អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

លទ្ធផល​បណ្តោះ​អាសន្ន៖ គ.ជ.ប. សម្រេច​ឲ្យ CNRP ឈ្នះ CPP នៅ​សង្កាត់​ស្វាយ​ប៉ាក

គ.ជ.ប. បាន​សម្រេច​ឲ្យ​គណបក្ស​សង្រ្គោះ​ជាតិ ទទួល​ជោគ​ជ័យ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ដដែល ​ដោយ​បក្ស​សង្រ្គោះ​ជាតិ នាំ​មុខ​បក្ស​ប្រជាជន ចំនួន ៥ សំឡេង នៅ​សង្កាត់​ស្វាយ​ប៉ាក ខណ្ឌ​ឬស្សី​កែវ រាជ​ធានី​ភ្នំពេញ​។ បន្ថែម​លើ​នេះ គ.ជ.ប. បាន​សម្រេច​រក្សា​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត នៅ​សង្កាត់​ស្វាយប៉ាក​ ដោយ​បក្ស​ប្រឆាំង ទទួល​បាន​សម្លេង ២៨១១ សំឡេង គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ២៨០៦ សំឡេង និង គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ទទួល​បាន​ ១១៧ សំឡេង។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប
ផ្សាយពាណិជ្ជកម្ម

សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី ១៦ មិថុនា គ.ជ.ប. បាន​សម្រេច​បដិសេដ​ទាំង​លើ​បណ្តឹង​របស់​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ប្តឹង​បន្ត​មក​ពី​គណៈកម្មាធិការ​រៀប​ចំ​ការ​បោះឆ្នោត​រាជ​ធានី​ភ្នំពេញ និង​បណ្តឹងរបស់​គណបក្ស​ប្រជាជន​កម្ពុជា​។ ការ​ឈាន​ទៅ​បដិសេដ​បណ្តឹង​របស់​បក្ស​កាន់​អំណាច ត្រូវ​បាន​គ.ជ.ប. បញ្ជាក់​ថា យោង​លើ​មាត្រា ១៤៩ និង​មាត្រា ១៥២ នៃ​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​។

មាន​ន័យ​ថា គ.ជ.ប រក្សា​ទុក​លទ្ធផល​ដដែល ដោយ​យក​តាម​លទ្ធផល​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​កាល​ពី​ដំបូង​នៅ​ក្នុង​សង្កាត់​ស្វាយប៉ាក​ទុក​ជា​បាន​ការ។ សូម​រំឮក​ជូន​ថា លទ្ធផល​បឋម​នៃ​ការ​បោះ​ឆ្នោត​ នៅសង្កាត់​ស្វាយ​ប៉ាក ខណ្ឌ​ឫស្សី​កែវ ដំបូង​ឡើយ គណបក្ស​សង្គ្រោះ​ជាតិ នាំ​មុខ​គណបក្ស​ប្រជាជន​កម្ពុជានោះ ត្រូវ​បាន​បក្ស​ប្រជាជន​កម្ពុជា ប្ដឹង​សុំ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ នៅ​គណៈកម្មការ​រៀប​ចំ​ការ​បោះឆ្នោត រាជ​ធានី​ភ្នំពេញ ហើយ​លទ្ធផល​បាន​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា នាំ​មុខ​គណបក្ស​សង្គ្រោះ​ជាតិ ៧​សំឡេង​វិញ។ដោយ​មិន​សុខ​ចិត្ត​ទើប​បក្ស​ប្រឆាំង​បន្ត​ប្តឹង​មក​គ.ជ.ប.។

គ.ជ.ប. ​នៅថ្ងៃទី ១៧ មិថុនា នេះ បាន​ច្រាន​ចោល​បណ្តឹងចំនួន ៣៣ បណ្តឹង​របស់​គណបក្ស​ធំៗ​ដែល​ បាន​ប្តឹង​បន្ត​មក​ពី​រាជធានី​ខេត្ត​ចំនួន​១០​ និង​ពី​ប្រជាពលរដ្ឋ​១ បណ្តឹង ដោយ​ចាត់​ទុក​ថា​ បណ្តឹង​ទាំង​នោះ​ផុត​កាល​កំណត់​របស់​ច្បាប់​។​

បណ្តឹង​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន ១០​បណ្តឹង ក្នុង​នោះ​ស្នើ​សុំ​ឲ្យ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញចំនួន ១០ បណ្តឹង ចំណែក គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ២២​បណ្តឹង​ ដែល​ក្នុង​នោះ​បណ្តឹង​សុំ​រាប់សន្លឹក​ឆ្នោត​ឡើង​វិញ​ចំនួន ១៩ បណ្តឹង។ ​គិត​ត្រឹម​ថ្ងៃ​ទី​១៥ ​ខែ​មិថុនា​នេះ ​គ.ជ.ប ​បាន​ទទួល​បណ្តឹង​ពី​គណបក្ស​នយោបាយ​ចំនួន​ ៦១​បណ្តឹង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ