អានតួអត្ថបទ
កម្ពុជា-នយោបាយ

​នាយក​រដ្ឋ​មន្រ្តី ​ឯកភាព​ការ​ធ្វើ​កំណែ​ទម្រង់​ការ​គ្រប់​គ្រង​រដ្ឋ​បាល​នៅ​ថ្នាក់​ ក្រុង​ និង​ស្រុក​

ប្រមុខ​រដ្ឋា​ភិបាល​នៅ​ថ្ងៃ​ទី២៩​មករា​នេះ បាន​ឯកភាព​ទៅ​នឹង​សំណើ ក្រសួង​មហាផ្ទៃ​កាល​ពី​ថ្ងៃ​ទី១៥​មករា ស្តី​ពី​ការ​ធ្វើ​កំណែ​ទម្រង់​ការ​គ្រប់​គ្រង​រដ្ឋបាល​នៅ​ថ្នាក់​ក្រុង និង​ស្រុក​។ ការ​ឯកភាព​លើ​កំណែ​ទម្រង់​គ្រប់​គ្រង​រដ្ឋបាល​នេះ គឺ​ជា​ការ​បើក​ផ្លូវ​ឲ្យ​ក្រសួង​មហាផ្ទៃ លុប​ចោល​ការិយាល័យ​ជំនាញ​របស់​ក្រសួង ស្ថាប័ន​នៅ​ថ្នាក់ ក្រុង ស្រុក។​ ដែល​នេះ​ជា​ចំណុច​មួយ​ស្ថិត​ក្នុង​ចំណោម​គោលការណ៍​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​កំណែ​ទម្រង់​ចាប់​ពី​ថ្ងៃ​យល់​ព្រម​នេះ​តទៅ​។ 

​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន @REUTERS
ផ្សាយពាណិជ្ជកម្ម

លុប​ចោល​ការិយាល័យ​ជំនាញ​របស់​ក្រសួង ស្ថាប័ន​នៅ​ថ្នាក់​ក្រុង ស្រុក ដោយ​ត្រូវ​ជំនួស​មក​វិញ​នូវ​ការ​ធ្វើ​សមាហរណកម្ម​ការិយាល័យ​ជំនាញ​ទាំង​នោះ​ទៅ​ក្នុង​រចនា​សម្ព័ន្ធ​គ្រប់​គ្រង​របស់​រដ្ឋបាល​ក្រុង ស្រុក។ នេះ​គឺ​ជា​ការ​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ​កាល​ពីថ្ងៃ​១៥​មករា ដែល​មាន​ការ​យល់​ព្រម​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​ទើប​មាន​ការ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​នេះ​។

ក្នុង​ការ​ធ្វើ​សមាហរណកម្ម​ការិយាល័យ​ជំនាញ​នេះ រចនា​សម្ព័ន្ធ​គ្រប់​គ្រង​ថ្មី របស់​រដ្ឋបាល​ក្រុង​ ស្រុក​ត្រូវ​បង្កើត​ជា​អង្គភាព​ឬ​ការិយាល័យ​ចង្កោម​វិស័យ សម្រាប់​វិស័យ​មួយ​ចំនួន​ដែល​ពាក់​ព័ន្ធ​ដូច​ជាៈ​ វិស័យសេដ្ឋកិច្ច និង​សង្គមកិច្ច ដើម្បី​ធានា​ដល់​ការ​កាត់​បន្ថយ​បន្ទុក​ចំណាយ និង​ពង្រឹង​រចនា​សម្ព័ន្ធ​ស្ថាប័ន​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ចំពោះ​វិស័យ​ជា​អាទិភាព​ដូច​ជា ការិយាល័យ​អប់រំ សុខាភិបាល និង​នគរូបនីយកម្ម នៅ​តែ​ដាក់​ជា​អង្គភាព​ដាច់​ដោយ​ឡែកៗ​ពី​គ្នា​ដដែល​។

ជា​ការ​កត់​សម្គាល់​រាល់​ធន​ធាន​ដែល​ធ្លាប់​តែ​ប្រើ​ប្រាស់​នៅ​ថ្នាក់​ការិយាល័យ​ត្រូវ​ផ្ទេរ​និង​ដាក់​នៅ​ក្រោម​ការ​គ្រប់​គ្រង នៅ​ថ្នាក់​រដ្ឋបាល​ក្រុង ស្រុក ដោយ​ក្នុង​នោះ​រួម​មានៈ ផ្ទេរ​មុខងារ ផ្ទេរ​ធន​ធាន​ហិរញ្ញ​វត្ថុ​ទ្រព្យ​សម្បត្តិ និង​ផ្ទេរ​បុគ្គលិក​ដែល​កំពុង​បម្រើ​ការងារ​នៅ​តាម​ការិយាល័យ​ជំនាញ ទៅ​ឱ្យ​រដ្ឋបាល​ក្រុង ស្រុក​។

ក្នុង​នោះ​ក្រសួង​មហាផ្ទៃ​បាន​រំឭក ឲ្យ​អង្គភាព​មួយ​ចំនួន​ដែល​ត្រូវ​រៀប​ចំ​ថ្មី​នៅ​ថ្នាក់​ក្រុង ស្រុក ត្រូវ​ដំឡើង​ឋានៈឱ្យ​បាន​សម​ស្រប​ទៅ​នឹង​ទំហំ​ការងារ និង​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ផ្តល់​សេវា​ដោយ​ផ្ទាល់​ជូន​ប្រជាពលរដ្ឋ​។

រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​បញ្ជាក់​នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី១៥​មករា ថា ការ​សម្រេច​រៀប​ចំ​ឡើង​វិញ​នូវ​រចនា​សម្ព័ន្ធ និង​ប្រព័ន្ធ​គ្រប់​គ្រង​នៅ​ថ្នាក់​ក្រុង ដើម្បី​ធានា​ដល់​ការ​លើក​កម្ពស់​ប្រសិទ្ធ​ភាព​ការ​បំពេញ​តួនាទី និង​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋ​បាល​ក្រុង ស្រុក​ក្នុង​នាម​ជា​រដ្ឋបាល​មូល​ដ្ឋាន​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ និង​ការ​អភិវឌ្ឍ​មូល​ដ្ឋាន ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​ប្រជាពល​រដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។

លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​សាទរ​ចំពោះ​ការ​ធ្វើ​កំណែ​ទម្រង់​គ្រប់​គ្រង​រដ្ឋបាល​នេះ​។ សាទរ​ក៏​ព្រោះ​តែ​កន្លង​មក​លោក​មើល​ឃើញ​ថា​ ការិយា​ល័យ​របស់​មន្ទីរ​នីមួយៗ​មាន​តែ​បុគ្គលិក​តែ​គ្មាន​ការងារ​សម្រាប់​ធ្វើ​។ ទន្ទឹម​នឹង​ការ​សាទរ​នេះ​លោក រង​ចាំ​មើល​ពី​ប្រសិទ្ធ​ភាព​ការងារ និង​ការ​ផ្ដល់​សេវា​ជូន​ពលរដ្ឋ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ