អានតួអត្ថបទ
កម្ពុជា-ច្បាប់

អតីត​តំណាង​រាស្ត្រ​CNRP ស្នើ​ឲ្យ​ដោះលែង​សហការី​កំពុង​ជាប់​ឃុំ​មុន​ការ​បោះឆ្នោត

លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ នឹង​ដាក់​លិខិត​ទៅ​កាន់​ពន្ធនា​គារ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​ចូល​ជួប​អតីត​សហការី​ធ្លាប់​រួម​ការងារ​ជាមួយគ្នា មុន​ការ​បោះឆ្នោត​ជាតិ​ថ្ងៃ​ទី​២៩​កក្កដា។ ទន្ទឹម​នឹង​គម្រោង​សុំ​ជួប​អតីត​មិត្ត​រួម​ការងារ លោក អ៊ូ ច័ន្ទរ័ត្ន ក៏​បាន​ធ្វើ​ការ​អំពាវ​នាវ​ដាច់​ដោយ​ឡែក ឲ្យ​មាន​ការ​ដោះ​លែង​អតីត​សហការី​របស់​ខ្លួន រួមមាន៖ លោក អ៊ុំ សំអាត លោក មាជ សុវណ្ណរ៉ា និង​អ្នក​ឯ​ទៀត​មុនការ​បោះឆ្នោត​ដែរ។

​លោកអ៊ូ ច័ន្ទរ័ត្ន ​ដែល​ទើប​​អស់​តំណែង​ជា​តំណាង​រាស្រ្ត​ក្រោយ​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្រ្គោះជាតិ​
​លោកអ៊ូ ច័ន្ទរ័ត្ន ​ដែល​ទើប​​អស់​តំណែង​ជា​តំណាង​រាស្រ្ត​ក្រោយ​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្រ្គោះជាតិ​ @Ou Chanrath Facebook
ផ្សាយពាណិជ្ជកម្ម

លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំងនៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​០៥​កក្កដា​នេះ​ថាហេតុ​ដែល​រូបលោក​និង​សហការី​ឯ​ទៀត ចង់​ចូលជួប​អតីត​មិត្ត​រួម​ការងារ​ឲ្យ​បាន​មុន​ការ​បោះឆ្នោត​ថ្ងៃ​ទី​២៩​កក្កដា ក៏​ដោយ​សារ​តែ​រយៈពេល​ជិត​មួយ​ឆ្នាំ​ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ លោក​ផ្ទាល់​មិន​ទាន់​បានជួប​ប្រា​ស្រ័​យ​ទាក់​ទង​សួរ​សុខ​ទុក្ខ​អ្នក​ជាប់​ឃុំ​ឡើយ។ ការ​ជួប​សួរ​សុខ​ទុក្ខ​ជា​ផ្នែក​មួយសំ​ខាន់​ដែល​បញ្ជាក់ឲ្យ​ឃើញ​ថា ពួក​គេ​មិន​ឯកា​ឡើយ។ នេះ​បើ​តាម​លោក អ៊ូ ច័ន្ទរ័ត្ន។

បើ​តាម​លោក អ៊ូ ច័ន្ទរ័ត្ន នេះ​ជា​លើក​ទី​៣​ហើយ ដែល​លោក​ស្នើ​សុំ​ជួប​អ្នក​ជាប់​ឃុំ តែមិន​ទទួល​បាន​ការ​អនុញ្ញាត​ពី​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ឡើយ ក្រោម​ហេតុ​ផល​ផ្សេង​ៗ។ ទន្ទឹម​នឹង​ការ​ដាក់​លិខិត​ស្នើ​សុំ​ជួប​អ្នក​ជាប់​ឃុំ​ជា​ថ្មី​នេះ លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ក៏បាន​អំពាវនាវ​ដាច់​ឡែក ឲ្យ​រដ្ឋាភិបាល​ដោះលែង​អ្នក​ជាប់​ឃុំ​ឲ្យ​បាន​មុនការបោះឆ្នោត​។ អ្នក​ជាប់​ឃុំ​ទាំង​នោះ​មាន​ជា​អាទិ៍៖ លោក អ៊ុំ សំអាន ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​សំណុំ​រឿង​ព្រំដែន, លោក មាជ សុវណ្ណរ៉ា និង​សកម្មជន​ជា​យុវជន​១១នាក់​របស់​អតីត​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​សំណុំរឿង​បាតុកម្ម​រំដោះ​ទីលាន​ប្រជាធិប​តេយ្យ​កាល​ពី​ឆ្នាំ​២០១៤។ ហើយត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​កាលពី​ខែ​កក្កដា ឆ្នាំ​២០១៥ ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់​ចាប់​ពី​៧​ទៅ​២០​ឆ្នាំ។

សម្រាប់​លោក អ៊ូ ច័ន្ទរ័ត្ន រដ្ឋាភិបាល​មិន​គួរ​បន្ត​ឃុំ​ខ្លួន​ពួក​គេ​ទៀត​ទេ​ព្រោះ​ពួក​គេ​ម្នាក់ៗ​បាន​អនុវត្ត​ទោស​យ៉ាង​ហោច​ណាស់​ក៏​បាន​៣​ទៅ​៤​ឆ្នាំ​រួច​ហើយ។ ការ​ឃុំ​ខ្លួន​នេះ​បាន​ជះ​ឥទ្ធិពល​ដល់​ជីវភាព​ក្រុម​គ្រួសារ​របស់​សកម្មជន​ដែល​ជា​យុវជន និង​បាន​ប៉ះពាល់​ដល់​ធន​ធាន​មនុស្ស​របស់​កម្ពុជា​។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​ដូច្នេះ លោក សុខ ឥសាន អ្នកនាំ​ពាក្យ​គណបក្ស​កាន់​អំណាច​​បាន​គូស​បញ្ជាក់​ថា លទ្ធភាព​នៃ​ការ​ដោះលែង​អ្នក​ជាប់​ឃុំ​មុន​ការ​បោះឆ្នោត​គឺជា​រឿង​មិន​អាច​ទៅ​រួច​ទេ។ ហើយ​ក៏​គ្មាន​ប្រទេស​ណា​ធ្វើ​ការ​ដោះលែង​អ្នកទោស និងអ្នក​ជាប់​ចោទ​នោះ​ដែរ។ ដូច្នេះ​ពួក​គេ​មាន​តែ​បន្ត​ជាប់​ឃុំ​ទៅ​តាម​ការ​កំណត់​របស់​តុលាការ។​ នេះ​បើ​តាម​លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា។

គួរកត់សម្គាល់ថា ក្រៅ​ពី​ការ​ទាមទារ​ឲ្យ​ដោះលែង​លោក អ៊ុំ សំអាន ក៏​ដូច​ជា​លោក មាជ សុវណ្ណារ៉ា​ និង​សកម្មជន​ចំនួន​១១​នាក់ តួ​អង្គ​លោក កឹម សុខា ក៏​មាន​ការ​ទទូច​ទៅ​រដ្ឋាភិ​បាល​​ឲ្យ​ធ្វើ​ការ​ដោះលែង​ជា​បន្ទាន់​នៅ​មុន​ការ​បោះឆ្នោត​ដែរ។ តែ​ជា​រឿយៗ ការទាមទារ​នេះ​គ្មាន​ឥទ្ធិពល​ទៅ​លើ​រដ្ឋាភិបាល​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ