អានតួអត្ថបទ
បទយកការណ៍

រដូវ៖ កង្វះ​ការ​អប់​រំ និង​ភាព​អៀន​ខ្មាស នៅ​តែ​ជា​បញ្ហា​ប្រឈម​របស់​សិស្ស​ស្រី​ជនបទ

ចុះផ្សាយ​នៅ​ថ្ងៃ៖

«មិន​ស្រួល​ខ្លួន ឬ​បង​ប្អូន​មក​លេង»បាន​ក្លាយ​ជា​ពាក្យ​ពេញ​និយម​សម្រាប់​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ជំនួស​ឲ្យ​ការ​និយាយ​ដោយ​ចំហរ​ថា​ មករដូវ។ ការ​មក​រដូវ នៅ​តែ​ជា​រឿងលាក់​បាំង សម្រាប់​មនុស្ស​ស្រី​ទូទៅ​ជាពិសេស​ក្មេង​ស្រី​នៅ​តាម​ទី​ជន​បទ។ នេះ​ក៏​ដោយ​សារ​តែ​កង្វះ​ការ​អប់រំ​មិន​ទាន់​ទូលំទូលាយ​ទាំង​នៅ​សាលារៀន​និង​នៅ​ក្នុង​រង្វង់​គ្រួសារ។ នៅ​ក្នុង​គ្រួសារ​​ថា ការ​មក​រដូវ​គឺ​ជា​រឿង​សម្ងាត់​ផ្ទាល់​ខ្លួន​របស់​កូន​ស្រី។ នៅសាលារៀនសិស្ស​ស្រី មិន​ហ៊ាន​សូម្បី​តែ​ប្រាប់អា​ការៈរបស់ខ្លួនពេល​កំពុង​មក​រដូ​វទៅ​កាន់​អ្នកគ្រូ។ តែ​ទោះ​ជា​យ៉ាង​​ណា​សម្រាប់​អ្នក​ជំនាញ​ផ្នែក​សុខភាព​ថា សង្គម​គួរ​តែ​ប្ដូរ​ការ​គិត​ចំពោះបញ្ហា​មក​រដូវ ​ព្រោះ​ការ​មក​រដូវ​ជា​រឿង​សុខភាព​ដែល​ចាំ​បាច់​ត្រូវ​យល់​ដឹង និង​រក្សា​អនាម័យ មិន​មែន​ជា​រឿង​ផ្លូវ​ភេទ​ដែល​គួរ​ខ្មាស​អៀន​ហើយ​លាក់​បាំង​នោះ​ទេ។ យើង​ស្ដាប់​សេចក្ដី​រាយការណ៍​របស់អេងគីមហុងដែល​បាន​ចុះ​ទៅ​ទៅ​យក​ការណ៍ពីប្រធាន​រឿង​នេះ​ពី​ខេត្ត​រតនគិរី៖

រូបភាព៖ ​តំណាង​ក្មេង​ស្រី​ជជែក​គ្នា​អំពី​ការ​មក​រដូវ
រូបភាព៖ ​តំណាង​ក្មេង​ស្រី​ជជែក​គ្នា​អំពី​ការ​មក​រដូវ @យូនីសេហ្វ
ផ្សាយពាណិជ្ជកម្ម

«ខ្ញុំ​គ្រាន់​តែ​ប្រាប់​គាត់(លោកគ្រូ អ្នកគ្រូ)ថា ចុកពោះ ឬ​មិន​ស្រួល​ខ្លួន តែ​មិន​ធ្លាប់​ប្រាប់​ថា មក​រដូវ​ឡើយ។ គាត់​មិន​ដឹង​ឡើយ​ថា ខ្ញុំ​មក​រដូវ។ គាត់​គ្រាន់​តែ​គិត​ថា ខ្ញុំ​ប្រហែល​មិនស្រួល​ខ្លួន​មែន»។

«ពេល​មក​រៀន​ចុក​ពោះ​មែនទែន! តែ​ពេល​នៅ​ផ្ទះ​ដូច​មិន​សូវ​អីទេ​ ព្រោះ​នៅ​តែ​ឯង។ នេះ​ដោយ​សារ​តែ​ពេល​មក​រៀន​ភ័យ​ខ្លាច​គេ​ឃើញ(ឈាមរដូវ) ជា​ពិសេស​មិត្តភក្ដិ​អង្គុយជិត​តែ​ម្ដង»។

នេះ​ជា​ការ​បង្ហាញ​អារម្មណ៍​ពិត​របស់​ក្មេង​ស្រី​២​នាក់​ ក្នុង​វ័យ​១៤​ឆ្នាំ​ដូច​គ្នា និង​ជា​សិស្ស​រៀន​​​ថ្នាក់​ទី៦ នៃ​សាលា​បឋម​សិក្សា​អណ្ដូង​មាស ក្នុង​ខេត្តរតនគិរី។

ដើម្បី​ទៅ​ដល់​សាលា​បឋម​សិក្សា​អណ្ដូង​មាស គេ​ត្រូវ​ធ្វើ​ដំណើរ​ជិត​២​ម៉ោង ដោយ​មាន​ចម្ងាយ​​ផ្លូវ​ប្រមាណ​ជា​ជិត​៦០​គីឡូ​ម៉ែត្រ​ពី​ទី​រួម​ខេត្ត។ សាលា​បឋម​សិក្សា​អណ្ដូង​មាស​មាន​​១១​បន្ទប់​និង​សិស្ស​សរុប​៤៨៤​នាក់​ ក្នុងនោះ​ សិស្ស​ស្រី​៣៥៧​នាក់​ ប្រុស​១២៧​នាក់​។ នៅ​ក្នុង​បរិវេណ​សាលា​ដែល​មើល​ឃើញ​មាន​អគារ​សិក្សា​ចាស់​និង​ថ្មី​នៅ​ទល់​មុខ​គ្នា ខណៈ​ទី​ធ្លា​សាលា​ទាំង​មូល​ត្រូវ​គ្រប​ដណ្ដប់​ដោយ​ស្លឹក​ឈើ​ជ្រុះ​រាយប៉ាយ​ពេញ​ផ្ទៃ​ដី។ ដី​ដែល​ក្រាល​ដោយ​គ្រួស​ក្រហម។

កុមារី​រាជ្យនី នៅ​ក្នុង​សម្លៀក​បំពាក់​ជា​សិស្ស អាវស សំពត់ខៀវ មាន​រាង​តូច​ស​ស្ដើង ភ្នែក​តូចៗ តាំង​ចិត្ត​ស្ដាប់​សំណួរ​ខ្ញុំ​ដោយ​យក​ចិត្ត​ទុក​ដាក់ ហើយ​ឆ្លើយ​តប​ដោយ​សម្ដីស្រួយ​ស្រែ​ស​ថា ការ​មក​រដូវ​របស់​មនុស្ស​ស្រី​មិន​អាច​លាក់​ទុក​តែ​ម្នាក់​ឯង​បាន​ទេ​។«ដូច្នេះ​ហើយ​ខ្ញុំ​ចង់​បាន​គ្រូ​ស្រី​ស្ដាប់ និង​ផ្ដល់​ការ​ប្រឹក្សា​ដល់​ខ្ញុំ និង​សិស្ស​ស្រី​ឯ​ទៀត»។

ដោយ​សារ​តែ​មិន​មាន​គ្រូ​ប្រឹក្សា ឬ​ពន្យល់​ពី​បញ្ហា​មក​រដូវ ភាគ​ច្រើន​នៃ​សិស្ស​ស្រី​យក​បញ្ហា​​នេះ ទៅ​ជជែក​ជាមួយ​មិត្តភត្តិ​គ្នា​ឯង។ ជជែក​មក​ដល់​ចំណុច​នេះ រាជ្យនី​សើចដោយ​បិទ​ភ្នែក​ថា « ខ្ញុំ​ជ្រើស​យក​កន្លែង​ស្ងាត់ និង​និយាយ​ខ្សឹបៗ ទៅ​កាន់​ពួក​គេ​ឲ្យ​យកតម្រាប់​រៀប​ចំ​ខ្លួន​តាម​ខ្ញុំ តែ​ខំ​ហ្នឹង! ការ​រៀប​ចំ​ខ្លួន​មិន​ស្រួល​នាំ​ឲ្យ​ខ្មាស​គេ»។

«ពី​មុន​ធ្លាប់​តែ​នៅ​ស្រួលៗ​គ្មាន​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​មក​រដូវ​នៅ​រៀង​រាល់​ខែ​ទេ» រាជ្យ​នី រ​អ៊ូ​បែប​នេះ ព្រោះទើបមករដូវ​បាន​មួយ​ឆ្នាំ​ប៉ុណ្ណោះ​។ ក្មេងស្រី​តូច​រូប​នេះ​ឲ្យ​ដឹង​ថា នៅ​ផ្ទះ ​នាង​ប្រើប្រាស់​បន្ទប់​ទឹក​ក្នុង​រយៈ​ពេលយូរ​និង​ញឹក​ញាប់​អំឡុង​ពេល​មក​រដូវ។ តែ​ពេល​មក​សាលា ទម្លាប់​នេះ​បាន​ផ្លាស់​ប្ដូរ។ ផ្លាស់​ប្ដូរ​ដោយ​​សារតែ «សិស្ស​ប្រុស​ស្រីផ្សេង​ទៀត គេ​ក៏​ចង់​ចូល​ដូច​យើង​ដែរ។ ដូច្នេះ​វា​វេទនា ដែល​យើង​ចូល​បន្ទប់​ទឹក​យូរៗ ហើយ​មាន​អ្នក​រង់​ចាំ​នៅ​ខាង​ក្រៅ»។

រាជ្យនី​ចង់​ឲ្យ​សាលា​គិត​គូរ​ដល់​ការ​ធ្វើ​បន្ទប់​ទឹក​​ដាច់ដោយឡែកសម្រាប់​តែ​សិស្ស​ស្រី​ចូល​​ប្រើប្រាស់​ កុំ​ឲ្យ​លាយ​ឡំ​ជា​មួយ​សិស្ស​ប្រុស។«ព្រោះ​ថា ការមក​រដូវ​វា​ពិបាក​ត្រូវ​ចំណាយ​ពេល​នៅ​ក្នុង​បន្ទប់​ទឹក​ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្ដូរ(សំឡី)»។ ដោយ​សារថា ពិបាក​ក្នុង​ការ​ផ្លាស់ប្ដូរនៅសាលា​នេះ​ហើ​យ ​ទើប​សិស្ស​ស្រីខ្លះ​​បង្ខំ​​ចិត្ត​​ទៅ​​ផ្ទះ​ក្នុង​ម៉ោងរៀន​។

នៅ​សាលា​បឋម​សិក្សា​អណ្ដូង​មាស បន្ទប់​ទឹក​មាន​ចំនួន​៣ ប្រើ​ប្រាស់​រួម​គ្នា​រវាង​សិស្ស​ទាំង​ពីរ​ភេទ​នៅ​ក្នុង​សាលារៀន​របស់​រាជ្យនី។បន្ទប់​ទឹក​នេះ​សាងសង់​ឡើង​ក្រោម​ការ​ឧបត្ថម្ភ​ថវិកា​ដោយ​អង្គការ​ផ្លេន​អន្តរជាតិ PLAN និង​ប្រទេស​ស៊ុយ​អែត។ ក្រៅ​ពី​សុវ​ត្ថិ​ភាព អ្នកគ្រូ​ដែល​ទទួល​បន្ទុក​ផ្នែក​អនាម័យ​អះអាង​ថា អនាម័យ​នៃ​បន្ទប់​ទឹក​ក៏​រក្សា​បានផង​ដែរ។

«ពី​មុនខ្ញុំ​សម្រេច​ចិត្ត​លាក់​អារម្មណ៍​ឈឺ​ចា​​​ប់ព្រោះ​តែ​​មក​រដូវ​ពេល​កំពុងរៀន ឬ​បង្ខំ​ចិត្ត​ផ្លាស់​ប្ដូរ​សំឡី​នៅ​ក្នុង​ព្រៃ​ចំការ​របស់​អ្នក​ភូមិ​ជាប់​សាលា» នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​ចាន់ធី។កូន​ស្រី​ជនជាតិ​ភាគ​តិច​រូប​នេះ បដិសេធ​មិន​ឲ្យ​ថត​សំឡេង​ឡើយ​ព្រោះ​មាន​ភាព​​ខ្មាស​អៀន។

មាន​មាឌ​ធំ​ខ្ពស់​អាយុ​ទើប​តែ​១៤​ឆ្នាំ ចាន់ធី​មាន​ភាព​អៀន​ខ្មាស​មិន​សូវ​ជា​ហ៊ាន​និយាយ។ ចាន់ធី ទម្រង់​មុខ​ឡើង​គ្រាប់​មុន​មួយៗ បែប​ទំនង​ជា​ប្រែប្រួល​ទៅ​តាម​ការ​មក​រដូវ បាន​រំឭក​ថា «ខ្ញុំ​មិន​ហ៊ាន​ងើប​ពី​តុ​ឡើយ ព្រោះ​តែ​ឈាម​រដូវ​ប្រឡាក់​ជាប់​សំពត់ ក៏​បង្ខំចិត្ត​អង្គុយ​រៀន​រហូត​ដល់​សិស្ស​ចេញ​ពី​សាលា​ឡើង​ស្ងាត់»។

ជា​ការ​កត់​សម្គាល់ បង្គន់​អនាម័យ និង​កន្លែង​លាង​សម្អាត​ដៃ​នៅ​មិន​ទាន់​គ្រប់​គ្រាន់ដើម្បី​រក្សា​អនាម័យ និង​ភាព​ថ្លៃ​ថ្នូរ​របស់​សិស្ស​នៅ​ឡើយ​ទេ នៅ​សាលា​រៀន​នៅ​កម្ពុជា។ ក្រៅ​ពី​នេះ សិស្ស​ស្រី​នៅ​ខ្វះខាត​សំឡី​អនាម័យ សម្រាប់​ផ្តល់​ភាព​ងាយ​ស្រួល និង​ការការពារ​ខ្លួន​ក្នុង​ពេល​រៀន​ពេញ​មួយ​ថ្ងៃ និង​ខ្វះ​ភាព​ឯកជន​ដើម្បី​ផ្លាស់​ប្តូរ និង​បោះ​ចោលសំឡី​អនា​ម័យ​នៅ​ទ្បើយ។ ការ​មក​រដូវ​ដោយ​គ្មាន​សម្ភារៈ និង​បរិក្ខារ​សំខាន់ៗ​ទាំង​នេះ អាច​បណ្តាល​ឲ្យ​ក្មេង​ស្រី​ខកខាន​មិន​បាន​មក​រៀន ឬ​បោះបង់​ចោល​ការ​សិក្សា​តែ​ម្តង។

ការ​សិក្សា​មួយ​ដែល​ធ្វើ​ឡើង​រួម​គ្នា​ដោយ​អង្គការ Water Aid និង​យូនីសេហ្វ កាល​ពី​ឆ្នាំ​២០១៦ បាន​បង្ហាញ​ថា ការ​ខ្វះ​ចំណេះ​ដឹង​អំពី​ការ​មក​រដូវ និង​ការ​រក្សា​អនាម័យ​ក្នុងពេល​មក​រដូវ ធ្វើ​ឲ្យ​ក្មេង​ស្រី​មិន​អាច​ថែ​ទាំ​សុខភាព​របស់​ខ្លួន និង​ធ្វើ​ឲ្យ​ពួក​គេ​ភ័យ​ខ្លាច និង​ព្រួយ​ចិត្ត​ថែម​ទៀត​ផង។

ការ​សិក្សា​ក៏​បាន​រក​ឃើញដែរ​ថា សមា​ជិក​គ្រួសារ​ជា​ស្រ្តី គឺ​ជា​ប្រភព​ផ្តល់​ព័​ត៌មាន​អំពី​ការ​មក​រដូវ ប៉ុន្តែ​គ្រូ​បង្រៀន និង​មិត្ត​ភក្តិ មិន​មែន​ជា​ប្រភព​ផ្តល់​ព័ត៌​មាន​ឡើយ។

«នៅ​​ពេល​​ដែល​​កូ​ន​​ខ្ញុំ​​មក​​រដូ​វ​​ថ្ងៃ​​ដំបូង​ ខ្ញុំ​​​ភ័យ​​​មែន​​ទែន​​​ពេល​​​គេ​​​ស្រែក​​​ថា ចុក​​​​ពោះ ​​​ទោះ​​​បី​ខ្ញុំ​​​​ជា​​​ម្ដាយ​​​ធ្លាប់​ឆ្លង​​កាត់​​អាការៈ​នេះ​ក៏​ដោយ! ដូច្នេះ​សាលា​គួរ​បន្ថែម​ចំណេះ​ដឹង​ទាក់​ទងការ​មក​រដូវ​ជា​រឿង​ល្អ»។ នេះ​ជា​យោបល់​ម្ដាយកុមារី ​រាជ្យនី​ អ្នកស្រី ឡុង សាវ៉ៃ។

អ្នកស្រី​​សាវ៉ៃ ​​អង្គុយ​​នៅ​​ជាប់​​កូន​​ស្រីបាន​​កត់​សម្គាល់​ថា​ ភាគ​ច្រើន ​ក្មេងស្រី​ជនជាតិ​ដើម​ភាគតិច​ជ្រើស​យក​ការ​យំ ជាជាងនិយាយ​ប្រាប់​បញ្ហា​​អំឡុង​ពេល​មក​រដូវទៅ​កាន់​ក្រុម​គ្រួសារ​និង​គ្រូបង្រៀន។ «នរណា​មិន​អៀន​នៅ​ពេល​និយាយ​ថា ខ្លួន​មក​រដូវ ប្រាប់ទៅ​កាន់​គ្រូ​ប្រុស​។ (សើច) សូម្បី​តែ​ខ្ញុំ​ក៏​នៅ​អៀន​ដែរ»។

ចាន់ធី យល់ស្របនឹងអ្នកស្រីសាវ៉ៃដែរ «មិត្ត​ភក្ដិ​តែង​​ជំរុ​ញ​​​ឲ្យ​​ខ្ញុំ​​យ​​ក​បញ្ហា​​ដែ​ល​​បណ្ដា​ល​​មក​ពីកា​រ​មក​រដូវ​ប្រាប់​ទៅ​អ្នក​គ្រូ ​ឬ​លោក​​គ្រូ​ដែរ តែ​ខ្ញុំ​អៀន​ណា​ស់»​។

សមាជិក​ក្រុម​ប្រឹក្សា ឃុំ​អណ្ដូង​មាស ដែល​ជា​ជន​ជាតិ​ដើម​ភាគ​តិច ឈ្មោះ​អ្នក​ស្រី កាឡា​ន អែវ ថា មួយ​ផ្នែក​នៃ​អំឡុង​ពេល​មក​រដូវ​នៅ​សាលា​រៀន គេ​មិន​ត្រូវ​មើល​រំលងការ​ទុក​ដាក់​កាក​សំណល់​ឡើយ។ «ការ​ទុក​ដាក់​មាន​សុវត្ថិភាព​នឹង​បញ្ចៀស​ការ​ចម្លង​មេរោគ»។

កន្លង​មក​ក្រសួង​អប់រំ និង​អង្គការ​សង្គមស៊ីវិល​បាន​ចែក​ចាយ​សៀវភៅ​ប្រមាណ​ជិត ១៥០​.០០០ ក្បាល​ដល់​សាលា​បឋម​សិក្សា​ ក្នុង​ខេត្ត​ចំនួន​១១ ស្ដី​ពី​ចំណេះ​ដឹង​ពាក់ព័ន្ធ នឹង​ការ​មក​រដូវ​ដែល​ក្មេង​ស្រី​អាច​រក្សា​អនាម័យ​ខ្លួន​ប្រាណ​ក្នុង​ពេល​មក​រដូវ និង​រក្សា​វដ្តរដូវ​ឲ្យ​ទៀង​ទាត់ ។

លោក កែវ ស៊ីថា នាយក​សាលា​អណ្ដូង​មាស ឲ្យ​ដឹង​ថា​ កម្មវិធី​សិក្សា​ក្រសួងក៏​បាន​បញ្ចូ​ល​​ដែរ អំពីការ​រក្សា​អនាម័យ​សិស្ស​ស្រី​ពេល​មក​រដូវ​។ «ចំណែក​នៅ​ខាង​ក្រៅ​យើង​តែងតែ​លើក​ទឹក​ចិត្ត​ឲ្យ​សិស្ស​ស្រី​ប្រាប់​បញ្ហា​ទៅ​កាន់​អ្នកគ្រូ ប្រសិន​បើ​ខ្មាស​មិន​ហ៊ាន​ប្រាប់លោកគ្រូ»។

ការ​ខ្មាស​អៀន​ត្រូវ​បាន​លោក​នាយក​សាលា កែវ ស៊ីថា ដាក់​ការ​សន្និដ្ឋាន​ថា ជា​មូល​ហេតុ​​នាំ​ឲ្យ​សិស្ស​ស្រី​អវត្តមាន​នៅ​ក្នុង​ម៉ោង​រៀន។ «ភាគ​ច្រើន​គេ​គ្រាន់​តែ​ប្រាប់​ថា​ មិនស្រួ​ល​ខ្លួន​ហើយ​សុំ​ទៅ​ផ្ទះ​តែ​ប៉ុណ្ណឹង»។

ការ​សិក្សា​អំពី​ការ​គ្រប់គ្រង​អនាម័យ​ពេល​មក​រដូវ​នៅ​ប្រទេស​កម្ពុជា ចេញ​ផ្សាយ​ដោយ​ក្រសួង​អប់រំ និង​យូនីសេហ្វ បង្ហាញថា សិស្សស្រី ​១៦,៧% អវត្ត​មាន​ពី​សាលា​អំឡុង​ពេល​​​ពួក​គេ​មាន​រដូវ។ តាម​រយៈ​ការ​សិក្សា​នោះ ក្មេង​ស្រី​ត្រូវ​ការ​ជំនួយ​ដើម្បី​ឲ្យ​ពួក​គេ​អាច​​គ្រប់​គ្រង​រដូវ​ឲ្យ​បាន​ត្រឹម​ត្រូវ ។ ស្ថាប័ន​ទាំងពីរ​ឯកភាព​ថា ការ​គ្រប់​គ្រង​អនាម័យរដូវ ត្រឹម​​ត្រូវ​នៅ​តាម​សាលា មាន​សារៈ​សំខាន់​នៅ​ក្នុង​ការ​ធានា​ថា ក្មេង​ស្រី​មិន​បោះ​បង់​សាលា និង​បន្ត​ការ​សិក្សា។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ គោល​ការណ៍​អនុវត្ត​ស្ដីពី​ទឹក​ស្អាត​និង​អនាម័យ​តាម​សាលា​រៀន​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​២០១៦ បាន​កំណត់​ឲ្យ​សាលា​រៀន​មាន​ទឹក​សម្រាប់​ការ​លាង​សម្អា​ត ដែល​យក​មក​ពី​ប្រភព​ទឹក​ដែល​បាន​កែ​លម្អ។ ក្នុង​នោះ​ក៏​ត្រូវ​មាន​ដែរ សំឡី​អនាម័យ​សម្រាប់​សិស្ស​ស្រី ប្រើ​ប្រាស់​ពេល​ត្រូវ​ការ​បន្ទាន់។ ចំពោះ​បង្គន់​អនាម័យ​សិស្ស​ស្រី ត្រូវ​មាន​ធុង​សំរាម​សម្រាប់​គ្រប់​គ្រង​អនាម័យ​ពេល​មក​រដូវ។

លោក អេង ណូរី មន្ត្រី​អង្គការ​ផ្លេន​អន្តរជាតិ​ផ្នែក​កុមារ​និង​ទំនុក​បំរុង​លើក​ឡើង​ថា ភាគ​ច្រើន​​កុមារី​នៅ​ជនបទ​មាន​ការ​យល់​តិច​តួច​ទាក់​ទង​ការ​មក​រដូវ ដែល​ចំណុច​នេះ​ធ្វើ​ឲ្យ​គាត់​​អៀន​ខ្មាស​បង្ខំ​ចិត្ត​បោះបង់​ចោល​ការ​សិក្សា។ «ជំហាន​ដំបូង ដោះ​ស្រាយ​ភាពអៀន​ខ្មាស​គឺ​អ្នក​គ្រូស្ម័គ្រ​ចិត្ត​ផ្ដល់​ការ​ពិគ្រោះ​បណ្ដោះ​អាសន្ន​ជា​រឿង​ល្អ»។

«តាំង​ពី​ខ្ញុំ​មក​បង្រៀន​សិស្ស​នៅ​ទី​នេះ វា​មិន​សូវ​មក​ប្រាប់​ខ្ញុំ​នូវ​បញ្ហា​ការ​មក​រដូវ​របស់​វា​ទេ។ តែ​មិត្តភក្ដិ​គ្នា​វា វា​ប្រាប់»។ នេះ​ជា​ការ​លើក​ឡើង​របស់​អ្នកគ្រូ សៅ គីមលាវ។

លើស​ពី​នេះ លោក វី ឌុច្ជដា គ្រូពេទ្យ​ឯក​ទេស​ផ្នែក​ជំងឺ​ក្រពេញ និង ទឹក​នោម​ផ្អែម នៃ​សាកល​វិទ្យាល័យ វិទ្យាសាស្រ្ត​សុខាភិបាល​ឲ្យ​ដឹង​ថា ការ​មិន​យក​ចិត្ត​ទុក​ដាក់​រក្សា​អនា​ម័យ​​ពេល​មក​រដូវ ធ្វើ​ឲ្យ​ស្ត្រី​ប្រឈម​បញ្ហា​ពីរ​សំខាន់​គឺ ការ​បង្ក​មេរោគ​និង​ចម្លង​រោគ​ក្នុង​អំឡុង​ពេល​មក​រដូវ​ថែម​ទៀត​ផង។​ «យើង​ដឹង​ហើយ​ថា ការ​មក​រដូវ​របស់​មនុស្ស​ស្រីមាន​ធ្លាក់​ឈាម នាំ​ឲ្យ​ប្រព័ន្ធ​ការពារ​រាង​កាយ​ចុះ​ខ្សោយ ដូច្នេះ​ទើប​វា​ងាយ​នឹង​ចម្លង​មេរោគ»។

លោកគ្រូពេទ្យ វី ឌុច្ជដា បាន​លើក​ទឹក​ចិត្ត​ដល់​សង្គម​ខ្មែរ​ឲ្យ​កែប្រែ​ការ​គិត​ដែល​ថា ការ​មក​​រដូវ​ជា​រឿង​អាសអាភាស​ពាក់ព័ន្ធ​នឹង​រឿង​ផ្លូវ​ភេទ។ បើ​តាម​ការ​ពន្យល់​របស់​លោកវេជ្ជ​បណ្ឌិត ការ​មក​រដូវ​ជា​រឿង​ដែល​សង្គម​និង​ជា​ពិសេស​គ្រួសារ ត្រូវ​យក​ចិត្ត​ទុក​ដាក់ក្នុង​ការ​ថែរក្សា​សុខភាព។ «វា​ល្មម​ដល់​ពេល​ដែល​យើង​ហ៊ាន​និយាយ​ជា​សាធារណៈហើយ​ចំពោះ​ការ​មក​រដូវ។ បើ​រវល់​តែ​ខ្មាស​អៀន ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​រក្សា​អនាម័យ​ពេល​មក​រដូវ​សម្រាប់​ក្មេង​ស្រី នឹង​មិន​អាច​រីក​ចម្រើន​ទៅ​មុខ​បាន​ឡើយ»។ ម្យ៉ាង​បើគ្រាន់​តែ​និយាយ​អំពី​ការ​មក​រដូវ វា​មិន​អាច​ក្លាយ​ជា​ការ​ជំរុញ​ឲ្យ​មនុស្ស​គិត​ដល់​ការ​រួមភេទ​ទេ។ នេះ​ជា​ការ​បន្ថែម​របស់​លោក វី ឌុច្ជដា ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ