អានតួអត្ថបទ
កម្ពុជា-ថ្នាំជក់

ក្រសួងសុខាភិបាល​ចេញ​ប្រកាស​ផាក​ពិន័យ​អ្នក​ជក់​បារី​នៅ​ទី​សាធារណៈ​ចំនួន​២​ម៉ឺន​រៀល

«ជន​ណា​ជក់​បារី​នៅ​កន្លែង​ហាម​ឃាត់​ត្រូវ​ពិន័យ​២​ម៉ឺន​រៀល»នេះ​គឺជាសារ​ព្រមាន​របស់​ក្រសួង​សុខាភិបាល​តាម​រយៈ​ប្រកាស​ចុះ​ថ្ងៃ​ទី​១៨​ឧសភា ដែល​តម្រូវ​ឲ្យ​អ្នក​ប្រកប​របរ​លក់ដូរ កន្លែង​ធ្វើ​ការ​ និង កន្លែង​សាធារណៈ​ផ្សេងៗ ត្រូវ​បិទ​ស្លាក​បម្រាម​នៃ​ការ​ហាម​ការ​ជក់​ឬ​ការ​បង្ហុយ​ផ្សែងផលិតផល​ថ្នាំ ​ជក់។ ក្នុង​នោះ​ម្ចាស់​អាជីវកម្ម​ដែល មិន​អនុវត្ត​តាម​ប្រកាស​របស់​ក្រសួង​ពួក​គេ​នឹងទទួល​ការ​ផាក​ពិន័យ​ចំនួន​៥​ ម៉ឺន​រៀល។

រូបភាពៈនេះគឺជាស្លាកសញ្ញាដែលក្រសួងសុខាភិបាលទាមទារឲ្យដាក់ជាចាំបាច់នៅតាមទីសាធារណៈ
រូបភាពៈនេះគឺជាស្លាកសញ្ញាដែលក្រសួងសុខាភិបាលទាមទារឲ្យដាក់ជាចាំបាច់នៅតាមទីសាធារណៈ @RFI
ផ្សាយពាណិជ្ជកម្ម

ប្រកាស​ស្ដីពី​ការ​ដាក់​ស្លាក​បម្រាម​នៃ​ការ​ហាម​ជក់​ឬ​បង្ហុយ​ផ្សែង​ផលិតផល​ថ្នាំជក់​នៅ​ទី​សាធារណៈ​ចុះ​ថ្ងៃ​ទី​១៨​ឧសភា មាន​គោល​បំណង​ដើម្បី​ការពារ​សុខ​មាលភាព​របស់​ប្រជាជន​ពី​ផល​ប៉ះពាល់​នៃ​ផលិតផល​ថ្នាំ​ជក់។ ក្រសួង​សុខាភិបាល​កំណត់​ឲ្យ​បិទ​ស្លាក​បម្រាម​ឲ្យ​មើល​ឃើញ​ច្បាស់ ដូចជា កន្លែង​ចេញ​ចូល កន្លែង​ទទួល​ភ្ញៀវ បន្ទប់​ទឹក​ជា​ដើម។

ក្នុង​នោះ​ក្រសួង​សុខាភិបាល​តម្រូវ​ឲ្យ​ម្ចាស់​អាជីវកម្ម​ឬ​កន្លែង​ប្រកប​របរ​ផ្សេង​ត្រូវ​ដាក់​បម្រាម​ដោយ​សសេរ​ថា«ហាម​ជក់​បារី ​ឬ NO SMOKING»ដោយ​អម​ជា​មួយ​នឹង​សញ្ញា​បម្រាម​ដែល​មានរូប​ភាព​បារី​មួយ​ដើម​នៅ​ក្នុង​រង្វង់​ក្រហម​និង​មាន​បន្ទាត់​ក្រហម​មួយ​គូស​ចំ​អង្កត់​ផ្ចិត​បញ្ឆិត​ពី​ខាងលើ​នៃ​ផ្នែក​ខាង​ឆ្វេង​មក​ខាង​ក្រោម​ផ្នែក​ខាង​ស្ដាំ ។​ នៅ​លើប​ម្រាម​នោះ​ទៀត​សោត​ត្រូវ​ដាក់​សារព្រមាន​ថា​ជន​ណា​ជក់​បារី​នៅ​កន្លែង​ហាម​ឃាត់​ត្រូវ​ពិន័យ​២​ម៉ឺន​រៀល។

អ្វី​ជា​ការ​កត់​សម្គាល់​បម្រាម​នៃ​ការ​ហាម​ជក់​បារី​នេះ​ត្រូវ​បាន​ម្ចាស់​អាជីវកម្ម​ឬ​កន្លែង​ប្រកប​របរមួយ​ចំនួន​អនុវត្ត​រួច​ហើយ​ប៉ុន្តែ​មិន​ទទួល​បាន​ប្រសិទ្ធិ​ភាព។  លោកវេជ្ជបណ្ឌិត មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជាជឿ​ជាក់​ថា ប្រកាស​ស្ដី​ពី​ការ​បិទ​បម្រាម​ហាម​ជក់បារី​នេះ​នឹង​ទទួល​បាន​ប្រសិទ្ធិ​ភាព​ខ្ពស់​ព្រោះ​នេះ​ជា​វិធាន​ការ​សកល​ដែល​គ្រប់​ប្រទេស​គេ​នាំ​គ្នាអនុវត្ត។ ហើយ​ម្យ៉ាង​ទៀត​ប្រសិន​បើ​ម្ចាស់​អាជីវកម្ម​មិន​អនុវត្ត​ពួក​គេ​នឹង​ទទួល​រង​ការ​ផាក​ពិន័យចំនួន​៥​ម៉ឺន​រៀល​ដូច​គ្នា​នឹង​អ្នក​ជក់​ដែល​រង​ការ​ផាក​ពិន័យ​ចំនួន​២​ម៉ឺន​រៀល។

សូម​បញ្ជាក់​ថា ប្រកាស​ស្ដីពី​ការ​ដាក់​ស្លាក​បម្រាម​នៃ​ការ​ហាម​ការ​ជក់​ឬ​ការ​បង្ហុយ​ផ្សែង​ផលិត ផល​ថ្នាំ​ជក់​ធ្វើ​ឡើង​ដោយ​តាម​អនុ​ក្រឹត្យ​ស្ដី​ពី​វិធាន​ការ​ហាម​ជក់​ឬ​បង្ហុយ​ផ្សែង​ផលិត​ផល​ថ្នាំ​ជក់នៅ​កន្លែង​ធ្វើ​ការ​ឬ​កន្លែង​សាធារណៈ​ដែល​អនុម័ត​ដោយ​គណៈ​រដ្ឋ​មន្រ្តី​កាល​ពី​ខែ​មិនា​ឆ្នាំ២០១៦នេះ។

សូមបញ្ជាក់ថា ប្រជាជន​កម្ពុជា​ជិត ១​ម៉ឺន​នាក់ ក្នុងចំណោម​ប្រជាជន ៦លាន​នាក់ នៅលើ​ពិភពលោក បាន​ស្លាប់​ជា​រៀងរាល់ឆ្នាំ ដោយសារ​ការប្រើប្រាស់​ថ្នាំជក់។ ក្នុងនោះ ក៏មាន​អ្នកស្លាប់​​ដោយសារ​ការ​ស្រូប​ផ្សែង​បារី ៦សែន​នាក់​ផងដែរ។ ទឹកប្រាក់ ១០០លាន​ដុល្លា ក៏ត្រូវ​បាន​​ចំណាយ​សំរាប់​ទិញ​បារី នៅ​កម្ពុជា ហើយ​ការចំណាយ​សម្រាប់​ព្យាបាល និង​ថែទាំ​ជំងឺ ដែល​បណ្តាលមកពី​ថ្នាំជក់ គឺមាន​ទំហំ​ធំ​ជាង​ការចំណាយ​លើ​ការទិញ​បារី។ ដូច្នេះ​ការ​ដំឡើង​ពន្ធ​ថ្នាំជក់​ត្រូវគេ​រំពឹងថា​ ​អាចជួយ​កាត់បន្ថយ​ បញ្ហា​ទាំងនេះ​បាន៕ 
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ