អានតួអត្ថបទ
កម្ពុជា-សិទ្ធិមនុស្ស

ប្រធាន​អនុគណៈកម្មាធិការ​សភា​អឺរ៉ុប​ស្នើ​ឱ្យ​សហភាព​អឺរ៉ុប​ចាត់​វិធានការ​ប្រឆាំង​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​​នៅ​កម្ពុជា

ប្រធាន​អនុគណៈកម្មាការ​សិទ្ធិ​មនុស្ស​សភា​អឺរ៉ុប កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា បាន​អំពាវនាវ​ដល់​គណៈកម្មាការ​សហភាព​អឺរ៉ុប ឱ្យ​មាន​វិធានការ​ប្រឆាំង​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស នៅ​កម្ពុជា ។ ប្រធាន​អនុគណៈកម្មការ​សិទ្ធិ​មនុស្ស ចាត់​ទុក ការ​បោះ​ឆ្នោត​សភា​របស់​កម្ពុជា នៅ​ថ្ងៃ​ទី ២៩ ខែ​កក្កដា ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​ប្រឆាំង​នឹង​លំហ សម្រាប់​បក្ស​ប្រឆាំង និង​ជា​ការ​បោះ​ឆ្នោត​ដែល​កើត​មាន​ឡើង​ក្នុង​បរិយាកាស​ទូទៅ​ដែល​អាក្រក់ ទាក់​ទិន​នឹង​គោរព​សិទ្ធិ​មនុស្ស រួម​ទាំង​សិទ្ធិ​ការងារ។

លោក ព្យា អាន់តូញូប៉ានហ្សូរី (Pier Antonio Panzeri) ប្រធាន​អនុគណៈកម្មការ​សិទ្ធិ​មនុស្ស​សភា​អឺរ៉ុប
លោក ព្យា អាន់តូញូប៉ានហ្សូរី (Pier Antonio Panzeri) ប្រធាន​អនុគណៈកម្មការ​សិទ្ធិ​មនុស្ស​សភា​អឺរ៉ុប @សហការី
ផ្សាយពាណិជ្ជកម្ម

លោក ព្យា អាន់តូញូប៉ានហ្សូរី (Pier Antonio Panzeri) ប្រធាន​អនុគណៈកម្មការ​សិទ្ធិ​មនុស្ស​សភា​អឺរ៉ុប តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន កាល​ពី​ថ្ងៃ​ទី ៣០ កក្កដា បាន​ថ្លែង​ថា ការវិវត្ត​ថ្មីៗ​នៅ​កម្ពុជា រួម​មាន​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា និង​ការ​ចាប់​ដាក់​ពន្ធនាគារ​នៃ​លោក កឹម សុខា មេ​ដឹក​នាំ​បក្ស​ប្រឆាំង​ដ៏​ធំ គឺ​ជា​ភស្តុតាង​អំពី​និន្នាការ​ធ្ងន់​ធ្ង​រឆ្ពោះ​ទៅ​រក​ការ​ធ្វើ​ឱ្យ​ចុះ​ខ្សោយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិ​នយោបាយ និង​ការ​បំបិទ​សម្លេង​ប្រឆាំង​នានា ក្នុង​ប្រទេស​នេះ។ លោក ព្យា អាន់តូញូប៉ានហ្សូរី បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា គោរព​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ និង​ដោះ​លែង លោក កឹម សុខា ជា​បន្ទាន់។

ប្រធាន​អនុគណៈកម្មការ​សិទ្ធិ​មនុស្ស​សភា​អឺរ៉ុប ក៏​បាន​ស្នើ​ដល់​គណៈកម្មការ​អឺរ៉ុប និង​សេវាកម្ម​វិធានការ​ខាង​ក្រៅ​អឺរ៉ុប ធ្វើ​របាយការណ៍​ឱ្យ​បាន​ឆាប់​បំផុត ស្តី​ពី​ការ​វាយ​តម្លៃ​របស់​ពួក​គេ ទាក់​ទិន​នឹង​ការ​ប្រតិបត្តិ​តាម​របស់​កម្ពុជា ចំពោះ​កាតព្វកិច្ច​សិទ្ធិ​មនុស្ស ដូច​បាន​ចែង​កំណត់​ជា​មុន នៅ​ក្រោម​ដំណើរ​ការ​តាម​ដាន​របស់​កម្មវិធី «អ្វី​ទាំង​អស់ លើក​លែង​តែ​អាវុធ» ឬ Everything But Arms (EBA)។ និង​ស្នើ​ឱ្យ​មាន​ការ​ឆ្លើយ​តប​ចំពោះ​ការ​ធ្លាក់​ចុះ​គួរ​ឱ្យ​ព្រួយ​បារម្ភ​នៃ​ស្ថានភាព​សិទ្ធិ​មនុស្ស ក្នុង​ប្រទេស​នេះ។

ឆ្លើយ​តប​នឹង​ទៅ​ការ​លើក​ឡើង​នេះ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្រ្តី បាន​ចាត់​ទុក​ការ​លើក​ឡើង​របស់​ប្រធាន​អនុគណៈកម្មការ​សភា​អឺរ៉ុប​ផ្នែក​សិទ្ធិ​មនុស្ស​នេះ​ ថា​ជា​ការ​រំលោភ​អធិបតេយ្យភាព និង​ឯករាជ្យ​ភាព​នៅ​កម្ពុជា។ កម្ពុជា ដែល​កំពុង​តែ​បោះ​ជំហាន​ឈាន​ទៅ​មុខ​តាម​រយៈ​កំណើន​សេដ្ឋកិច្ច​ថេរ ៧% ក្នុង​មួយ​ឆ្នាំ ជា​ពិសេស​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ជាតិ ដែល​បាន​បិទ​បញ្ចប់ ដោយ​រលូន នៅ​ថ្ងៃ​ទី ២៩ ខែ​កក្កដា។

ព្រម​ជាមួយ​គ្នា​នេះ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ដដែល ក៏​បាន​ចាត់​ទុក ការ​ភ្ជាប់​បញ្ហា​នយោបាយ​នៅ​កម្ពុជា ទៅ​នឹង​ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា ថា​ជា​រឿង​មិន​សម​ហេតុ​ផល និង​អយុត្តិធម៌​សម្រាប់​កម្ពុជា។

ការ​ស្នើ​ឱ្យ​មាន​ចំណាត់​ការ​ប្រឆាំង​នឹង​ការ​រំលោភ​សិទិ្ធ​មនុស្ស​របស់​អនុគណៈកម្មការ​សិទិ្ធ​មនុស្ស​សភា​នា​ពេល​ធ្វើ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​សហភាព​អឺរ៉ុប​នៅ​ថ្ងៃ​ទី​៣០ កក្កដា បាន​ចេញ​មុខ​មក​ប្រតិកម្ម​ទៅ​នឹង​ការ​បោះ​ឆ្នោត​ជាតិ​នៅ​កម្ពុជា​ដែល​ទើប​បញ្ចប់​កាល​ពី​ថ្ងៃ​ទី​២៩ កក្កដា។ តាម​រយៈ​អ្នក​នាំ​ពាក្យ​សម្រាប់​កិច្ចការ​បរទេស និង​គោល​នយោបាយ​សន្តិសុខ សហភាព​អឺរ៉ុប​បាន​ចាត់​ទុក​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ថា មិន​តំណាង​ឲ្យ​ឆន្ទៈ​ប្រជាធិបតេយ្យ​របស់​អ្នក​បោះ​ឆ្នោត​ទេ ពោល​គឺ​ការ​បោះ​ឆ្នោត​នេះ​ខ្វះ​នូវ​ការ​ជឿ​ជាក់។

ការ​បោះ​ឆ្នោត​ជាតិ​អាណត្តិ​ទី​៦​របស់​កម្ពុជា បាន​បិទ​បញ្ចប់​ទៅ​ដោយ​មាន​ភាព​ចម្រូង​ចម្រាស់។ ចម្រូង​ចម្រាស់ គឺ​ដោយ​សារ​តែ​សហភាព​អឺរ៉ុប និង​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន​បាន​ចេញ​មក​ប្រតិកម្ម​ចំពោះ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​នេះ ដោយ​ខ្លះ​បាន​សម្តែង​នូវ​ការ​សោក​ស្តាយ និង​ខក​ចិត្ត។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ អ្នក​សង្កេតការណ៍​អន្តរជាតិ​ដែល​បាន​មក​ចូល​រួម​សង្កេតការណ៍​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​បាន​សម្តែង​នូវ​ការ​គាំទ្រ ដោយ​ថា ការ​បោះ​ឆ្នោត​បាន​ប្រព្រឹត្ត​ទៅ​សេរី និង​ត្រឹម​ត្រូវ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ