អានតួអត្ថបទ
កម្ពុជា-ច្បាប់

គ.ជ.ប ប្ដូរ​នីតិវិធី​ដោះ​ស្រាយ​បណ្ដឹង

គណៈកម្មាធិការជាតិ​រៀប​ចំ​ការ​បោះឆ្នោត​គ.ជ.ប បាន​សម្រេច​ប្ដូរ​នីតិវិធី​ដោះ​ស្រាយបណ្ដឹង​ពី​សវនាការ​ជា​សាធារណៈ​ទៅ​ជា​សវនាការ​សង្ខេប​ចាប់​ពី​ថ្ងៃ​ទី​១៩​មករា​នេះ។ ក្នុង​ន័យ​នេះ​គ.ជ.ប ​ក៏​ពិនិត្យ​ទៅ​លើ​ប្រភេទ​នៃ​ពាក្យ​បណ្ដឹង​ដែរ ប្រសិន​បណ្ដឹង​នោះទាក់​ទង​នឹង​ច្បាប់​ដែល​មាន​ចែង​ស្រាប់​គ.ជ.ប នឹង​ដោះស្រាយ​តាមរយៈ​សវនាការ​សង្ខេប។ ប៉ុន្តែ​ប្រសិន​បើ​បណ្ដឹង​នោះ​ទាក់​ទង​អង្គហេតុ​ដែល​ត្រូវ​ការ​ព័ត៌មាន​បន្ថែម​នឹង​ដោះស្រាយ​តាម​រយៈ​សវនាការ​សាធារណៈ។

រូបថត៖ មន្ត្រីគជបដែលបានធ្វើសន្និសីទកាសែតនៅព្រឹកថ្ងៃទី១៩មករាឆ្នាំ២០១៧
រូបថត៖ មន្ត្រីគជបដែលបានធ្វើសន្និសីទកាសែតនៅព្រឹកថ្ងៃទី១៩មករាឆ្នាំ២០១៧ @RFI
ផ្សាយពាណិជ្ជកម្ម

ការ​សម្រេច​ប្ដូរ​នីតិវិធី​ដោះ​ស្រាយ​បណ្ដឹង​របស់​គ.ជ.ប ពី​សវនាការ​សាធារណៈ​ទៅ​ជា​សវ​នា​ការ​​សង្ខេប​ត្រូវ​បាន​គ.ជ.ប​លើក​បង្ហាញ​នៅ​ក្នុង​សន្និសីទ​កាសែត​ស្ដីពី​ការ​ដោះស្រាយ​បណ្ដឹង​តវ៉ា បណ្ដឹង​ជំទាស់ ពាក់ព័ន្ធ​នឹង​បញ្ជី​បោះឆ្នោត​ដំបូង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩​មករា​នេះ​។ ហើយ​នីតិវិធី​ដោះ​ស្រាយ​បណ្ដឹង​តាម​រយៈ​សវនាការ​សង្ខេប​នឹង​ចាប់​អនុវត្ត​នៅថ្ងៃ​ទី​១៩​មករា​នេះ​ទៅ​លើ​ពាក្យ​បណ្ដឹង​ចំនួន​២៣។

លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​គជប បាន​គូស​បញ្ជាក់​ថា ប្រសិន​បើ​សវនាការ​សង្ខេបដោះ​ស្រាយ​តែ​ទៅ​លើ​សំណុំ​រឿង​ពាក់ព័ន្ធ​អង្គ​ច្បាប់​នោះ​នឹង​មាន​តម្លា​ភាព។ ប៉ុន្តែប្រសិន​បើ​បណ្ដឹង​នោះ​ទាក់ទង​អង្គ​ហេតុ​ដែល​ចាំ​បាច់​ត្រូវ​ការ​ស៊ើប​អង្កេត​និង​រក​ព័ត៌មានបន្ថែម​គឺ​គ.ជ.ប ត្រូវ​តែ​ជំនុំ​ជម្រះ​តាមរយៈ​សវនាការ​ជា​សាធារណៈ​វិញ។ ចំពោះ​សវនាការសង្ខេប​ដែល​ដោះ​ស្រាយ​លើ​បណ្ដឹង​ចំនួន​២៣​នៅ​ថ្ងៃ​ទី​១៩​មករា​នេះ លោក​ពុទ្ធា​រំពឹង​ថានឹង​ទទួល​បាន​លទ្ធផល​ខ្លះ។

សូមបញ្ជាក់ថា តាម​រយៈ​សវនាការ​ជា​សាធារណៈ​នៅ​ថ្ងៃ​១៨​មករា គ.ជ.ប បាន​ជំនុំជម្រះ​ទៅ​ពាក្យ​បណ្ដឹង​ចំនួន​១៦​ដែល​ជា​បណ្ដឹង​ជំទាស់​សុំ​លុប​ឈ្មោះ​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ចំនួន​២០០​នាក់​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ដំបូង។ ការ​ដោះ​ស្រាយ​ដែល​បានអូស​បន្លាយ​រហូត​ដល់​ម៉ោង​១១​យប់ ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​គ.ជ.ប​ បាន​សម្រេច​រក្សា​ទុកឈ្មោះ​អ្នក​បោះ​ឆ្នោត​ទាំង​២០០​នាក់​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ដំបូង​ដដែល។ គ.ជ.ប​ក៏​បាន​បើក​ផ្លូវ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​មិន​ពេញ​ចិត្ត​នឹង​សេចក្ដី​សម្រេច​នេះ ប្ដឹង​ជំទាស់​ទៅក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ក្នុង​រយៈ​ពេល​៥​ថ្ងៃ​យ៉ាង​យូរ។

គិត​ត្រឹម​ថ្ងៃ​ទី​១៨​មករា គ.ជ.ប ទទួល​បាន​បណ្ដឹង​សរុប​ចំនួន​១៤៧​បណ្ដឹង។ ដោះ​ស្រា​យ​បាន​ចំនួន​៣៩​បណ្ដឹង ។ តាម​រយៈ​សវនាការ​ជា​សាធារណៈ​បី​ថ្ងៃ​កន្លង​មក​នេះ​ ដែលការ​ជំនុំ​ជម្រះ​ត្រូវ​បាន​បិទ​បញ្ចប់​ដល់​យប់​ជ្រៅ​នោះ គ.ជ.ប នៅ​មិន​ទាន់​បាន​លុប​ឈ្មោះប្រជា​ពលរដ្ឋ​ណា​ម្នាក់​ចេញ​ពី​បញ្ជី​ឈ្មោះបោះ​ឆ្នោត​ដំបូង​នៅ​ឡើយ​ទេ៕  
 
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ