អានតួអត្ថបទ
កម្ពុជា

តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ទាំង ៥​រូប​ដដែល​

ក្រោយ​បើកសវនាការ​ពេញ​មួយថ្ងៃ​ព្រហស្បតិ៍​នេះ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​បន្ត​ឃុំខ្លួន​លោកមា​ជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ផ្សព្វផ្សាយ​គណ​​បក្ស​សង្គ្រោះ​ជាតិ និង សកម្មជន៤នាក់​ផ្សេងទៀត​នៅក្នុង​ពន្ធនាគារ​ដដែល។ មេធាវី​ការពារ​ក្តី បាន​ហៅ​ការសម្រេច​នោះ​ថា ជា​អយុត្តិធម៌ ហើយ​ថា នឹង​ប្តឹងទៅ​សាលាឧទ្ធរណ៍​បន្តទៀត ដើម្បី​ស្នើសុំ​ឲ្យ​លោកមា​ជ សុវណ្ណារ៉ា និង សកម្មជន៤នាក់​ទៀត បាន​នៅក្រៅ​ឃុំ។

លោកមាជ ​សុវណ្ណារ៉ា ​ពេល​បញ្ជូន​មក​តុលាការ​សាលា​ដំបូងរាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ ខែធ្នូ ​ឆ្នាំ២០១៤​
លោកមាជ ​សុវណ្ណារ៉ា ​ពេល​បញ្ជូន​មក​តុលាការ​សាលា​ដំបូងរាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ ខែធ្នូ ​ឆ្នាំ២០១៤​ RFI/ Siv Chana
ផ្សាយពាណិជ្ជកម្ម

គឺ​ម៉ោង​ប្រមាណជាង៤ រសៀល ចៅក្រម​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​សម្រេច​បន្ត​ឃុំខ្លួន​លោកមា​ជ សុវណ្ណារ៉ា និង សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ចំនួន​បួនរូប​ទៀត ​នៅក្នុង​ពន្ធនាគារ​ព្រៃ​ស​ដដែល។ ការសម្រេច​នេះ ផ្ទុយ​នឹង​ការរំពឹង​របស់​លោកមា​ជ សុវណ្ណារ៉ា ដែលថា​តុលាការ​ នឹង​ផ្តល់​យុត្តិធម៌​ដល់​រូបលោក និង​សកម្មជន​ផ្សេងទៀត។

លោក​ហែម សុជាតិ មេធាវី​ការពារ​ក្តី​លោកមា​ជ សុវណ្ណារ៉ា បាន​ហៅ​ការសម្រេច​នោះ​ថា ជា​រឿង​​អយុត្តិធម៌​បំផុត​សម្រាប់​កូនក្តី​របស់លោក។ ជា​រឿង​អយុត្តិធម៌ ព្រោះថា​ចៅក្រម​ជំនុំជម្រះ​មិនមាន​ហេតុផល​ផ្លូវច្បាប់​អ្វី​ទាំងអស់ ​ក្នុងការ​សម្រេច​បន្ត​ឃុំ​កូនក្តី​របស់លោក ដោយ​គ្រាន់តែ​អះអាងថា ចម្លើយ​របស់​ជនជាប់ចោទ​មិនអាច​ជឿ​បាន។

នេះ​ជា​លើក​ទី​បី​ហើយ ដែល​លោកមា​ជ សុវណ្ណារ៉ា និង​សកម្មជន​បួន​នាក់​ផ្សេងទៀត ត្រូវបាន​តុលាការ​បដិសេធ​ការស្នើសុំ​នៅក្រៅ​ឃុំ។ លោកមា​ជ សុវណ្ណារ៉ា និង​សកម្មជន​ទាំង​បួន​នាក់​នេះ ក៏​ធ្លាប់​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ​និង​សាលាឧទ្ធរណ៍​ទាត់​ចោល​​សំណើ​នៅក្រៅ​ឃុំ​នេះ​ជា​បន្តបន្ទាប់​នាពេល​កន្លងមក​ផងដែរ។ បើតាម​លោក​មេធាវី ហែម សុជាតិ សកម្មជន​ទាំង៥នាក់​នោះ ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ ដឹកនាំ​កុបកម្ម និង ការចូលរួម​ក្នុង​ចលនា​កុបកម្ម​ដែល​បង្ក​ឲ្យ​មាន​អំ​ហិង្សា​កើតឡើង​នៅក្បែរ​ទីលាន ប្រជាធិបតេយ្យ​ កាលពី​ថ្ងៃទី១៥ កក្កដា​កន្លងទៅ។

សូមបញ្ជាក់ថា សវនាការ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅថ្ងៃនេះ គឺជា​ការបើក​សវនាកា​រ​លើ​​សំណុំរឿង​ពាក់ព័ន្ធ​នឹង​អំពើហិង្សា​នៅក្បែរ​ទីលាន​ប្រជាធិបតេយ្យ ដែលមាន​ជនជាប់ចោទ​ជា​សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ចំនួន១១ រូប​បាន​ចូលរួម។ ក៏ប៉ុន្តែ​ដោយសារតែ មាន​សំណើ​​នៅក្រៅ​ឃុំ​របស់​លោកមា​ជ សុវណ្ណារ៉ា និង សកម្មជន​បួន​នាក់​ទៀត ​មិនទាន់បាន​ម្រេច​​​នោះ តុលាការ​បាន​យក​សវនាការ​នេះ​ជំនុំជម្រះ​លើ​សំណើសុំ​នៅក្រៅ​ឃុំ​នេះ​តែម្តង។ ចំ​​​ណែក​សវនាការ​ជំនុំជម្រះ​លើ​អង្គសេចក្តី​នៃ​សំណុំ​រឿងនេះ បាន​យក​លើក​ទៅធ្វើ​នៅ​ថ្ងៃ ទី០៨ ខែ មករា ឆ្នាំ២០១៥វិញ។

គណបក្ស​សង្គ្រោះ​ជាតិ និង​អង្គការ​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា បាន​ហៅ​ការចាប់ខ្លួន​សកម្មជន​​គណ​បក្សា​សង្គ្រោះ​ជាតិ​ទាំងនោះ​ថា ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ។ ហើយ​ការសម្រេច​បន្ត​ឃុំខ្លួន​សកម្មជន​បក្សប្រឆាំង​នៅពេលនេះ ក៏​មិន​ឃ្លាត​ពី​រឿង​នយោបាយ​ដូចគ្នា។  លោក អំ សំអាត ប្រធាន​បច្ចេកទេស​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្សរ​បស់​អង្គការ​លីកាដូ ដែល​បាន​តាមដាន​ដំណើរការ​សវនាការ​នេះ បាន​លើកឡើងថា ការសម្រេច​បន្ត​ឃុំខ្លួន សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ ​ដោយ​តុលាការក្រុង​ភ្នំពេញ នេះ គឺ​ស្ថិតនៅក្រោម​ហេតុផល​នយោបាយ​ជាជាង​ហេតុផល​ផ្លូវច្បាប់។ លោក​អំ សំអាត បាន​អំពាវនាវ​ដល់​គណបក្ស​នយោបាយ​​ទាំងអស់​ឲ្យ​បញ្ឈប់​យក​ប្រជាពលរដ្ឋ ឫ សកម្មជន​គណបក្ស​ធ្វើ​ឧបករណ៍​នយោបាយ​​ត​ទៅទៀត។

យ៉ាងណាក៏ដោយ ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាងថា ពួក​គេ​នឹង​ប្តឹងទៅ​តុលាការ​សាលាឧទ្ធរណ៍​បន្តទៀត ដើម្បី​ស្នើសុំ​ឲ្យ​លោកមា​ជ សុវណ្ណារ៉ា និង សកម្មជន៤ នាក់​ទៀត អាច​នៅក្រៅ​ឃុំ​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ