អានតួអត្ថបទ
កម្ពុជា-សង្គម

រដ្ឋ​នឹង​ដក​យក​ក្រុម​ហ៊ុន​ស៊ីន​ទ្រី​មក​គ្រប់​គ្រង មុន​បើក​ឲ្យ​មាន​ការ​ដេញ​ថ្លៃ​ពី​ក្រុម​ហ៊ុន​ប្រមូល​សម្រាម​ពី​៣​​ទៅ​៤​ក្រុ​ម​ហ៊ុន​

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញា​បត្រ​ដល់​និស្សិត​នៃ​សាកល​វិទ្យាល័យ​បៀល​ប្រាយ នៅ​មជ្ឈ​មណ្ឌល​កោះពេជ្រ​នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ បាន​ប្រកាស​ដក​ហូត​សិទ្ធិ​ប្រមូល​សម្រាម​ពី​ក្រុមហ៊ុន ស៊ីន​ទ្រី​ជា​បណ្ណោះ​អាសន្ន​សិន ដើម្បី​ឲ្យ​រដ្ឋ​គ្រប់​គ្រង​។ ការ​សម្រេច របស់​លោក ហ៊ុន សែន ដូច្នេះ​ធ្វើ​ឡើង​ខណៈ​បញ្ហា​សំរាម​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​កើន​កាន់​តែ​ច្រើន ហើយ​ក្រុម​ហ៊ុន​ស៊ីន​ទ្រី​តែ​មួយ មិន​អាច​រ៉ាប់​រង​បាន​ឡើយ​។ 

សកម្មភាពប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ិនទ្រី (រូបភាពឯកសារ)
សកម្មភាពប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ិនទ្រី (រូបភាពឯកសារ) @Internet
ផ្សាយពាណិជ្ជកម្ម

នៅ​ចំពោះ​មុខ​និស្សិត​ជាង​៤ពាន់​នាក់ លោក​នាយក​យក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា​ទីក្រុង​ភ្នំពេញ​ត្រូវ​តែ​មាន​ក្រុម​ហ៊ុន​ប្រមូល​សម្រាម​ពី​៣ទៅ៤​ក្រុម​ហ៊ុន​ដែរ ដើម្បី​ធ្វើ​ប្រតិបត្តិ​ការ​ប្រមូល និង​សម្អាត​ទីក្រុង ដោយ​មិន​អាច​ពឹង​ផ្អែក​តែ​ទៅ​លើ​ក្រុម​ហ៊ុន​ប្រមូល​សម្រាម ស៊ីនទ្រី តែ​មួយ​បាន​ទេ​។

ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ដូច្នេះ គឺ​ផ្អែក​ទៅ​លើ​កំណើន​សម្រាម និង​វិសាល​ភាព​នៃ​ទីក្រុង​ភ្នំពេញ ពោល​គឺ​ក្រុម​ហ៊ុន​ស៊ីន​ទ្រី បាន​ចាប់​ផ្តើម​ចុះ​ហត្ថ​លេខា​ប្រមូល​សម្រាម​ក្នុង​ក្រុង​ភ្នំពេញ​តាំង​ពី​មាន​សម្រាម ពី​៣០០​ទៅ​៥០០​តោន ក្នុង​មួយ​ថ្ងៃ​។ ក៏​ប៉ុន្តែ​បច្ចុប្បន្ន​នេះ សម្រាម​បាន​កើន​ឡើង​រហូត​ដល់​ជាង​៣ពាន់​តោន ក្នុង​មួយ​ថ្ងៃ ខណៈ​ទំហំ​ទីក្រុង​បាន​កើន​ឡើង​ពីរ​ដង​លើស​ពី​មុន គឺ​រហូត​ដល់​ជាង​៦០០​គីឡូ​ម៉ែត្រ​ការ៉េ​។

តាម​លោក ហ៊ុន សែន នៅ​ពេល​អន្តរ​កាល​ខាង​មុខ​នេះ រដ្ឋ​ត្រូវ​យក​ក្រុម​ហ៊ុន​ស៊ីន​ទ្រី មក​កាន់​កាប់​វិញ គឺ​កាន់​កាប់​ទាំង​រថយន្ត​ដឹក​សម្រាម សម្ភារៈ​ក្រុមហ៊ុន និង​បុគ្គលិក ដោយ​មាន​ការ​ទូទាត់ ដល់​ក្រុម​ហ៊ុន មិន​ឲ្យ​មាន​ការ​ខាត​បង់​ឡើយ​។ ជា​ជំហាន​បន្ត រដ្ឋ​ត្រូវ​រៀប​ចំ​ជា​៤តំបន់​នៅ​លើ​ខណ្ឌ​ទាំង​១៤ នៃ​ក្រុង​ភ្នំពេញ ដោយ​ដាក់​ឲ្យ​ធ្វើ​ការ​ដេញ​ថ្លៃ​ពី​ក្រុម​ហ៊ុន​នានា រាប់​ទាំង​ក្រុម​ហ៊ុន​ស៊ីន​ទ្រី​ផង​ដែរ​។ នេះ​បើ​តាម​លោក ហ៊ុន សែន​។

សូម​បញ្ជាក់​ថា​ក្រុម​ហ៊ុន​ស៊ីន​ទ្រី គឺ​ជា​ក្រុម​ហ៊ុន​ប្រមូល​សម្រាម​មួយ ដែល​បាន​ធ្វើ​ប្រតិ​បត្តិ​ការ​ប្រមូល​សម្រាម និង​សម្អាត​ទីក្រុង​ភ្នំពេញ​ចាប់​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​៩០​មក​ម៉្លេះ ខណៈ​ដែល​ក្រុម​ហ៊ុន​ប្រមូល​សម្រាម​ជា​ច្រើន​បាន​បរាជ័យ​ជា​បន្ត​បន្ទាប់ ក្នុង​ការ​ប្រមូល​សម្រាម​នៅ​ក្នុង​ទីក្រុង ដែល​ប្រជា​ពល​រដ្ឋ​នៅ​មិន​ទាន់​យល់​ដឹង​ច្បាស់​លាស់​ពី​បញ្ហា​អនាម័យ​និង​បរិស្ថាន​។

ក្រុម​ហ៊ុន ស៊ីនទ្រី តែង​រង​នូវ​ការ​រិះគន់ មិន​លោះ​ថ្ងៃ​ពី​ការ​យឺត​យ៉ាវ​នៃ​ការ​ប្រមូល​សម្រាម តាម​លំនៅ​ដ្ឋាន ជា​ពិសេស​នៅ​ពេល​មាន​បុណ្យ​ទាន​ម្តងៗ ដោយ​បុគ្គលិក​ប្រមូល​សម្រាម​មួយ​ចំនួន​បាន​ឈប់​សម្រាក ធ្វើ​ឲ្យ​ស្ទះ​និរន្តរ​ភាព​ការងារ​។ ក៏​ប៉ុន្តែ​ការ​សម្រេច​របស់​ប្រមុខ​រដ្ឋា​ភិបាល​នៅ​ពេល​នេះ ដែល​តម្រូវ​ឲ្យ​មាន​ក្រុម​ហ៊ុន​ច្រើន ចូល​រួម​ធ្វើ​ការ​ងារ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា​ជា​ដំណោះ​ស្រាយ​ថ្មី​មួយ ដែល​សង្ឃឹម​ថា នឹង​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​សម្រាម​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ