ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/09 12h00 GMT
កម្ពុជា

លោក​ប៉ាវ ស៊ីណា​​នៅតែ​​បារម្ភ​​រោងចក្រ​“ធ្វើ​ទុក្ខ​បុកម្នេញ​”លើ​​សហជីព​ ក្រោយ​ពី​​ឲ្យ​​ពួកគេ​​ចូល​ធ្វើការ​​វិញ​

media  
លោក ប៉ាវ ស៊ីណា ​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​

តាំងពីព្រឹក​សៅរ៍​មក ក្រុម​សហជីព​ចំនួន១០នាក់ និង​កម្មករ​ម្នាក់ទៀត បាន​ចូលធ្វើការ​ការងារ​ជាធម្មតា​វិញ​ហើយ​នៅក្នុង​រោងចក្រ​សៅ​លែ​ន​ក្រោម​ការអន្តរាគមន៍​ពី​ក្រសួង​ការងារ។ក្រុម​សហជីព​និង​កម្មករ​ទាំងនេះ​ត្រូវបាន​រោងចក្រ​សៅ​លែ​ន​ព្យួរការងារ​ដោយ​ចោទថា​បាន​ញុះញង់​កម្មករ​ផ្សេងទៀត​មិន​ឲ្យ​ធ្វើការ។ ទោះបី​ពួកគេ​ទាំងនេះ បាន​ចូលធ្វើការ​វិញ ប៉ុន្តែ​លោក​ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​បារម្ភ​ខ្លាច​ថា រោងចក្រ​នឹង​នៅតែ​បន្ត​ធ្វើទុក្ខបុកម្នេញ​លើ​ពួកគេ​ទៀត។

ហេតុផល​សំខាន់​ដែល​ធ្វើ​ឲ្យ​លោក​ប៉ាវ ស៊ីណា​មានការ​បារម្ភ​ដូច្នេះ គឺ​ដោយសារតែ​រោងចក្រ​សៅ​លែ​ន​នេះ​មិន​ចង់​ឲ្យ​មាន​សហជីព​នៅក្នុង​រោងចក្រ​ហើយ​កន្លងមក​រោង​ចក្រ​តែងតែ​តាមដាន​មើល​សកម្មភាព​របស់​ក្រុម​សហជីព​ទៅទៀត។ បើ​រម្លឹក​ទៅក្រោយ​បន្តិច​វិញ មេ​សហជីព​រូបនេះ​ធ្លាប់​ត្រូវបាន​រោងចក្រ​សៅ​លែ​ន​ប្តឹងផ្តល់​ដល់​ទៅ​ពីរដង​ឯណោះ​កាលពី​ឆ្នាំ២០១៣ និង​ឆ្នាំ២០១៦ ពីបទ​ញុះញង់​កម្មករ​ឲ្យ​មាន​កូដកម្ម​ខុសច្បាប់ និង បទ​ក្លែងបន្លំ​លិខិតស្នាម​និង​ផ្ដល់ព័ត៌មាន​មិន​ពិត​ពាក់ព័ន្ធ​នឹង​ការបញ្ជូន​ឈ្មោះ​សហជីព​ទៅ​ឲ្យ​រោងចក្រ។
 
ចំពោះមុខ​ការព្រួយបារម្ភ​នេះ លោក​ប៉ាវ ស៊ីណា បាន​គូសបញ្ជាក់ថា លោក​នឹង​នៅតែ​បន្ត​តាមដាន​រោងចក្រ​សៅ​លែ​ន ហើយ​ប្រសិនបើ​មាន​សកម្ម​ភាពមិនប្រក្រតី​ណាមួយ​កើត​ឡើងលើ​សហជីព​រប​ស់លោក​ទៀត​នោះ លោក​នឹង​ប្តឹងទៅ​ក្រសួង​ការងារ​ជាថ្មី​ព្រមទាំង​ចែកចាយ​ព័ត៌មាន​ទៅ​អង្គការ​អន្តរជាតិ​ខាង​ការងារ​ILO និង​បណ្តា​ក្រុមហ៊ុន​បញ្ជា​ទិញ​នានា​ឲ្យ​បានដឹង​ពី​ចេតនា​របស់​រោងចក្រ​នេះ។ តែ​ទោះជា​យ៉ាងណា លោក​ប៉ាវ ស៊ីណា សង្ឃឹមថា​រោងចក្រ​សៅ​លែ​ន​នឹង​ផ្លាស់ប្តូរ​ឥរិយាបថ​បោះបង់ចោល​ចេតនា​មិនល្អ​លើ​សហជីព​តទៅទៀត។
 
សូម​ជំរាបជូន​ថា ទម្រាំ​តែ​សហជីព និង​កម្ម​ករទាំង១១នាក់​នេះ​បាន​ចូលធ្វើការ​វិញ កម្មករ​រាប់រយ​នាក់​បាន​ចំណាយពេល​ជាច្រើន​ថ្ងៃ​ប្រមូលផ្តុំ​គ្នា​តវ៉ា​រហូតដល់​ថ្ងៃ​សុក្រ​ទើប​ក្រសួង​ការងារ​ចុះទៅ​ជួយ​អន្តរាគមន៍​រឿងនេះ។ សម្រាប់​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ការបញ្ឈប់​កម្ម​ករពី​ការងារ​ដែល​ភាគច្រើនបំផុត​គឺជា​សហជីព​នេះ គឺជា​ការ​រើស​អើ​ស​ចំពោះ​សហជីព។ ប៉ុន្តែ​សម្រាប់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​វិញ នេះ​មិនមែនជា​ការរើសអើង​ទេ តែ​ជាការ​អនុវត្ត​វិធានការ​វិន័យ​របស់​និយោជក​ចំពោះ​កម្មករ​ដែល​ប្រព្រឹត្ត​កំហុស​ធ្ងន់​ដោយ​ដើរ​បិទ​ភ្លើង ញុះញង់​កម្មករ​មិន​ឲ្យ​ធ្វើការ​ហើយ​ចូលរួម​ធ្វើ​កូដកម្ម​ជាមួយ​ពួកគេ​ក្នុងអំឡុង​ម៉ោង​ការងារ​កាលពី​ថ្ងៃទី២ មិថុនា។ ការតវ៉ា​នៅពេលនោះ គឺ​ដើម្បី​ទាមទារ​ឲ្យ​រោងចក្រ​ផ្តល់​ការឈប់​សម្រាក​បន្ថែមចំនួន២ថ្ងៃ​ទៀត គឺ​ថ្ងៃទី០៣ និង​ថ្ងៃទី០៥ មិថុនា។ ក្រៅពី​ចង្អុល​ប្រាប់​សហជីព​ដូច្នេះ សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​ក៏បាន​អំពាវនាវ​ឲ្យ​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​សិក្សា​មូលដ្ឋាន​ច្បាប់​ឡើងវិញ​មុន​ចោទប្រកាន់​មកលើ​រោងចក្រ។
 
ចំពោះ​លោក​ប៉ាវ ស៊ីណា ការលើកឡើង​របស់​ស​មា​គម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​នេះ គ្រាន់តែ​ជាការ​ចោទប្រកាន់​និង​ទម្លាក់កំហុស​លើ​ក្រុម​សហជីព​តែប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ មកដល់ពេលនេះ ការចោទប្រកាន់​គ្នា​ទៅវិញទៅមក​រវាង​ភាគី​រោងចក្រ​និង​សហជីព​បាន​រលត់ទៅវិញ​ហើយ ក្រោយពី​សហជីព​និង​កម្ម​ករទាំង១១នាក់​បាន​ចូលធ្វើការ​ជាធម្មតា​ឡើងវិញ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ