អានតួអត្ថបទ
កម្ពុជា

គ.ជ.ប មិន​អនុញ្ញាត​ឲ្យ​អ្នក​ដែល​មិន​បាន​ចុះ​ឈ្មោះ​សង្កេត​ការណ៍​ចេញ​សេចក្តី​ថ្លែង​ការណ៍​វាយ​តំលៃ​ការ​បោះឆ្នោត​

គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា (គ.ជ.ប) នៅ​រសៀល​ថ្ងៃ​ទី ២០​កក្កដា​នេះ បាន​ចេញ​សេចក្តី​ណែនាំ ៣​ចំនុច បញ្ជាក់​បន្ថែម ដល់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​មិន​បាន​សុំ​ចុះ​ឈ្មោះ​ជា​អ្នក​សង្កេតការណ៍​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​។ ជាការ​បញ្ជាក់តាម​ច្បាប់​ស្តី​ពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ ដែល​មិន​អនុញ្ញាត ឲ្យ​អង្គការ សមាគម ដែល​មិន​បាន​ចុះ​ឈ្មោះ​សង្កេតការណ៍ ​ធ្វើ​សកម្មភាព​បំពេញ​ការងារ និង​ចេញ​សេចក្តី​ថ្លែងការណ៍​នានា​វាយ​តំលៃ​ការ​បោះឆ្នោត​បាន​ឡើយ​។

សកម្មភាពរបស់អ្នកសង្កេតការណ៍បោះឆ្នោត ពេលរាប់សន្លឹកឆ្នោត។
សកម្មភាពរបស់អ្នកសង្កេតការណ៍បោះឆ្នោត ពេលរាប់សន្លឹកឆ្នោត។ Getty Image
ផ្សាយពាណិជ្ជកម្ម

សេចក្តីណែនាំ ៣ចំនុច បាន​បញ្ជាក់ថា សមាគម និងអង្គការ​មិនមែន​រដ្ឋាភិបាល ដែល​បាន​ស្នើសុំ​ចូលរួម​សង្កេតការណ៍បោះឆ្នោត ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​ គ.ជ.ប មាន​សិទ្ធិ​បំពេញ​ការងារ​សង្កេតការណ៍ និង​ចេញ​សេចក្តីថ្លែងការណ៍​ វាយតម្លៃ​លើការបោះឆ្នោតបាន។ ហើយ​អ្នក​សង្កេតការណ៍ទាំងអស់ ត្រូវចាំបាច់​ពាក់ប័ណ្ណ​សម្គាល់​ដែល​គ.ជ.ប ផ្តល់ជូន ក្នុងពេលចុះបំពេញបេសកកម្ម។ ប៉ុន្តែ​សម្រាប់សមាគម និងអង្គការ​មិនមែន​រដ្ឋាភិបាល ដែល​មិនបានសុំ​ចុះឈ្មោះជាអ្នក​សង្កេតការណ៍ទេ មិនអាច​ធ្វើ​សកម្មភាព​បំពេញការងារ និង​ចេញ​សេចក្តីថ្លែងការណ៍នានា ដែល​អាចសន្និដ្ឋាន បានថា ជាការ​វាយតម្លៃលើការបោះឆ្នោតបានឡើយ។

តាមគ.ជ.ប សេចក្តីណែនាំនេះ គឺអនុលោម​តាម​មាត្រា ១០ មាត្រា ១១ មាត្រា ១២ និង​មាត្រា ១៣ នៃច្បាប់​ស្តីពីការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ។ មាត្រាទាំង៤ នៃច្បាប់​ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែល​មាន​ចែងច្បាស់ពីរបៀបវារៈសម្រាប់​អង្គការ សមាគមមិន​មែន​រដ្ឋាភិបាល​ ដែលចង់​ចូលរួម​ជាសាក្សី សម្រាប់ដំណើរការបោះឆ្នោត។

ជាមួយគ្នានេះ លោក កន សាវាង្ស មន្ត្រី​ផ្នែក​ទំនាក់​ទំនង​នៃ​អង្គការ​ខុមហ្វ្រែល (Comfrel) បាន​ទទួលស្គាល់​សេចក្តីណែនាំនេះ ហើយ​បញ្ជាក់ថា អង្គការ​ខុមហ្វ្រែល ដែល​មិន​បាន​ចុះឈ្មោះ​ដាក់​អ្នក​សង្កេតការណ៍​សម្រាប់ការបោះឆ្នោត នាពេលខាងមុខ នឹង​ធ្វើ​តាម​ ព្រោះ​នេះគឺស្រប​តាម​ច្បាប់ស្តីពីការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ។ ក៏ប៉ុន្តែ លោក កន សាវាង្ស បន្ថែមថា អង្គការ​របស់​លោក​ នឹង​ចេញ​សេចក្តីថ្លែងការណ៍ ក្នុង​ករណីដែលមានការ​បំពាន​លើ​សិទ្ធិ​សេរីភាព និង​ឆន្ទៈរបស់ប្រជាពលរដ្ឋ ព្រោះ​ថា​នេះជាករណីទូទៅ ដែល​មិន​ប៉ះពាល់​ដល់​ច្បាប់​ស្តីពីការបោះឆ្នោតនោះទេ។

សូមរម្លឹកជូនថា មាន​​អង្គការ​សមាគម​ធំៗ​ចំនួន​ ៣ បាន​ប្រកាស​មិន​ចូល​រួម​សង្កេត​ការណ៍​ ក្នុងការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នីតិកាលទី ៦នាពេលខាងមុខ ខណៈអវត្តមាន​អតីតគណបក្ស​សង្គ្រោះជាតិ ដែលធ្លាប់​ជា​បក្ស​ប្រឆាំងដ៏ធំមួយ​ក្នុងប្រទេសកម្ពុជា។ អង្គការ​ទាំង ៣នោះ រួមមាន គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ (ខុមហ្វ្រែល) ​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា (​និច​ហ្វិច) និង​​​អង្គការ​តម្លាភាព​កម្ពុជា។ តាម​អង្គការ​ទាំង ៣ មូលហេតុនៃអវត្ត​មាន​របស់ពួកគេ​ជាលើកដំបូងតាំងពីឆ្នាំ ១៩៩៨នេះ ដោយសារមាន​ការ បារម្ភ​ពី​សុវត្ថិភាព​ ក្រោយ​ពី​ការ​បិទ​បន្ទប់​ស្ថានការណ៍​សម្រាប់​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត និង​ថា​ការ​បោះ​ឆ្នោត​ជាតិ​​​ខាង​មុខ​នេះ នឹង​ធ្វើ​ឡើង​ដោយ​មិន​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ខ្លាំង​ក្លា​នោះ​ទេ។

គួរជម្រាបជូនថាដែរថា គិត​ត្រឹម​ថ្ងៃទី ១៦ខែកក្កដា ឆ្នាំ ២០១៨ គ.ជ.ប បាន​សម្រេច​អនុញ្ញាត​ឲ្យ​មាន​អ្នក​សង្កេតការណ៍ជាតិ នៃសមាគម អង្គការ​មិនមែន​រដ្ឋាភិបាល ប្រមាណជិត ៨ម៉ឺននាក់ មក​ពី ១០៧​ស្ថាប័ន ចូលរួម​សង្កេតការណ៍​ការបោះឆ្នោត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ