អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

ក្រសួង​កសិកម្ម​នឹង​បញ្ជួន​មន្រ្តី​ជំនាញ​ទៅ​ពិនិត្យ​ជា​បន្ទាន់​ដល់​កន្លែង​ដែល​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អា​ហ្វ្រិក​

ក្រសួង​កសិកម្ម​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌​មាន​មួយ​នៅថ្ងៃ​ម្សិលមិញ​ដោយ​អំពាវ​នាវ​ឲ្យ​ប្រជា​កសិករ​ចិញ្ចឹម​ជ្រូក​ រក្សា​ភាព​ស្ងប់​ស្ងាត់ ​និង​អត់​ធ្មត់ ​ដោយ​ក្រសួង​នឹង​បញ្ជូន​មន្រ្តី​ជំនាញ​បសុព្យា​បាល​ រួម​ទាំង​ឧបករណ៍​វិភាគ​ ចុះ​ពិនិត្យ​ជា​បន្ទាន់​ដល់​ទី​កន្លែង​ដែល​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​។​ ចំណាត់​ការ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​ជំនាញ​បាន​សម្លាប់​សត្វ​ជ្រូក​ ចំនួន ​ជិត​មួយ​ពាន់​ក្បាល ​ខណៈ​មាន​ជ្រូក​សរុប​​ជាង ​ពីរ​ពាន់ក្បាល បាន​ងាប់ ​និង​ត្រូវ​បំផ្លាញ​ចោល ដោយ​សារ​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​។

សត្វជ្រូកនៅកសិដ្ឋានមួួយកន្លែងនៅកម្ពុជា(រូបតំណាង)
សត្វជ្រូកនៅកសិដ្ឋានមួួយកន្លែងនៅកម្ពុជា(រូបតំណាង) ©សុវណ្ណារា
ផ្សាយពាណិជ្ជកម្ម

យោង​តាម​ក្រសួង​កសិកម្ម​ ក្នុង​ករណី​លទ្ធផល​វិភាគ​សំណាក​ឈាម​មិនមាន​វត្ត​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ទេ ក្រសួង​នឹង​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​លក់​ជ្រូក​ចេញ​ពី​តំបន់​នោះ ដើម្បី​ពលរដ្ឋ​​ទទួល​បាន​ប្រាក់​ចំណូល​ពី​ការ​ចិញ្ចឹម​ជ្រូក​កន្លង​មក​។

ការ​ប្រកាស​យ៉ាង​ដូច្នេះ​របស់​ក្រសួង​កសិកម្ម គឺជា​ការ​ឆ្លើយ​តប​នឹង​កង្វល់​របស់​ប្រជា​កសិករ​ចិញ្ចឹម​ជ្រូក​ដែល​ព្រួយ​បារម្ភ​ពី​វិធាន​ការ​ទប់​ស្កាត់​របស់​មន្រ្តី​ជំនាញ ដែល​ហាម​ឃាត់​ការទិញ​ លក់​ជ្រូក នៅ​តំបន់​ដែល​មាន​ផ្ទុះជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក។ ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ដែល​បាន​ផ្ទុះនៅខេត្ត​ រតនៈគិរី ត្បូង​ឃ្មុំ ស្វាយរៀង និង​ខេត្តតាកែវ កាលពី​ពេលថ្មីៗ​នេះ។​

នៅគ្រា​ដែល​មានផ្ទុះ​ជំងឺ​នេះ ក្រសួង​កសិកម្ម​បាន​ផ្អាក​ជា​បណ្តោះ​អាសន្ន​នូវ​ការ​ ចិញ្ចឹម​ ទិញ លក់ និង​ដឹក​ជញ្ជួន​សត្វ​ជ្រូក​គ្រប់​ប្រភេទ​ពី​តំបន់​ដែល​មាន​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​។

មន្ត្រី​ជំនាញ​ពី​ក្រសួង​កសិកម្ម បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី ១១កក្កដា​ថា ក្រុម​ជំនាញ​បាន​សម្លាប់​សត្វជ្រូក យ៉ាង​ហោច​ណាស់​ចំនួន ៧៩៨ក្បាល ខណៈមាន​ជ្រូក​សរុប​​ជាង ២ ០០០ក្បាល បាន​ងាប់ និង​ត្រូវ​បំផ្លាញ​ចោល ដោយ​សារការ​ឆ្លងរាល​ដាល​នៃ​ជំងឺ​ប៉េស្ត​ជ្រូក​​អាហ្វ្រិក។ តាម​អ្នក​ជំនាញ ជ្រូក​មួយ​ក្បាល ​មាន​តម្លៃប្រមាណ ២០០ដុល្លារ ដូច្នេះ​ចំពោះ​ការបង្ក្រាប​ជ្រូក​មាន​ជំងឺនេះ គឺមានការខាតបង់​ប្រាក់​ប្រមាណ​ជា ​៤០០.០០០ដុល្លារ។

គួររំលឹកដែរថា នៅ​ក្នុង​ប្រតិបត្តិ​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ពី​ប្រទេស​ជិត​ខាង​នេះ រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​លោក​វេង សាខុន បាន​ព្រមាន​ថា​នឹង​ដក​តំណែង​មន្ត្រី​បសុពេទ្យ​ណា ដែល​មាន​ការ​ធ្វេស​ប្រហែស​នឹង​ការ​ងារ ខណៈប្រធាន​ការិយាល័យ​បសុ​ពេទ្យ​មួយ​រូប នៅ​ខេត្ត​ត្បូង​ឃ្មុំ ត្រូវ​បាន​ដក​ពី​តំណែង ដោយ​សារ​មិន​មាន​កិច្ច​សហការ​ពេញ​លេញ​នៅ​ក្នុង​ការងារ​នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ