ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
កម្ពុជា

ការ​ស្ទង់​មតិ​៖ ​កុមារ​៩​នាក់ ​ក្នុង​ចំ​ណោម​កុមារ​ចំនួន​២៨៣​នាក់​ ធ្លាប់​ប្រើ​ប្រាស់​គ្រឿង​ញៀន​

media ការដុតបំផ្លាញគ្រឿងញៀនជាង២តោន @សហការី

របាយ​ការណ៍​ស្ទង់​មតិ​មួយ​បង្ហាញ​ថា​កុមារ​៩​នាក់​ឬ​៣.៤​ភាគ​រយ​ ក្នុង​ចំណោម​កុមារ​ដែល​បាន​ផ្តល់​សម្ភាស​ចំនួន​២៨៣​នាក់ បាន​រាយ​ការណ៍​ថា ពួក​គេ​ធ្លាប់​ប្រើ​ប្រាស់​គ្រឿង​ញៀន ហើយ​គ្រឿង​ញៀន​ទាំង​នោះ​ជា​ប្រភេទ​ម៉ា​ទឹក​កក ដែល​ពួក​គេ​ទទួល​បាន​មក​ពី​មិត្ត​ភក្ត ​និង​អ្នក​ជិត​ខាង។ ​នេះ​បើ​យោង​តាម​ការ​ចុះ​ស្ទង់​មតិ​ដោយ​អង្គការ​Good Neighbors កាល​ពី​ខែ​សីហា​កន្លង​មក​នេះ​។

ឆ្លង​កាត់​តាម​រយៈ​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​នេះ ត្រូវ​បាន​អង្គ​ការ​Good ​Neighbors ​កត់​សំគាល់​ថា កុមារ យុវជន និង​ប្រជា​ជន​កម្ពុជា កំពុង​រង​ផល​ប៉ះពាល់​ពី​ការ​ចរាច​និង​ការ​កើន​ឡើង​នៃ​គ្រឿង​ញៀន ដែល​នេះ​បាន​ក្លាយ​ជាបញ្ហា​ប្រឈម​យ៉ាង​ធ្ងន់​ធ្ងរ​ និង​រាំង​ស្ទះ​ដល់​ការ​អភិវឌ្ឍន៍​សង្គម​ទាំង​មូល​។

អង្គការ​នេះ​បាន​កត់​សំគាល់​ទៀត​ថា​បញ្ហា​គ្រឿង​កំពុង​រីក​រាល​ដាល​ទាំង​នៅទី​ក្រុង​ភ្នំពេញ​រហូត​ដល់​តាម​បណ្តា​ខេត្ត​នានា ព្រម​ទាំង​សហគមន៍​ដាច់​ស្រ​យ៉ាល​ទៀត​ផង។

បើតាម​អង្គការ​ដដែលនេះ បញ្ហា​គ្រឿង​ញៀន​គឺតម្រូវ​ឲ្យ​មានកិច្ច​អន្តរាគមន៍ និង​ទប់​ស្កាត់​ជាបន្ទាន់​ពី​សំណាក់​អាជ្ញាធរមូល​ដ្ឋាន​ រដ្ឋាភិបាល និង​អ្នក​ពាក់​ព័ន្ធ​ដើម្បីជា​ប្រយោជន៍​សម្រាប់​កុមារ​ និង​សង្គមជាតិ​​ផងដែរ។

ដើម្បីធានាថា​បញ្ហា​គ្រឿង​ញៀន ត្រូវ​បានទប់​ស្កាត់ ហើយទាំង​កុមារ​ក៏ដូចជា​យុវជន​មាន​សុវត្ថិភាព អង្គការGood Neighbors បានលើក​ជាសំណូមពរ​មួយ​ចំនួន​ដូច​ជា៖ ពង្រឹង​​ការ​អនុវត្ត​គោល​នយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព បង្កើន​កម្ម​វិធី​ផ្សព្វផ្សាយ​ពី​ផល​វិបាក​នៃគ្រឿង​ញៀន​នៅតាម​សាលារៀន និង​ត្រួត​ពិនិត្យ​សារធាតុ​ញៀន​ក្នុង​ចំណោម​សិស្ស និង​និស្សិត ជាពិសេស​ត្រូវ​ដាក់​ទោស​ឲ្យ​បាន​ធ្ងន់​ធ្ងរ​បំផុត​ចំពោះ​អ្នក​ផលិត និង​ជួញ​ដូរ​គ្រឿង​ញៀន​។

ថ្វី​ត្បិត​តែ​កម្ពុជា​មិន​មែន​ជា​ប្រទេស​ផលិត​គ្រឿង​ញៀន ​​ប៉ុន្តែ​កម្ពុជា​ទទួលរង​ការធ្វើ​ចរាច​គ្រឿង​ញៀនក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ឆ្លង​កាត់​ទន្លេមេ​គង្គ និង​ព្រំដែន​ពី​ប្រទេស​ថៃ ឡាវ និង​វៀតណាម ដែល​ជា​ដើម​ចម​នាំឲ្យ​គ្រឿង​ញៀន​ធ្លាយ​ចូល​មក​កម្ពុជា។

យោងតាម​របាយការណ៍​របស់​អគ្គ​ស្នង​ការ​នគរបាលជាតិ ត្រឹម​៦ខែឆ្នាំ២០១៩នេះ សមត្ថកិច្ចបង្ក្រាប៣៦៧៦ករណី និង​ឃាត់​ខ្លួន​មនុស្សជាង៧ ៦០០នាក់ ព្រមទាំងដកហូត​គ្រឿង​ញៀន​សរុប៣១២គី​ឡូ​ក្រាម។ ការ​បង្ក្រាប​គ្រឿងញៀន ដែលល្បី​ខ្លាំង​ជា​គេ គឺ​នៅ​មជ្ឈមណ្ឌល​កំសាន្ត​រ៉ុក និង​ក្លិប​កំសាន្ត​ឈ្មោះ Luxary នៅ​ចំ​កណ្តាល​ទីក្រុង​ភ្នំពេញតែ​ម្តង៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ