អានតួអត្ថបទ
កម្ពុជា

អាជ្ញា​ធរ​​ក្រុង​​ភ្នំពេញ​ប្រកាស​​ទទួល​​មតិ​​រិះគន់​របស់​​ប្រជា​ពលរដ្ឋ​

នៅ​ចុង​សប្តាហ៍​នេះសាលារាជធានី​ភ្នំពេញ​បាន​ប្រកាស​ក្នុង​ទំព័រ​ហ្វែស​បុក​របស់​ខ្លួន​ទទួល​យក​មតិរបស់​​ប្រជា​ពលរដ្ឋ​ដើម្បី​ចូលរួម​ចំណែក​កសាង​​សង្គមនិង​ការ​រីកចម្រើន​ទាំង​អស់​គ្នា។សាលា​ក្រុងភ្នំពេញ​ ​បញ្ជាក់ថាប្រជា​ពលរដ្ឋ​ជា​ទី​ប្រឹក្សា​ដ៏​ល្អ​បំផុតនិងថា​ ការ​រិះគន់​ស្ថាបនាប្រកប​ដោយ​សីលធម៌គឺដើម្បី​ការ​អភិវឌ្ឍ​រាជធានីភ្នំពេញ​របស់​យើង​ទាំង​អស់​គ្នា។

អាជ្ញាធរក្រុងភ្នំពេញប្រកាសទទួលមតិរិះគន់របស់ប្រជាពលរដ្ឋ
អាជ្ញាធរក្រុងភ្នំពេញប្រកាសទទួលមតិរិះគន់របស់ប្រជាពលរដ្ឋ @រាជធានីភ្នំពេញ
ផ្សាយពាណិជ្ជកម្ម

គឺ​ជា​ចលនា​ថ្មី​មួយ​ទៀត​ដែល​សាលារាជធានី​ភ្នំពេញ​បាន​ប្រកាស​ជា​សាធារណៈ​ដើម្បី​ទទួល​យក​មតិ​រិះគន់ក្នុង​ន័យ​ស្ថាបនា​ពី​សំណាក់​ប្រជា​ពលរដ្ឋ​ក្នុង​ក្រុង​ភ្នំពេញតាម​រយៈ​ទំព័របណ្តាញ​សង្គម​​ហ្វែស​បុក​។ លោក​ឡុងឌីម៉ង់អ្នក​នាំ​ពាក្យ​សាលារាជធានី​ភ្នំពេញ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ នៅ​ថ្ងៃអាទិត្យ​ទី​១កុម្ភៈ ​ថាពេល​កន្លង​ទៅ​អ្នក​ប្រើប្រាស់​ហ្វែស​បុក​បាន​ជួយ​រិះ​គន់ចំពោះ​​ការ​ខ្វះ​ចន្លោះជា​ច្រើន​​របស់​សាលាក្រុងហើយអាជ្ញា​ធរក៏​​បាន​ខិត​ខំ​ឆ្លើយ​តប​ចំពោះ​ត​ម្រូវ​ការ​បញ្ហា​កង្វល់និង​សំណូម​ពរ​ទាំង​ឡាយ​របស់​ប្រជាពលរដ្ឋ​បាន​មួយ​ចំនួន​ហើយដែរ​។

អ្នក​នាំពាក្យ​រូបនេះ​បាន​សូម​ឲ្យ​ប្រជា​ពលរដ្ឋ​បន្ត​ជួយ​ផ្តល់​មតិ​រិះ​គន់ ​ស្ថាប័នា ​បន្ថែម​ទៀតចំពោះ​បញ្ហា​ខ្វះ​ចន្លោះដែល​សាលារាជធានី​ភ្នំពេញ​បាន​អនុវត្ត​ពុំ​គ្រប់​ជ្រុង​ជ្រោយ នា​ពេល​បច្ចុប្បន្ន​នេះ​។លោក​ក៏បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ផ្តល់​ដំណឹង​ដល់​សាលារាជធានីចំពោះ​បញ្ហា​ផ្សេង​ៗ​ដែល​កើត​ឡើង​ក្នុង​ក្រុងភ្នំពេញ​។លោក​ឡុងឌីម៉ង់ បានលើក​ឧទាហរណ៍ដូច​ជា​បញ្ហា​ផ្លូវ​ថ្នល់មាន​គ្រលុក​ត្រង់​ណា និង​​ដែល​នៅ​មាន​ការ​ខូច​ខាត​មិន​ទាន់​ជួស​ជុល​កែ​លម្អ​ហើយអ្នក​ប្រើ​ហ្វែស​បុក​ត្រូវ​ថត​និង​ប្រកាស​ជូន​ដំណឹង​ដល់​សាលាក្រុងដើម្បី​អាជ្ញាធរ​ជួយ​ដោះ​ស្រាយ​ជូន។

ទាក់​ទង​នឹង​ការ​ប្រើ​ហ្វែស​បុក​ដើម្បី​រិះ​គន់​ផ្តល់​ដំណឹងនិង​ចែក​រំលែក​ព័ត៌មាន​នេះត្រូវ​បានអ្នក​នាំ​ពាក្យ​សាលារាជធានី​ភ្នំពេញ​យល់ឃើញថាជា​មធ្យោបាយ​ល្អ​មួយសម្រាប់​ឲ្យ​ពលរដ្ឋ​ផ្តល់​មតិ​កែ​លម្អ​ស្ថាបនាដែល​មាន​ភាព​ងាយ​ស្រួលនិង​សាមញ្ញហើយ​ពេល​ខ្លះ​មាន​ប្រសិទ្ធ​ភាព​ជាង​​ការ​បង្កើត​វេទិកា​​ធំដុំដើម្បី​ទទួល​មតិទៅទៀត។

លោក​ឡុងឌីម៉ង់ បាន​សម្តែង​សុឆន្ទៈថា ការ​ឲ្យ​ប្រជា​ពលរដ្ឋ​ផ្តល់​មតិ​រិះគន់​ស្ថាបនា​ដល់​អាជ្ញាធរ​ តាម​មធ្យោបាយ​ងាយស្រួល​ដូច​ជា​ហ្វែសបុក​នេះជា​ដើម​ គឺ​ជា​ដំណើរ​ការ​ល្អ​មួយ ដើម្បី​ឈាន​ដល់​ការ​បម្រើ​សេវាកម្ម​ដល់​ប្រជា​ជន​កាន់តែ​លឿន​និង​ឆាប់​រហ័ស។ មិន​តែប៉ុណ្ណោះ​ លោកថ្លែង​ថា ប្រសិន​បើ​អាជ្ញាធរ​ខេត្ត​ក្រុង​ដទៃផ្សេង​​ទៀត អាច​ប្រើ​មធ្យោបាយ​នេះ ដើម្បី​ស្រង់​មតិ​ពី​ប្រជាពលរដ្ឋនៅ​មូលដ្ឋាន​របស់​ខ្លួន​ ក្នុង​ការ​ចូលរួមចំណែក​​អភិវឌ្ឍ​ខេត្ត​និង​ក្រុង​របស់​ខ្លួន​ទៀត​នោះ នឹង​កាន់តែល្អ​​ប្រសើរ។

ជាមួយ​គ្នា​នេះ​ដែរទំព័រ​ហ្វែស​បុក​របស់​​សាលារាជធានី​បាន​​សរសេរ​ថា ​«គ្មាន​នរណា​ម្នាក់​រួមទាំង​មេដឹក​នាំ​ពិភពលោក​ណាមួយ ​ដែល​គ្រប់គ្រង​ដឹកនាំ​ប្រទេស​បាន​ល្អ​ឥតខ្ចោះ ​ដោយ​គ្មាន​កំហុស​ឆ្គង​ដែរ​។ ​សំខាន់​បំផុត​ គឺ​ប្រមុខ​ដឹកនាំ​តែងតែ​ស្តាប់​មតិយោបល់​ប្រជាពលរដ្ឋ​និង​មន្រ្តីរាជការ​ក្រោម​ឱ​វាទ​​ហើយ​​បន្ត​កែ​ស​ម្រួល​រៀបចំ​ឲ្យ​​បាន​ល្អ​ត្រូវ​ចំទិសដៅ​ផល​ប្រយោជន៍​សង្គម​ជាតិ»។

ទន្ទឹម​នឹង​​នេះទំ​ព័រ​ហ្វែស​បុក​​ដែល​​មាន​​ឈ្មោះ​ថា​Samdech Hun Sen​, ​Cambodian​ Prime​ Minister​ដែល​​គេ​​មួយ​​ចំនួន​​យល់ថា​​ជាគ​ណនី​​​របស់​​លោក​នាយករដ្ឋ​មន្ត្រី​​បាន​​សរសេរ​​ថា​ «កា​រ​រិះ​គន់​ស្ថាបនា​គឺ​មាន​ហេតុផល​ដែល​ចង្អុល​បង្ហាញ​ទាំង​ផលវិជ្ជមាន​និង​ផល​អវិជ្ជ​​មាន​ប្រកប​ដោយសីលធ​ម៍ក្នុង​ន័យល្អ​ជួយ​ចម្រុង​ចម្រើន​ដល់ប្រជាពលរដ្ឋ​​និង​​សង្គមជាតិ​ទាំងមូល»​។ ​ទំព័រ​នេះ​​បាន​​អំពាវ​​ឲ្យ​​ប្រជា​ជន​​ចូលរួម​ទាំង​អស់​គ្នា​​ដើម្បី​ជាតិ​រឹងមាំ​និង​រីកចម្រើន​ពិតៗ​។ ទោះ​​​យ៉ាង​ណា​ក្តី​ ទំព័រហ្វែស​បុក​​នេះ​បាន​​បញ្ជាក់ថា ​ពាក្យ​ជេរ​អសីលធម៌​និង​កាត់​តរូបភាព​ប្រមាថ ​គឺ​នឹង​លុប​ចេញ ​(delete) ​ហើយ​​បើនៅ​​បន្ត​គឺនឹង​បំបិទ​ឬ ​(Block)​ ចោ​ល​​តែ​​ម្តង​​​៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ