អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក ហ៊ុន សែន ​ព្រមាន​បិទ​ទ្វា​រ​ឈប់ទ​ទួលកា​រ​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោ​បាយ​ឡើង​វិញ​នៅ​មុន​ឬ​ក្រោយ​ចូល​ឆ្នាំ​ខ្មែរ​

លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​ព្រមាន​ទៅ​កាន់​ក្រុម​មន្រ្តី​អតីត​បក្ស​ប្រឆាំង​ថា នឹង​បិទ​ទ្វារ​លែង​ទទួល​សំណើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​នៅ​មុន ឬ​ក្រោយ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ​។ លោក​ហ៊ុន សែនព្រមាន​ដូច្នេះ​នៅ​ក្នុង​ពិធី​បើក​ការ​ដ្ឋាន​សាងសង់​សំណង់​ការពារ​ទឹក​ជំនន់ និង​កែ​លម្អ​ប្រព័ន្ធ​ប្រឡាយ-លូ​ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ទី៤ នៅ​ព្រឹក​មិញ​នេះ​។ សម្រាប់​លោក​ហ៊ុន សែន ការ​ស្នើ​សុំ​ឬ​មិន​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ជា​រឿង​របស់​មន្រ្តី​បក្ស​ប្រឆាំង តែ​លោក​បាន​ប្រកាស​ជា​មុន​ថា នឹង​គ្មាន​ការ​ចរចា​នយោ​បាយ​ណា​មួយ​កើត​ឡើង​ឡើយ​។ 

​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន @REUTERS
ផ្សាយពាណិជ្ជកម្ម

ដោយ​ប្រើ​ប្រាស់​សម្តី​ខ្លាំងៗ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​ផ្ញើ​សារ​ទៅ​កាន់​ក្រុម​មន្រ្តី​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ថា ទ្វារ​សម្រាប់​ឱ្យ​ពួក​គេ​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ នៅ​តែ​បន្ត​បើក​ចំហរ​រង់​ចាំ​ពួក​គេ។​ ក៏​ប៉ុន្តែ​បើ​ពួក​គេ​នៅ​តែ​ស្ទាក់​ស្ទើរ ដោយ​ទាម​ទារ​លក្ខខណ្ឌ​ផ្សេង​ៗ​នោះ គឺ​លោក​នឹង​បិទ​ទ្វារ​នេះ​នៅ​អំឡុង​មុន ឬ ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នា​ខែ​ក្រោយ​។ លោក​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ក៏​ថែម​ទាំង​ប្រាប់​ទៅ​កាន់​អតីត​អ្នក​នយោបាយ​បក្ស​ប្រឆាំង​មួយ​ចំនួន​ថា កុំ​ឈ្លើយ និង ព្រហើន​ដាក់​លោក​ឱ្យ​សោះ ព្រោះ​ថា អ្វីៗ​ស្ថិត​ក្នុង​ដៃ​របស់​លោក ដែល​លោក​ចង់​ធ្វើ​យ៉ាង​ម៉េច​ក៏​បាន​។

សារ​ព្រមាន​ធ្ងន់ៗ​ពី​នាយក​រដ្ឋ​មន្រ្តី​កម្ពុជា និង​ជា​ប្រមុខ​គណបក្ស​កាន់​អំណាច​នេះ ធ្វើ​ឡើង​ខណៈ​ដែល​មក​ដល់​ពេល​នេះ មាន​មន្រ្តី​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​តែ​បី​រូប​ប៉ុណ្ណោះ ដែល​បាន​ធ្វើ​ការ​ស្នើ​សុំ និង ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ពី​សំណាក់​ព្រះ​មហាក្សត្រ​កម្ពុជា​។ ចំពោះ​លោក​នាយក​រដ្ឋ​មន្រ្តី ការ​ស្នើ​សុំ ឬ​មិន​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ គឺ​ជា​រឿង​របស់​មន្រ្តី​អតីត​បក្ស​ប្រឆាំង​។ ប៉ុន្តែ លោក​ឱ្យ​ជម្រើស​ពីរ​ដល់​ពួក​គេ​ទាំង​នោះ គឺ​ទីមួយ មក​ស្នើ​សុំ​សិទ្ធិ​នយោបាយ​ឡើង​វិញ ដើម្បី​រៀប​ចំ​បង្កើត​គណបក្ស​ចូល​រួម​ការ​បោះ​ឆ្នោត​អាណត្តិ​ក្រោយ និង​ទីពីរ ត្រូវ​រង់​ចាំ​រហូត​ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០២២ ជា​ពេល​ដែល​ផុត​កំណត់​នៃ​សាល​ដីកា​ហាម​ឃាត់​ការ​ធ្វើ​នយោបាយ​របស់​ពួក​គេ​។

សូម​កត់​សម្គាល់​ថា កន្លង​មក មន្រ្តី​អតីត​បក្ស​ប្រឆាំង​ខ្លះ បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ដល់​ពួក​គេ​ឡើង​វិញ​ជា​លក្ខណៈ​កញ្ចប់ ដែល​មាន​គ្នា​ច្រើន​នាក់ ដើម្បី​កុំ​ឱ្យ​ពួក​គេ​រង​សម្ពាធ​ខ្លាំង​ពី​ថ្នាក់​ដឹក​នាំ​របស់​ខ្លួន​នៅ​ពេល​ដាក់​សំណើ​សុំ​ដោយ​ឡែកៗ​ពី​គ្នា​។ ចំណែក​ខ្លះ​ទៀត ចង់​ឱ្យ​រដ្ឋាភិបាល​លើក​លែង​ទោស និង ការ​ចោទ​ប្រកាន់​មក​លើ​មេដឹក​នាំ​របស់​ខ្លួន​សិន ទើប​ដាក់​ពាក្យ​ស្នើ​សុំ​តាម​ក្រោយ​។

ប៉ុន្តែ​សំណើ​បែប​នេះ ត្រូវ​បាន​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន ប្រកាស​ទាត់​ចោល ដោយ​ចំអក​ថា កុំ​សង្ឃឹម​ឱ្យ​សោះ ។ កុំ​សង្ឃឹម​ឱ្យ​សោះ​នេះ ក៏​ត្រូវ​បាន​លោក​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​ផ្ដាំ​ផ្ញើ​ទៅ​កាន់​ក្រុម​មន្រ្តី​បក្ស​ប្រឆាំង​ដែល​គិត​ថា នឹង​មាន​ការ​ចរចា​នយោបាយ​ណា​មួយ​នៅ​ថ្ងៃ​ខាង​មុខ​នេះ​ផង​ដែរ​។ មិន​តែ​ប៉ុណ្ណោះ

លោក​ថែម​ទាំង​ព្រមាន​វាយ​ខ្នោះ​មន្រ្តី​អតីត​បក្ស​ប្រឆាំង​រូប​ណា ដែល​ហ៊ាន​ធ្វើ​នយោបាយ​ទាំង​ដែល​មិន​បាន​ទទួល​ការ​លើក​លែង​បម្រាម​ធ្វើ​នយោបាយ​ពី​ព្រះមហាក្សត្រ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ