ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 15/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/10 12h00 GMT
កម្ពុជា

ជំនួប​ចៃ​ដន្យ​រវាង​សម្តេច​ក្រុម​ព្រះ​ និង​លោក​ ញឹក ​ប៊ុនឆៃ ​និយាយ​ពី​ការ​បង្រួប​បង្រួម​បក្ស​ទាំង​ពីរ​ឡើង​វិញ​

media ការជួបជុំអ្នកគាំទ្រគណបក្សហ្វ៊ុនស៊ិនប៉ិច មុនពេលហែក្បួនឃោសនា @RFI

សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ និង លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​ជួបគ្នា​ដោយ​ចៃ​ដន្យ​កាល​ពី​១០​ថ្ងៃ​មុន​នេះ​ នៅ​ព្រះ​រាជ​ដំ​ណាក់​វាល​ស្បូវ ​បន្ទាប់ពី​មេដឹក​នាំ​គណ​បក្ស​បង​ប្អូន​គូ​សត្រូវ​ទាំង​ពីរ​ចែក​ផ្លូវ​គ្នា​ដើរ​អស់​រយៈ​ពេល​ជិត​១០​ឆ្នាំ​។ ​ជំនួប​ចៃ​ដន្យ​នេះ​ ភាគី​ទាំង​ពីរ​បាន​និ​យាយ​ដល់​ការ​បង្រួប​បង្រួម​គណ​បក្ស​រាជា​និយម​នេះ​ឡើង​វិញ​នៅ​ពេល​ខាង​មុខ​ ពោល​នៅ​ពេល​ព្រះរាជ​បុត្រ​សម្តេច​ក្រុម​ព្រះ​​យាង​ពី​ក្រៅ​ប្រទេស​មក​វិញ​។

តាម​រយៈ​បទ​សម្ភាស​ជា​មួយ​វិទ្យុ​បារាំង​អន្តរជាតិ ​RFI ​នៅ​ថ្ងៃ​អាទិត្យ​នេះ លោក ញឹក ប៊ុនឆៃ ប្រធាន​គណ​បក្ស​ខ្មែរ​រួប​រួម​ជាតិ​ បាន​គូស​បញ្ជាក់ថា ជំនួប​ចៃ​ដន្យ​រវាង​លោក និង​សម្តេច​ក្រុម​ព្រះ កាល​ពី​១០​ថ្ងៃ​មុន គឺ​តាម​រយៈ​​ម្ចាស់​ក្ស​ត្រី​យ៍ ម៉ារី រណឫទ្ធិ​។

បើ​តាម​លោក ញឹក ប៊ុនឆៃ ព្រះរាជ​សុខភាព​របស់​សម្តេច​ក្រុម​ព្រះ​នៅ​ពេល​នេះ​បាន​ល្អ​ឡើង​វិញ​ហើយ ​ដោយ​ទ្រង់​អាច​មាន​បន្ទួល​មក​កាន់​លោក​បាន​គ្រប់​ម៉ាត់ និង​ច្បាស់ៗ​ ប៉ុន្តែ​តាំង​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍យ៉ាង​ធ្ងន់ធ្ងរ​ប្រហែល​មួយ​ឆ្នាំ​មក​នេះ ​ទ្រង់​មិន​អាច​មាន​បន្ទួល​បាន​ច្រើន​ឡើយ​។

និយាយ​ដល់​ការ​ចង់​បង្រួប​បង្រួម​គណ​បក្ស​អតីត​គូសត្រូវ​ទាំងពីរ​ឡើង​វិញ លោក ញឹក ប៊ុនឆៃ អះអាងថា នេះ​ជា​បន្ទួល​ចេញ​ពី​មាត់​ផ្ទាល់​របស់​សម្តេច​ក្រុម​ព្រះ​មក​កាន់​លោក ហើយ​លោកក៏​បាន​យល់​ព្រម​ចំពោះ​​ព្រះរាជ​បំណង​មួយ​នេះ ដែល​លោក​ចាត់​ទុក​ថា ​ជា​ការ​បង្រួប​បង្រួម​ជាលើក​ចុង​ក្រោយ​បង្អស់​ហើយ​។

គួរឲ្យ​ដឹង​ថា សម្តេច​ក្រុម​ព្រះ​ត្រូវ​បាន​បណ្តេញ​ចេញពី​ប្រធាន​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច កាលពី​ខែ​តុលា ឆ្នាំ​២០០៦​ ហើយ​បន្ទាប់​មក​ព្រះអង្គ​បាន​ភៀស​ព្រះ​កាយ​ទៅ​ក្រៅ​ប្រទេស​ដោយ​បង្កើត​គណ​បក្ស​ថ្មី​ដាក់​ឈ្មោះ​ថា គណ​បក្ស​នរោត្តម រណឫទ្ធិ ខណៈ​គណ​បក្សហ្វ៊ុនស៊ិនប៉ិច​ធ្លាក់​ទៅ​លើ​ លោក ញឹក ប៊ុនឆៃ​។

ប៉ុន្តែ​ក្រោយមក​ លោក ញឹក ប៊ុនឆៃ បាន​យល់​ព្រះ​យាង​សម្តេច​ក្រុម​ព្រះ​មក​ដឹកនាំ​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិចវិញ តែ​ដោយសារ​នៅតែ​មិនចុះ​សម្រុង​គ្នា លោក ញឹក ប៊ុនឆៃ ក៏​រត់​ទៅ​បង្កើត​គណបក្ស​ថ្មី​មួយ​ទៀត​​ដែល​មាន​ឈ្មោះ​ដល់​សព្វ​ថ្ងៃ គឺ​គណ​បក្ស​ខ្មែរ​រួបរួម​ជាតិ​។​ ជា​លទ្ធផល​នៃ​ការ​បែក​បាក់​គណបក្ស​ដែល​ជាកេរ្តិ៍​ដំណែល​រាជានិយម​ទាំង​ពីរ​នេះ មិន​ទទួល​បាន​អាសនៈ​សោះ​ឡើយ​នៅក្នុង​ការ​បោះ​ឆ្នោត​២​អាណត្តិ​ជាប់​ៗ​មក​គ្នា​មក​នេះ​។

យ៉ាងណាក៏ដោយ ចំពោះ​ការ​បង្រួប​បង្រួម​ជា​លើក​ចុង​ក្រោយ​នេះ ត្រូវ​បាន​លោក ញឹក ប៊ុនឆៃ ​បញ្ជាក់ថា នឹង​ធ្វើ​ឡើង​ជាផ្លូវការ ក្រោយ​ពេល​ព្រះ​រាជ​បុត្រ​សម្តេច​ក្រុម​ព្រះ គឺ ព្រះអង្គ​ម្ចាស់ នរោត្តម ចក្រាវុធ​យាងពីប្រទេស​បារាំង វិញ ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ