អានតួអត្ថបទ
កម្ពុជា

សាលាក្រុង​​ភ្នំពេញ ​ផ្តល់​​ទីតាំង​​បី​​កន្លែង​​សម្រាប់​​ជនពិការ​​ច្រៀង ​ដើម្បី​​បញ្ចប់​​ការ​​ច្រៀង​​រក​​ថវិកា​​តាម​​ស្តុ​ប​

លោកប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ឲ្យ​ដឹងថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឯកភាព​មិន​អនុញ្ញាត​ឲ្យ​ជនពិការ​ច្រៀង​តាម​ទីសាធារណៈ​នានា​ក្នុង​រាជធានី​ភ្នំពេញ​ទៀត​ទេ ដោយ​ជំនួស​មកវិញ​អាជ្ញាធរ​បានផ្តល់​ទីតាំង​ជាក់លាក់​ចំនួន៣កន្លែង ដើម្បី​ឲ្យ​ពួកគេ​ច្រៀង​ស្វែងរក​ថវិកា​ចិញ្ចើម​ជីវិត។ ការសម្រេច​នេះ បានធ្វើ​ឡើង​ក្រោយ​លោកប៉ា សុជាតិ​វង្ស​បាន​ជួបប្រជុំ​ជាមួយ​ជនពិការ​មួយចំនួន​កាលពី​រសៀល​ម្សិលមិញ។

​ស្រ្តី​ជាជនពិការ​ម្នាក់​កំពុង​ច្រៀង​កំដរ​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​សាធារណៈ​ក្នុង​ទី​ក្រុង​ភ្នំពេញ​។ ​
​ស្រ្តី​ជាជនពិការ​ម្នាក់​កំពុង​ច្រៀង​កំដរ​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​សាធារណៈ​ក្នុង​ទី​ក្រុង​ភ្នំពេញ​។ ​ @RFI/Navin
ផ្សាយពាណិជ្ជកម្ម

ការបញ្ជាក់​ឲ្យ​ដឹង​របស់លោក​អភិបាលក្រុង​ភ្នំពេញ ប៉ា សុជាតិ​វង្ស​នេះ គឺធ្វើឡើង​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​កាលពី​ល្ងាច​ថ្ងៃ​សុក្រ។ បើតាម​លោកប៉ា សុជាតិ​វង្ស អង្គប្រជុំ​ដែលមាន​ការចូលរួម​ពី​សំណាក់​ជនពិកា​ដែល​ច្រៀង​រកប្រាក់​តាម​ស្តុ​ប​នានា​ផង​នោះ បានសម្រេច​ឯកភាព​បញ្ចប់​ការ​ច្រៀង​តាម​ទីសាធារណៈ​ទៀត ដោយ​ជំនួស​មកវិញ​នូវ​ការ​ច្រៀង​តាម​ទីកន្លែង​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​រៀបចំ​ជូន​ចំនួន៣ទីតាំង។ ទីតាំង​ទាំងបី​នេះ គឺ​នៅ​រមណីយដ្ឋាន​វត្តភ្នំ សួន​អតីត​ទីលាន​ប្រជាធិបតេយ្យ និង​សួនច្បារ​មុខ​វត្ត​បទុម​វ​តី។ លោក​អភិបាល​ក្រុងភ្នំពេញ បានបញ្ជាក់​បន្ថែមថា រដ្ឋបាល​ក្រុងភ្នំពេញ​នឹង​រៀបចំ​ឆាក​តន្ត្រី​ជូន​ជនពិកា​ថែមទៀត​នៅតាម​ទីតាំងនីមួយៗខាងលើនេះ។

បន្ថែម​ពីលើ​នេះ សាលា​រាជធានី​ភ្នំពេញ ក៏បាន​ជម្រុញ​ឲ្យ​មន្ទីរ​សង្គមកិច្ច​រាជធានី​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌ សង្កាត់ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ជនពិការ និង ត្រូវ​ចុះទៅ​ជួប​ជាមួយ​ជនពិការ​ទាំងអស់ ដើម្បី​ស្វែងយល់​អំពី​សមត្ថភាព ចំណេះ ជំនាញ ដើម្បី​មានលទ្ធភាព​ផ្តល់​ការងារ​ដល់​ពួកគាត់​ផងដែរ។ សូម​ជំរាបជូន​ថា បច្ចុប្បន្ននេះ ជនពិការ​ដែល​ច្រៀង​នៅតាម​ទីសាធារណៈ​មាន២១ក្រុម ដោយបាន​បែងចែក​ជា​ក្រុម​ប្រគុំ​តន្ត្រី​ចំនួន៥ក្រុម​ដោយឡែក​ពីគ្នា​ដែលមាន​សមាជិក​សរុប​ចំនួន ១៩៤នាក់។

ចំពោះ​យន្តការ​របស់​សាលា​រាជធានី​ភ្នំពេញ​នេះ លោក​ងិន សៅ​រ័ត្ន​នាយក​ប្រតិបត្តិ​របស់​អង្គការ​ជនពិការ​កម្ពុជា បាន​លើកឡើងថា វា​ជា​រឿង​ល្អ តែ​មិនល្អ​ណាស់ណា​នៅឡើយ​ទេ ព្រោះថា​ជនពិកា​មាន​ដល់​ទៅ៥ក្រុម​តែ​អាជ្ញាធរ​ផ្តល់​កន្លែង​ច្រៀង​ជាក់លាក់​តែ​បី​កន្លែង​ប៉ុណ្ណោះ។ លោក​ថា អាជ្ញាធរ​គួរតែ​ផ្តល់​ទីតាំង៥កន្លែង ដើម្បី​ឲ្យ​សមាមាត្រ​នឹង​ក្រុម​របស់​ពួកគាត់ ។ បើតាម​លោក​ងិន សៅ​រ័ត្ន ការផ្តល់​ទីតាំង​តែ​បី​កន្លែង វា​មានការ​លំបាក​ដល់​ក្រុម​ជនពិការ ដោយសារតែ​ក្រុមនីមួយៗអាច​នឹងត្រូវ​បង្កើន​សមាជិក​បន្ថែមទៀត​ជាហេតុ​នាំ​ឲ្យ​ពិបាក​ក្នុងការ​គ្រប់គ្រង​នេះ​ម្យ៉ាង។ ម្យ៉ាង​មួយទៀត ប្រសិនបើ​មាន​គ្នីគ្នា​ច្រើនពេក​ក្នុង​ក្រុម នោះ​ប្រាក់ចំណូល​ដែល​ពួកគេ​ទទួលបាន​ពី​ការ​ច្រៀង ក៏​មិនបាន​ច្រើន​ដូច​កាល​ពួកគេ​ច្រៀង​នៅតាម​បណ្តា​ស្តុ​ប​នោះដែរ។ ចំណុច​នេះ គឺជា​ក្តី​ព្រួយបារម្ភ​របស់លោក​ងិន សៅ​រ័ត្ន ដែលថា ពួកគេ​អាច​នឹង​ត្រឡប់​ទៅ​ច្រៀង​នៅតាម​ស្តុ​ប​វិញ​ជា​ដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ