អានតួអត្ថបទ
កម្ពុជា

លោក ហ៊ុន សែន រំឭក​​ប្រាប់​អាជ្ញាធរខេត្ត​ព្រៃវែង ​មិន​ឲ្យ​ពលរដ្ឋ​​ជួល​ដី​តាម​ព្រំដែន

លោក ហ៊ុន សែន នាយក​រដ្ឋ​មន្ដ្រី​កម្ពុជា បាន​រំឭក​ប្រាប់​អាជ្ញាធរ​ខេត្ត​ព្រៃវែង​ថា មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ជួល​ដី​តាម​ព្រំដែន​ឡើយ​។ នេះ​គឺ​ជា​ការ​លើក​ឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​ព្រៃវែង​កាល​ពី​ម្សិលមិញ​។ បញ្ហា​សន្តិសុខ សណ្ដាប់​ធ្នាប់ និង​សេវា​សាធារណៈ ក៏​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​ជំនួប​នេះ​ដែរ​។

លោក​នាយករដ្ឋ​មន្ដ្រី ជួប​សំណេះសំណាល​ជាមួយ​មន្ដ្រី​រាជការ​នៃ​ខេត្ត​ព្រៃវែង ថ្ងៃ​សុក្រ ទី​១០ កុម្ភៈ ២០១៧
លោក​នាយករដ្ឋ​មន្ដ្រី ជួប​សំណេះសំណាល​ជាមួយ​មន្ដ្រី​រាជការ​នៃ​ខេត្ត​ព្រៃវែង ថ្ងៃ​សុក្រ ទី​១០ កុម្ភៈ ២០១៧ Facebook
ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរ​ខេត្ត​ត្រូវ​សហការ​ល្អ​ជាមួយ​អាជ្ញាធរ​វៀតណាម ដើម្បី​ជួយ​ឲ្យ​ពលរដ្ឋ​ងាយ​ស្រួល​រក​ស៊ី​ជាមួយ​គ្នា ហើយ​លើល​ពី​នេះ មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ ជួល​ដី​នៅ​តាម​ព្រំដែន​ឡើយ​។ នេះ​គឺ​ជា​ខ្លឹមសារ​នៃ​ការ​លើក​ឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា នៅ​ក្នុង​ជំនួប​សំណេះ​សំណាល​​ជាមួយ​មន្ដ្រី​រាជការ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ក្នុង​ខេត្ត​ព្រៃវែង នៅ​ថ្ងៃ​ទី​១០​កុម្ភៈ នា​ខេត្ត​ព្រៃវែង​។ 

សូម​ជម្រាប​ថា នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ដែល​ លោក ហ៊ុន សែន ហាម​ពលរដ្ឋ​មិន​ឲ្យ​ជួល​ដី​នៅ​តាម​ព្រំដែន​។ នៅ​ចុង​ឆ្នាំ​២០១៥ រដ្ឋាភិបាល​កម្ពុជា​​ធ្លាប់​បាន​ចេញ​សារាចរណ៍​ណែនាំ​​ឲ្យ​បញ្ឈប់​សកម្មភាព​ជួលដី​នៅ​ព្រំដែន ទៅ​ឲ្យ​ប្រទេស​ជិត​ខាង​ទាំង​អស់ ដើម្បី​ជៀស​វាង​កុំ​ឲ្យ​លំបាកក្នុង​ការ​គ្រប់គ្រង និងដែល​អាចបង្កឲ្យមានភាព​​ស្មុគស្មាញ​នានា​។ អ្នក​តាម​ដាន​ស្ថានការណ៍​សង្គម​ខ្មែរ ចាត់​ទុក​ការ​អំពាវនាវ​និង​ចំណាត់ការ​នេះ ថា​ជា​ឆន្ទៈ​វិជ្ជមាន​របស់​រដ្ឋាភិបាល ប៉ុន្តែ​វា​នៅ​មិន​ទាន់​មាន​ប្រសិទ្ធភាព​គ្រប់​គ្រាន់​ទេ​។

ក្រៅ​ពី​រំឭក​អាជ្ញាធរ​ពី​ការ​ជួល​ដី​នៅ​ព្រំដែន លោក ហ៊ុន សែន នាយករដ្ឋ​មន្ដ្រី ក៏​បាន​លើក​ឡើង​ផង​ដែរ បញ្ហា​សន្តិសុខ សណ្ដាប់​ធ្នាប់ និង​សេវា​សាធារណៈ​។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ប្រាប់​មន្ដ្រី​ថ្នាក់​ក្រោម​នៅ​ខេត្ត​ព្រៃវែង​ទាំង​អស់ ត្រូវ​ឲ្យ​ចិត្ត​ទុក​ដាក់​រក្សា​សន្តិសុខ សណ្ដាប់​ធ្នាប់ រួម​មាន​ការ​បង្ក្រាប​បទ​ល្មើស​ផ្សេង​ៗ ពិសេស​ការ​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន ចោរកម្ម និង​ឆក់​ប្លន់​ជា​ដើម ដើម្បី​ផ្ដល់​ភាព​កក់​ក្ដៅ និង​ធានា​ដល់​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​។ ក្នុង​សំណុំ​រឿង​សេវា​សាធារណៈ លោក ហ៊ុន សែន ចង់​ឲ្យ​មន្ដ្រីដោះ​ស្រាយ​បញ្ហា​ជម្លោះ​ដី​ធ្លី និង​​យក​ចិត្ត​ទុក​ដាក់​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បាន​លឿន​ មាន​ប្រសិទ្ធភាព ហើយ​ត្រូវ​បំបាត់​នូវ​ភាព​អសកម្ម​នានា​ដែល​អាច​ធ្វើ​ឲ្យ​ថ្នាំង​ថ្នាក់​ដល់​ពលរដ្ឋ​។

បើ​តាមប្រមុខ​រដ្ឋាភិបាល​កម្ពុជា អាជ្ញាធរ​ខេត្ត​ព្រៃវែង ត្រូវ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ សារាចរ​ណែនាំ​អំពី​ផ្សារ​លក់​ដូរ និង​ការ​លុប​ចោល​ការ​បង់​ថ្លៃ​សម្រាប់​ពលរដ្ឋ​ដែល​លក់​ដូរ​តូច​តាច តាម​កញ្ច្រែង កញ្ជើ និង​ល្អី​ជា​ដើម​។ លោក​បញ្ជាក់​ទៀត​ថា នៅ​ខែ​មេសា​ខាង​មុខ​នេះ នៅតំបន់​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​ព្រៃវែង តម្លៃអគ្គីសនី​ក្នុង​១​គីឡូវ៉ាត់​ម៉ោង នឹង​ធ្លាក់​ថ្លៃ​មក​នៅ​ត្រឹម​៤៨០៛ សម្រាប់​អ្នក​ប្រើ​ប្រាស់​ក្រោម​១០​គីឡូវ៉ាត់​ម៉ោង ៦១០៛​សម្រាប់​អ្នក​ប្រើ​ប្រាស់​ក្រោម​៥០​គីឡូវ៉ាត់ម៉ោង និង ៧៩០៛​សម្រាប់​អ្នក​ប្រើ​ប្រាស់​លើស​៥០​គីឡូវ៉ាត់​ម៉ោង​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ