អានតួអត្ថបទ
កម្ពុជា

សាលាក្រុង​​ស្នើ​​អ្នកដំណើរ​​កុំ​​ឲ្យ​​លុយ​​កុមារ​​នៅ​តាម​​ស្តុ​ប​ ដើម្បី​​ឲ្យ​​ពួកគេ​​ចាក​ចេញ​ពី​​ជីវិត​​នៅ​តាម​​ផ្លូវ​

សាលា​រាជធានី​ភ្នំពេញ​ សហការ​​ជាមួយ​​អង្គការ​​មិត្តសំឡាញ់​ បាន​​ផ្សព្វផ្សាយ​​ដល់​​ប្រជា​ពលរដ្ឋ​​ទាំង​អស់​​បញ្ឈប់​​សកម្មភាព​​ឲ្យ​​លុយ​​ទៅ​​កុមារ​​តាម​​ស្តុ​ប​​នានា​​ក្នុង​រាជធានី​ភ្នំពេញ​​ត​ទៅ​ទៀត​។ ​តាម​​សេចក្តី​អំពាវនាវ​​កាល​ពី​​ថ្ងៃ​​ព្រហស្បតិ៍​​ម្សិលមិញ​ សាលា​រាជធានី​ភ្នំពេញ ​បានស្នើ​​ឲ្យ​​ប្រជាពលរដ្ឋ​​ទាំង​អស់​​សហការ​ ដើម្បី​​ធ្វើ​​ឲ្យ​ក្មេងៗ​ទាំង​នោះ​​ចាក​ចេញ​​ពី​​ជីវិត​​នៅ​តាម​​ដង​ផ្លូវ​។​

ក្មេងៗ​​​ដែល​អាជ្ញាធរ​ប្រមូល​នាពេល​កន្លង​មក​
ក្មេងៗ​​​ដែល​អាជ្ញាធរ​ប្រមូល​នាពេល​កន្លង​មក​ លីកាដូ
ផ្សាយពាណិជ្ជកម្ម

តាម​សេចក្តីអំពាវនាវ​នោះ សាលា​រាជធានី​ភ្នំពេញ​បាន​លើក​ហេតុផល​ថា ការបញ្ឈប់​សកម្មភាព​ឲ្យ​លុយ​ទៅក្មេងៗទាំងនោះ គឺ​ដើម្បី​ទុក​ឱកាស​ឲ្យ​ពួកគេ​បាន​បន្ត​ការសិក្សា ជៀសវាង​ការប្រឈមមុខ​នឹង​គ្រោះថ្នាក់​ចរាចរណ៍ បញ្ជៀ​ស​ការប្រើប្រាស់​គ្រឿងញៀន និង ដើម្បី​កាត់បន្ថយ​ការបាត់បង់​សណ្តាប់​ធ្នាក់​ទីក្រុង។

លោក​ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​បន្ថែម​ពីលើ​សេចក្តីអំពាវនាវ​នោះ​ថា ប្រសិនបើ​ប្រជាពលរដ្ឋ​ដែលជា​អ្នកដំណើរ​នៅតែ​បន្ត​ឲ្យ​លុយ​ដល់ក្មេងៗទាំងនោះ មានន័យថា ជាការ​លើកទឹកចិត្ត​ដល់​ពួកគេ​ឲ្យ​បន្តធ្វើ​បែបនេះ​តទៅទៀត។

គួរ​កត់សម្គាល់ថា ក្មេងៗនៅតាម​បណ្តា​ស្តុ​ប​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ ភាគច្រើន​ពួកគេ​ជា​អ្នកសុំទាន និង ជា​អ្នកលក់​ផ្កា​ជាដើម។ លោកស្រី ម៉ប់ សូ​ម៉ា​យ៉ា នាយិកា​កម្មវិធី​នៃ​អង្គការ​មិត្តសំឡាញ់​បាន​លើកឡើងថា ការផ្សព្វផ្សាយ​នេះ ជា​យុទ្ធនាការ​ថ្មី​មួយ ដើម្បី​រួមគ្នា​បញ្ជៀ​សក្មេងៗទាំងនោះ​ពី​ការកើតមាន​គ្រោះថ្នាក់ផ្សេងៗនៅលើ​ដងផ្លូវ។ លោកស្រី សង្កត់ធ្ងន់ថា អ្នក​ដំណើរ​ទាំងអស់​ត្រូវ​តែ​គិត​ឲ្យ​បានច្បាស់លាស់ មុន​ឲ្យ​លុយ ឬ​ទិញ​របស់​របស់​ផ្សេង​ៗ​ដែល​ក្មេងៗទាំងនោះ​លក់​នៅតាម​ស្តុ​ប។ លោក​ឡុង ឌី​ម៉​ង់​បន្ថែមថា ការផ្សព្វផ្សាយ​ស្នើសុំ​នេះ គឺជា​គ្រាន់តែ​ជាការ​រួមចំណែក​មួយ​ប៉ុណ្ណោះ មិនមែនជា​ដំណោះស្រាយ​ក្នុងការ​រំដោះក្មេងៗទាំងនោះ​ចេញពី​ដងផ្លូវ​នោះទេ។

កន្លងមក​សាលា​រាជធានី​ភ្នំពេញ ធ្លាប់បាន​បើក​យុទ្ធនាការ​ប្រមូលក្មេងៗនៅតាម​បណ្តា​ស្តុ​ប​នានា​នៅក្នុង​រាជធានី​ភ្នំពេញ យកទៅ​ប្រគល់​ឲ្យ​អង្គការ​ដៃគូរ​ដែល​ធ្វើការ​ខាង​កុមារ ដើម្បី​អប់រំ បណ្តុះបណ្តាល​ជំនាញផ្សេង។ ក៏ប៉ុន្តែ​ការប្រមូល​ជា​បន្តបន្ទាប់​នោះ ហាក់​មិនមាន​ប្រសិទ្ធភាព​នោះឡើយ ដោយក្មេងៗមួយចំនួន​នៅតែមាន​វត្តមាន​នៅតាម​ស្តុ​ប​នានា ជាពិសេស​ស្តុ​បធំៗនៅក្នុង​រាជធានី​ភ្នំពេញ។

ទោះជា​បែបនេះ​ក្តី លោក​ឡុង ឌី​ម៉​ង់ បាន​បញ្ជាក់ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​មិនបាន​បោះបង់ចោល​យុទ្ធនា​ការប្រមូលក្មេងៗទាំង​នោះឡើយ គឺ​នៅតែ​បន្តធ្វើ​ដដែល។ យ៉ាងណាក៏ដោយ លោក​ឡុង ឌី​ម៉​ង មិនបាន​បញ្ជាក់ថា សាលា​រាជធានី​ភ្នំពេញ​នឹង​បើក​យុទ្ធនា​ការប្រមូលក្មេងៗទាំងនោះ​សារជាថ្មី​នៅពេល​ណាមួយ​នៅឡើយ​នោះទេ៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ