អានតួអត្ថបទ
កម្ពុជា-សង្គម

​ក្រសួង​សុខា​ភិបាល​អំពាវ​នាវ​ឲ្យ​ប្រុង​ប្រយ័ត្ន​ការ​ពុល​ចំណី​អាហារ​អំឡុង​បុណ្យ​ភ្ជុំ​បិណ្ឌ​

ក្រសួង​សុខា​ភិបាល​បាន​​អំពាវ​នាវ​ឲ្យ​ប្រជាជន​មាន​ការ​​ប្រុង​​ប្រយ័ត្ន​​ចំពោះ​ការ​ពុល​ចំណី​អាហារ​នៅ​អំឡុង​បុណ្យ​​ភ្ជុំ​បិណ្ឌ​ពី​ថ្ងៃ​ទី​២៥​ខែ​កញ្ញា​ ដល់​ថ្ងៃ​ទី​១០​ខែ​តុលា​។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​មួយ​កាល​ពី​ម្សិល​មិញ​។​ ការ​ពុល​ចំណី​អាហារ​ រាប់​ទាំង​ការ​ពុល​ស្រា​ផង​នោះ ​ត្រូវ​បាន​ក្រសួងចាត់​ទុក​ថា​ នៅ​តែ​ជា​បញ្ហា​ដ៏​សំខាន់ ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់ ទាំង​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ និង​ប្រទេស​អភិវឌ្ឍន៍​។ 

ពិធីបុណ្យភ្ជុំបិណ្ឌ
ពិធីបុណ្យភ្ជុំបិណ្ឌ @REUTERS
ផ្សាយពាណិជ្ជកម្ម

បើ​តាម​ក្រសួង​សុខាភិបាល​ ការ​ពុល​អាហារ​ ដែល​នាំឲ្យ​ក្អូត​ រាក​ និង​ការពុល​​ស្រា ​គឺ​បង្ក​ឡើង​ដោយ​​សារ​​ចំណី​អាហារ​គ្មាន​អនាម័យ​ ឬ​ទឹក​​កខ្វក់​​ ដែល​មាន​​មេរោគ​ បាក់​តេរី​ វីរុស​​ប៉ារ៉ាស៊ីត​ ឬ​សារ​ធាតុ​គីមី​។ ​មូល​ហេតុ​ដែល​ចំណី​អាហារ​ទាំងនោះ​មាន​បញ្ហា​ដល់​​​សុខ​ភាព​អ្នក​បរិភោគ​ គឺ​ដោយ​សារ​តែ​​ការ​រៀប​​ចំ​​អាហារ​​មិន​មាន​​អនាម័យល្អ​ ទាំង​ចំណី​អាហារ​ ​ទាំង​​អ្នក​​រៀប​​ចំទុក​ដាក់ និង​ការ​ចែក​ចាយចំណីអាហារ។ ដោយឡែក ការពុលស្រា គឺមកពីការផលិត ឬបិតស្រា ដែលមិនមានលក្ខណៈ​បច្ចេក​ទេស​ត្រឹម​ត្រូវ។ នេះបើតាមក្រសួងដដែល។

តាម​ការ​​ពិសោធន៍​​របស់​​ក្រសួង​​សុខា​ភិបាល​បាន​​រក​ឃើញថា​ ស្រាស ​ឬស្រាថ្នាំ ​ដែល​​បង្ក​​ឲ្យ​អ្នក​​ផឹក​​ពុល​​កន្លងម​ក ​គឺ​មាន​សារធាតុ​​មេតាណុល​​កម្រិត​​ខ្ពស់ ​​ដែល​​ធ្វើឲ្យ​​ពុល​ ហើយ​​ក្រសួង​​បានប្រាប់​​ឲ្យ​បញ្ឈប់​​ជា​បន្ទាន់​ នូវ​​ការ​​បរិភោគ​​ស្រាស ​ឬស្រា​ថ្នាំ ​ដែល​​ទិញ​​ពី​​ប្រភព​​មិន​​ច្បាស់​​លាស់​ និង​​ដែល​​ផលិត​​ដោយ​​គ្មាន​​ការ​​ត្រួត​​ពិនិត្យ​​ត្រឹម​ត្រូវ​។​

សូម​រំឮក​​ថា​ យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន​​១៣​នាក់​បាន​​ស្លាប់​ជាបន្ត​បន្ទាប់​គ្នា​និង​រាប់​រយនាក់​ទៀត​មាន​អាការៈ​ពុល​ ​នៅ​ខេត្ត​​ក្រចេះ​កាល​ពី​អំឡុង​ខែឧសភា​ឆ្នាំ​២០១៨​នេះ ​ដោយ​ក្រ​សួង​​សុខា​ភិបាល​​អះអាង​ថា​មក​ពី​ការ​ពុល​ស្រាស​។​

យ៉ាង​​ណា​ក៏ដោយ​ ក្នុង​សេចក្តី​អំពាវនាវនៅ​ថ្ងៃ​ទី​២៥​ខែកញ្ញា​ ក្រសួងសុខាភិបាល​បានលើកឡើង​ថា ​ទោះ​បីជា​រដ្ឋាភិបាល​​នៃបណ្តា​​ប្រទេស​នានា​​លើពិភព​លោ​ក​​បាន​​និង​​កំពុង​​ធ្វើ​​ឲ្យ​ប្រសើរ​ឡើង​នូវ​សុវត្ថិភាព​នៃ​​ការ​ផ្គត់​ផ្គង់​ស្បៀង​អាហារ​ក៏ដោយ​ ប៉ុន្តែ​ការ​កើតឡើង​នៃការ​ពុល​អាហារ ​នៅតែជាបញ្ហាយ៉ាង​សំខាន់​ទាំងក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ និង​ប្រទេស​អភិវឌ្ឍន៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ