អានតួអត្ថបទ
កម្ពុជា-សង្គម

កម្ពុជា​រំពឹង​ថា នឹង​មាន​អ្នក​ចូលរួម​១ម៉ឺន​នាក់​ក្នុង​ព្រឹត្តការណ៍​រត់​ប្រណាំង​នៅ​ឆ្នាំ​២០២០

មនុស្ស​៦២០០នាក់ បាន​ចូលរួម​ទិវា​រត់​ប្រណាំង​ភ្នំពេញ​ពាក់​កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ​លើកទី៩​នា​ថ្ងៃ​អាទិត្យនេះ។ លោក វ៉ាត់ ចំរើន អគ្គ​លេខា​ធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជាអះអាងថា អ្នក​ចូល​រួម​រត់​ប្រណាំងភ្នំពេញ​ពាក់​កណ្ដា​ល​​ម៉ារ៉ាតុង​នៅ​ឆ្នាំ​២០១៩​នេះ មាន​ការ​កើន​ឡើង​លើស​ការ​រំពឹង​ទុក។ ក្នុង​នោះ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុ​ជា​​នឹង​យក​ភាព​ជោគជ័យ​និង​ចំណុច​ខ្វះខាត​នៅ​ក្នុង​ឆ្នាំ​២០១៩នេះ ទុក​ជា​បទ​ពិសោធន៍​ក្នុងការ​ត្រៀម​រៀបចំ​នៅ​ឆ្នាំ​២០២០ ដែល​អាច​នឹង​មាន​អ្នក​ចូល​រួម១​ម៉ឺន​នាក់។

រូបភាព៖សកម្មភាពរត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងលើកទី៩
រូបភាព៖សកម្មភាពរត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងលើកទី៩ @ Nhek Sreyleak
ផ្សាយពាណិជ្ជកម្ម

ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​ថ្ងៃ​អាទិត្យ​នេះ លោក វ៉ាត់ ចំរើន អគ្គ​លេខា​ធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​គូស​បញ្ជាក់​ថា ព្រឹត្តការណ៍​រត់​ពាក់​កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ​លើក​ទី៩​ នា​ថ្ងៃ​អាទិត្យ​នេះ​ ទទួលបាន​ជោគជ័យ តាម​រយៈ​កំណើន​នៃ​អ្នក​ចូល​រួម​យ៉ាង​គំហុក​លើ​វិញ្ញាសា​រត់ រយៈ ចម្ងាយ ១០ គីឡូ​ម៉ែត្រ។ ហើយទន្ទឹម​នឹង​នោះ កំណើន​ជនបរទេស​ចូលរួម​ដល់​ទៅ​ជាង​៥០០​នាក់។

ទន្ទឹម​នឹង​ជោគជ័យ អគ្គ​លេខា​ធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក លោក វ៉ាត់ ចំរើន ទទួល​ស្គាល់​ថា ព្រឹត្តការណ៍​រត់​ឆ្នាំ​នេះ ប្រឈម​នឹង​កង្វះ​មេដាយ​ផ្ដល់​ជូន​ជ័យ​លាភី ដែល​មេដាយ​បំរុង​ទុក​មាន​ចំនួន​ជាង​៤ពាន់មេដាយ ខណៈ​ចំនួន​អ្នក​ចូល​រួម​ដល់​ទៅ​ជាង​៦​ពាន់​នាក់។ ដូច្នេះ​ហើយ​ចំណុច​ខ្វះ​ខាត​នៅ​ក្នុង​ឆ្នាំ២០១៩​នេះ នឹងក្លាយ​ជា​បទ​ពិសោធន៍​ប្រុង​ប្រយ័ត្ន​ក្នុង​ឆ្នាំ២០​២០។ ឆ្នាំ​២០២០ បើ​តាម​ការ​ប៉ាន់​ស្មាន ​នឹង​មាន​អ្នក​ចូល​រួម​ប្រមាណជា​១​ម៉ឺន​នាក់ ព្រោះ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក នឹង​ប្រារព្ធ​ខួប​១០​ឆ្នាំ​នៃ​ការ​រត់​ប្រណាំង​ភ្នំពេញ​ពាក់​កណ្ដា​លម៉ារ៉ាតុង​អន្តរជាតិ។

លោក វ៉ាត់ ចំរើន បាន​ឆ្លៀត​ឱកាស​នេះ ផ្ញើ​សារ​ដល់​ជ័យលាភី​ដែល​មិន​ទាន់​ទទួល​បាន​មេដាយ ឲ្យ​ទៅ​ទទួល​យក​មេដាយ​ដោយ​ផ្ទាល់​បាន​នៅ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។ សូម​ជម្រាប​ជូន​ថា ការ​រត់​ប្រណាំងភ្នំពេញ​ពាក់​កណ្ដាល​ម៉ារ៉ា​តុង​អន្តរជាតិ​នៅ​ភ្នំពេញ​នា​ថ្ងៃ​ទី​១៦ មិថុនា​នេះ ចែក​ចេញ​ជា​បី​វិញ្ញាសារ​រួមមាន៖ ការ​រត់រយៈ​ចម្ងាយ​៣គីឡូម៉ែត្រ​ជា​លក្ខណៈ​គ្រួសារ ការ​រត់​រយៈ​ចម្ងាយ​១០​គីឡូ​ម៉ែត្រ និង​ការ​រត់​រយៈ​ចម្ងាយ​២១គីឡូម៉ែត្រ​ពាក់​កណ្ដាល​អាជីព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ