹង​មាន​តម្លៃ​ពី​៨០០​ទៅ​១០០០រៀល​ក្នុង​មួយ​គីឡូ​ក្រាម។

រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម លោក ហ៊ាន វណ្ណហន បាន​ហៅ​សកម្មភាព​ចាក់​ស្វាយ​ចោលរបស់​កសិករ​ថា ជា​ការ​បំផ្លាញ​ខ្លួនឯង។ បំផ្លាញ​ខ្លួន​ឯង​នៅ​ត្រង់​ថា ដី​ដែល​ធ្លាប់​ដាំដុះ​ស្វាយ​នឹងដាំ​លែង​កើត​ព្រោះ​តែ​ស្វាយ​ដែល​ចាក់ចោល​ត្រូវ​បាន​សត្វ​ល្អិត​ស៊ី​បំផ្លាញ​ហើយ នឹង​ប៉ះ​ពាល់ដល់​ដី។ ទោះ​ជា​គ្មាន​ទីផ្សារ​កសិករ​អាច​ច្នៃ​ស្វាយ​ជា​ដំណាប់​សម្រាប់​ការ​លក់​ចេញ​បាន ដែលនេះ​ជា​ដំណោះ​ស្រាយ​បឋម ប្រសើរ​ជាង​ការ​ចាក់​ស្វាយ​ចោល​បែប​នេះ។

តែ​យ៉ាង​ណា​តំណាង​កសិករ​បាន​ថ្លែង​ការពារ​ថា ក្រសួង​កសិកម្ម​ត្រូវ​រក​ទីផ្សារ​ជូន​កសិករ​នៅពេល​ដែល​ពួក​គេ​ប្រឈម​នឹង​ការ​គ្មាន​ទីផ្សារ​បែប​នេះ ប្រសើរ​ជាង​ការ​ស្ដី​បន្ទោស​ដល់​កសិករ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ