ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 13/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/12 12h00 GMT

ពលរដ្ឋខ្មែរ លោក ង៉ែត រើស ធ្លាប់​ធ្វើ​នំបុ័ង​ឲ្យ​អតីត​ប្រធានាធិបតី​បារាំង​បើក​ហាង​នៅស្រុក​ខ្មែរ

ពលរដ្ឋខ្មែរ លោក ង៉ែត រើស ធ្លាប់​ធ្វើ​នំបុ័ង​ឲ្យ​អតីត​ប្រធានាធិបតី​បារាំង​បើក​ហាង​នៅស្រុក​ខ្មែរ
 
រូបភាព៖ លោក ង៉ែត រើស ម្ចាស់ហាងនំបុ័ងឌីស្យុងឌឺប៉ារីស អិនហ្គេត នៅ​ថ្ងៃ​ទី​២៥​ខែ​វិច្ឆិុកា​២០១៨ @kimhong

នៅ​ក្នុង​នាទី​បទ​យកការណ៍​របស់​យើង​នៅ​ថ្ងៃ​នេះ អេង គីមហុង នាំ​អារម្មណ៍​លោក​អ្នក​ស្ដាប់​​ឲ្យ​​ទៅ​ស្គាល់​ជនជាតិ​ខ្មែរ​មួយ​រូប​គឺ លោក ង៉ែត រើស ម្ចាស់​ហាង​នំបុ័ង​ដែល​មាន​ឈ្មោះ​ថា«ឌីស្យុងឌឺប៉ារីស អិនហ្គេត»។ មុន​បើក​ហាង​នំបុ័ង​នៅ​ភ្នំពេញ​ក្នុង​ឆ្នាំ​២០១៤ លោក ង៉ែត រើស ធ្លាប់​ចំអិន​នំបុ័ង​រស់ជាតិ​បែប​បារាំង​ឲ្យ​អតីត​ប្រធានាធិបតី​បារាំង​២​រូបគឺ​លោក នីកូឡា ហ្សាកូស៊ី និងលោក ហ្វ្រងស័រ ហូឡង់​ ទទួល​ទាន។ ប្រើ​ប្រាស់​រូប​មន្ត​ចំអិន​​​នំបុ័ង​ដែល​ធ្លាប់​ធ្វើ​ជូន​ប្រធានាធិបតី​ទាំង​ពីរ បច្ចុប្បន្ន​នំបុ័ង​ចេញ​ពី​ហាង​របស់​គាត់​កំពុង​មាន​ទីផ្សារ​គួរ​សម។

លោក ង៉ែត រើស ពន្យល់ពី​របៀប​ធ្វើ​នំប៉័ង ខណៈ​ពេល​លោក​បោក​ម្សៅ​នំប៉័ង លើ​សូរផូង​ផាំង នៅ​ក្នុង​ហាង​នំប៉័ង «ឌីស្យុងឌឺប៉ារីស អិនហ្គេត»។ ហាង​នំបុ័ង​របស់​លោក ង៉ែត រើស មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​ទឹក​ល្អក់​ទី២។ ​ឈ្មោះ​ហាង​ជា​ភាសា​បារាំងនេះ គឺ​​ឈ្មោះ​នំបុ័ង​មួយ​ប្រភេទ​ដែល លោក ង៉ែត រើស ធ្លាប់​ចំអិន​ឲ្យ​អតីត​ប្រធានាធិបតី​បារាំង២​រូប​ទទួល​ទាន​គឺ លោក នីកូឡា ហ្សាកូស៊ី និង​លោក ហ្វ្រងស័រ ហូឡង់ រយៈ​ពេល​មួយឆ្នាំ គឺ​នៅ​ក្នុង​ចន្លោះ​ឆ្នាំ​២០១២​ដល់​២០១៣​។

(ង៉ែត រើស) គឺ​ឈ្មោះ​ម្ដាយ​ចិញ្ចឹម​ដាក់​ឲ្យ​ក្រោយ​រើស​គាត់​មក​ចិញ្ចឹម ខណៈ​ដែល​រូប​គាត់​ផ្ទាល់​​មិន​ដឹង​ឱពុក​ ម្ដាយ បង្កើត​ជា​នរណា​ឡើយ។ ក្នុង​សម្លៀក​បំពាក់​សាមញ្ញ​ខោ​ខ្លី​ត្រឹ​ម​ជង្គង់ និង​ពាក់​អាវ​កាឡា​ការ៉ូ​ខ្លី​ត្រឹម​កែង​ដៃ មាន​ជាប់​ម្សៅ​នំបុ័ង​ពណ៌​ស​ជាប់​ម្រាម​ដៃ លោក ង៉ែត រើស ឲ្យ​ដឹង​ថា «យើង​ចំអិន​នំបុ័ង​ជូន​ប្រធានាធិបតី​ទាំង​ពីរ​នៅ​ចន្លោះ​ដើម​អាណ​ត្តិ និង​ចុង​អាណត្តិ​នៃ​ការ​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិ​បតី​បារាំង»។

ខ្ញុំ​បាន​ទទួល​ក្លិន​នំប៉័ង​ឈ្ងុយឈ្ងប់ ពេល​ជជែក​ជាមួយ​លោក ង៉ែត រើស នៅ​ក្នុង​ហាង​នំប៉័ង​​របស់​គាត់​​។ លោករើស មានសម្បុរស​ រាងខ្ពស់ស្ដើង បាន​រំឭក​ក្រោយ​បន្តិច​ថា​ មុន​ក្លាយ​ជា​អ្នក​ចំអិន​នំ​អាជីព​សម្រាប់​ប្រធានាធិបតី​បារាំង​គឺ​ត្រូវ​ឆ្លង​កាត់​ប្រឡង​ជ្រើស​រើស​ស្នា​ដៃ​​ជា​មុន​សិន។«នៅ​ក្រុង​ប៉ារីស​មាន​ហាង​នំ​ប្រហែល​១៦៨​ហាង។ ក្នុង​នោះ​ហាង​ខ្ញុំ នំខ្ញុំ បាន​ជាប់​ចំណាត់​ថ្នាក់​លេខ១​ដោយ​ទទួល​បាន​ទឹក​ប្រាក់​៤​ពាន់​យូរ៉ូ និង​ដឹក​នំ​ដែល​ជាប់​ចំណាត់​ថ្នាក់​ទៅ​កាន់​ផ្ទះ​ប្រធានាធិបតី​បារាំង​រយៈ​ពេល​មួយ​ឆ្នាំ»។

ប៉ុន្តែ ​យ៉ាងណាក៏ដោយ នំ​ដែល​អតីត​ប្រធានាធិប​បារាំង​ទាំង​ពីរ​ធ្លាប់​ទទួល​ទាន​មិន​ទាន់​មាន​ដាក់​លក់​នៅ​ក្នុង​ហាង​លោក ង៉ែត រើស ទេ។ នេះ​ក៏​ដោយ​តែ​លោក​មិន​មាន​ពេល​គ្រប់​​គ្រាន់​ក្នុង​ការ​ផលិតនំ​ប្រភេទ​នេះ។ មិន​មាន​ពេល​គ្រប់គ្រាន់​ដោយ​សារ​តែ​លោកយក​ពេល​វេលា​ទៅ​បង្រៀន​ជំនាញ​ធ្វើ​នំបុ័ង។ នៅ​ពេល​សួរ​ថា រវល់​បែប​នេះ ផលិត​នំទាន់​តម្រូវ​​ការ​អថិជិន​ទេ? លោកង៉ែត រើស ឆ្លើយ​ខណៈ​កូន​តូច​យំ​ឱប​ជើង។ «ខ្ញុំ​មានពេល​គ្រប់​គ្រាន់​គឺ​សម្រាក​បន្តិច​ នឹង​ធ្វើ​នំ​បន្ត ។ មិនមែន​ដោយ​សារ​តែ​យើង​ចំណាយពេល​យូរ​នៅ​ក្នុង​ការ​ធ្វើ​នំ​ដែល​ប្រធានាធិប​បារាំង​ធ្លាប់​ទទួល​ទាន​នោះ​ទេ។ ប៉ុន្តែ​មក​ពី​ខ្ញុំមិន​មាន​ពេល»។

១១​ឆ្នាំ​រស់​នៅ​លើ​ទឹក​ដី​ប្រទេស​បារាំង​លោក ង៉ែត រើស រៀន​ទៅ​លើ​ជំនាញ​ធ្វើ​នំបុ័ង​ខណៈ​គាត់​ជា​បុគ្គលិក​ហាង​នំ​ស្រាប់​នៅ​ប៉ារីស។ មុន​ទៅ​ដល់​ប៉ារីស​ពេល​នៅ​ស្រុក​ខ្មែរ​គាត់​មាន​ជំនាញ​ផ្នែក​អគ្គិសនី និង​ស្គាល់​ច្បាស់​ពី​ជីវិត​ជា​កសិករ។ កាល​ជា​កសិករ​គាត់​ធ្លាប់​ឡើង​ត្នោត​ ចុះស្ទូង ជា​កម្មករ​នេសាទ ជាដើម។ តែ​នៅ​ទី​បំផុត​គាត់​បាន​ត្រឡប់​មក​ប្រទេ​ស​កំណើត​វិញ​នៅ​ក្នុង​ឆ្នាំ​២០១៤​ បន្ទាប់​មាន​ពី​មាន​ចំណេះ​និង​ជំនាញ​ធ្វើ​នំ​បុ័ង ដោយ​សម្រេច​ចិត្ត​បើក​ហាង​នំបុ័ង​ជា​លក្ខណៈ​គ្រួសារ​នេះ​តែ​ម្ដង​ទៅ។

«ថៅ​កែ​ហាង​ខ្ញុំ​ជា​ជន​ជាតិ​បារាំង​បាន​ឲ្យ​ខ្ញុំ​ខ្ជី​លុយ​២​ម៉ឺន​ដុល្លារ ដើម្បី​បើក​ហាង​នំបុ័ងនេះ។ ៦​ខែ​ដំបូង​ហាង​នំបុ័ង​ខ្ញុំ​លក់​មិន​ដាច់​ទេ​ព្រោះ​គ្មាន​ប្រេន។ ប្រេន​បាន​ក្លាយ​ជា​រស់ជាតិ​ពេញ​​និយម​សម្រាប់​ពលរដ្ឋ​យើង។

វត្ថុ​ធាតុ​ដើម​នៃ​ការ​ធ្វើ​នំបុ័ង​សម្រាប់​ហាង​ឌីស្យុង​ឌឺប៉ារីស អិនហ្គេត​ របស់​លោករើស គឺ​យក​​​មក​ពី​ក្រៅ​ប្រទេស។ វត្ថុ​ធាតុ​ដើម​នៅ​ក្នុង​ស្រុក​ប្រើប្រាស់​បាន​គឺ​មាន​តែ​ពង​មាន់​ទឹក​និង​អំបិល​ប៉ុណ្ណោះ។ បច្ចុប្បន្ន​នំបុ័ង​ចេញ​ពី​ហាង​របស់​គាត់​កំពុង​មាន​ទីផ្សារ​គួរ​សម។«ជា​ប្រចាំ​​យើង​បញ្ជូន​នំ​ទៅ​ហាង​ចំនួន​២០​ទាំង​ខេត្ត​និង​ក្រុង»។ ​

បទ​ពិសោធន៍​ដោយ​ឡែក​លោក ង៉ែត រើស​ បាន​ចែក​រំលែក​ថា លោក​មាន​ភាព​អត់​ធ្មត​នៅ​ក្នុង​ការ​បំពេញ​ការងារ​ទោះ​តម្លៃ​ការងារ​ប្រភេទ​អ្វី​ក៏​ដោយ។ « កុំ​បន្ទោស​សង្គម​និង​សង្គ្រាម​​ដែល​ធ្វើ​ឲ្យ​យើង​មិន​ទៅ​មុខ។ ការ​ដើរ​ទៅ​មុខ​របស់​មនុស្ស​ម្នាក់​គឺ​ត្រូវ​ប្រឹង​ប្រែង​ដោយ​ខ្លួន​ឯង»៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ