អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ល្បែង Pokémon អុក​ឡុក​ក្រុង​ភ្នំពេញ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ល្បែងនៅ​លើទូរសព្ទ​ឈ្មោះ Pokémon Go បង្ហាញ​វត្តមាន​នៅ​កម្ពុជា និង​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​ដទៃ​ទៀត ​​បាន​ពីរ​សប្ដាហ៍​ហើយ។ នៅ​ស្រុក​គេ ពេល​ដែល​ល្បែង​នេះ​ដាក់​ឲ្យ​ដំណើរការ រដ្ឋ​អាជ្ញាបារម្ភ​ណាស់ ហើយ​​បាន​ចេញ​សេចក្ដី​ណែនាំ​និង​ដាស់​តឿន​ដល់​យុវជន​ឲ្យ​លេង​ល្បែង​ទូរសព្ទ​ដ៏​ទំនើប​នេះ ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ ដើម្បី​ចៀស​ផុត​ពី​គ្រោះ​ភ័យ​។ ប៉ុន្តែ​អាជ្ញាធរ​នៅ​ស្រុក​ខ្មែរ ហាក់​ពុំទាន់​បាន​ដាក់​ចេញ​នូវ​វិធានការ​បង្ការ​ណា​មួយ​នៅ​ឡើយ​ទេ រហូត​មក​ទល់​ពេល​នេះ​។

រូបសញ្ញាល្បែង​ទូរសព្ទ Pokemon Go នៅ​កម្ពុជា
រូបសញ្ញាល្បែង​ទូរសព្ទ Pokemon Go នៅ​កម្ពុជា រូបភាព​ឯកសារ
ផ្សាយពាណិជ្ជកម្ម

Pokémon Go គឺ​ជា​ល្បែងនៅ​លើទូរសព្ទដ៏​ទំនើប ប្រើ​ប្រាស់​ប្រព័ន្ធ Augmented Reality ឬ AR ដែល​ភ្ជាប់​តុក្កតា​នៅ​ក្នុង​កម្មវិធី​ទូរសព្ទ ទៅ​ក្នុង​ទី​កន្លែង​ពិត​ៗ​របស់​អ្នក​លេង​។ ដើម្បី​លេង​ល្បែង​នេះ​បាន អ្នក​លេង​ត្រូវ​អនុញ្ញាត​ឲ្យ​ល្បែង​នេះ ស្គាល់​ពី​ទីតាំង​ភូមិ​សាស្ត្រ​ពិត​ប្រាកដ​របស់​ខ្លួន មិន​ថា​នៅ​តាម​ផ្លូវ នៅ​ផ្ទះ នៅ​ហាង នៅ​តាម​សួន​សាធារណៈ ឬ​នៅ​ក្នុង​វត្ត​អារាម​ជា​ដើម​។ ពេល​លេង​ល្បែង Pokémon Go នេះ អ្នក​លេង​នឹង​បាន​ឃើញ​រូប​តុក្កតា​លោត​ឡើង​នៅ​លើ​អេក្រង់​ទូរសព្ទ​។ គេ​ត្រូវ​តាម​ចាប់​តុក្កតា​នេះ​សន្សំ​ទុក ហើយ​បង្ហាត់​វា ដើម្បី​ទៅ​វាយ​ដណ្ដើម​តំណែង​អ្នក​ឈ្នះ​នៅ​លើ​សង្វៀន​ប្រកួត​។

មែន​ទែន​ទៅ បើ​តាម​​ក្រុមហ៊ុន Niantic ដែល​ជាអ្នក​បង្កើត​ល្បែង​នេះ Pokémon Go មាន​គោលដៅ​ជំរុញ​ឲ្យ​មនុស្ស​សម័យ​ថ្មី​ដែល​នៅ​តែ​ក្នុង​ផ្ទះ​វក់​ជាមួយ​កុំព្យូទ័រ ទូរទស្សន៍ ​និង​ទូរសព្ទ ចេញ​ពី​ផ្ទះ ធ្វើ​លំហាត់​ប្រាណ តាម​រយៈ​ការដើរ​​​​តាម​ចាប់តុក្កតា Pokémon។ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​មិន​នឹក​ស្មាន​សោះ​ឡើយ​ថា ល្បែង​ដែល​ខ្លួន​បង្កើត បាន​ទទួល​ការ​គាំទ្រ​ច្រើន​ដល់​ម្ល៉ឹង​។  ទើប​តែ​ដាក់​ឲ្យ​ដំណើរការ​នៅ​ខែ​កក្កដា ប៉ុន្តែ​វាបាន​ក្លាយ​​ជា​កម្មវិធី​ទូរសព្ទ​ដែល​មាន​អ្នក​ប្រើ​ប្រាស់​ច្រើន​បំផុត​ ដោយ​មានអ្នក​ប្រើ​ប្រាស់​ចំនួន​​​ជាង​១​រយ​លាន​នាក់​ហើយ​ ​គិត​ត្រឹម​ពាក់​កណ្ដាល​ខែ​សីហា​នេះ។

មាន​អ្នក​ប្រើ​ប្រាស់​ច្រើន បញ្ហា​ក៏​ច្រើន! តាំង​ពី​ល្បែង​នេះ​ដាក់​ឲ្យ​ដំណើរការ​មក គេ​ឃើញ​យុវជន​និង​កុមារ​កាន់​តែ​ច្រើន​ឡើង​ៗ ចុះ​ផ្លូវ​ជា​ក្រុម​ៗ​ដើម្បី​តាម​ចាប់​តុក្កតា Pokémon។  នៅអាមេរិក ទី​ដែល​ល្បែង Pokémon Go ដាក់​ឲ្យ​ដំណើរការ​មុន​គេ​តាំង​ពី​ខែ​កក្កដា អាជ្ញាធរ​ត្រូវ​ឈឺ​ក្បាល​វិល​មុខ​ជាមួយ​បញ្ហា​សុវត្ថិភាព​របស់​អ្នក​លេង​ល្បែងនេះ​។ នៅ​រដ្ឋ Missouri ប៉ូលីស​ឃាត់​ខ្លួន​បានជន​ល្មើស​​៤​នាក់ ដែល​ប្រើ​ប្រាស់​ល្បែង​នេះ បញ្ឆោត​ឲ្យ​អ្នក​លេង Pokémon Go ទៅ​ជាមួយ​ពួក​គេ​ដើម្បី​ចាប់​តុក្កតា​។ នៅ​ពេល​ទៅ​ដល់​កន្លែង​ស្ងាត់ ជន​ល្មើស​ទាំង​៤​នាក់​នោះ បាន​ចាត់​ការ​ប្លន់​អ្នក​លេង​ល្បែង Pokémon Go តែ​ម្ដង​។ នៅ​អាមេរិក​ដែរ យុវជន​កាណាដា​ពីរ​នាក់ត្រូវ​ប៉ូលីស​អាមេរិកឃាត់​ខ្លួន ព្រោះ​​បាន​ឆ្លង​ចូល​ទៅ​ក្នុង​ទឹក​ដី​អាមេរិកដើម្បី​តាម​ចាប់​តុក្កតា Pokémon​​​។ នេះ​គេ​នៅ​មិន​ទាន់​និយាយ​ដល់​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ជា​ច្រើន​ករណី ដែល​កើត​ឡើង​ព្រោះ​តែ​អ្នក​បើកបរ​រវល់​ចាប់​តុក្កតា Pokémon ភ្លេច​មើល​ផ្លូវ​ផង​ទេ​។

ដោយ​សារ​តែ​បាន​ឃើញបញ្ហា​កើត​ឡើង​នៅ​បណ្ដា​ប្រទេស​លោក​ខាង​លិចដូច្នេះ​ហើយ ទើប​អាជ្ញាធរ​នៃ​ប្រទេស​នៅ​អាស៊ី ជា​អាថិ៍​ប្រទេស​សិង្ហបុរី និង​ថៃ បាន​ដាក់​ចេញ​នូវ​បម្រាម និង​ការ​ណែនាំ​មួយ​ចំនួន នៅ​ពេល​ល្បែង Pokémon Go ដាក់​ឲ្យ​ដំណើរការ​នៅ​អាស៊ី​អាគ្នេយ៍​កាល​ពី​ដើម​ខែ​សីហា​នេះ​។

អាជ្ញាធរ​សិង្ហបុរី បាន​ណែនាំ​ឲ្យ​អ្នក​លេង​ល្បែង Pokémon Go ដើរ​ចាប់​តុក្កតា​ជា​ក្រុម​ៗ ចៀស​វាង​ដើរ​តែ​ម្នាក់​ឯង​។ ហើយ​ត្រូវ​​រក្សា​នូវ​ស្មារតី​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចៀស​វាងលេង​ល្បែង​នេះ​ក្នុង​ពេល​បើក​បរ ដែល​អាច​​បង្ក​គ្រោះ​ថ្នាក់​ដល់​ខ្លួនឯង​និង​អ្នក​ដទៃ​​។  នៅ​ប្រទេស​ថៃ អាជ្ញាធរ​នៃ​របប​សឹក​​អះអាង​ថា ខ្លួន​បាន​ទាក់ទង​ទៅ​កាន់​ក្រុមហ៊ុន​បង្កើត​ល្បែង​នេះ ដើម្បី​ដាក់​កម្រិត​ទី​កន្លែង​តាម​ចាប់​តុក្កតា Pokémon និង​ចង់​ឈាន​ទៅ​កំណត់​ពេល​វេលា​លេង​ទៀត​ផង ព្រោះមិន​ចង់​ឲ្យ​កុមារ​និង​យុវជន វក់​លេង​ល្បែង​នេះ​ភ្លេច​រៀន​ភ្លេច​សូត្រ​។

ត្រឡប់​​មក​កម្ពុជា​វិញ​។ តាំង​ពី​ល្បែង​នេះ​ដាក់​ឲ្យ​ដំណើរការ​នៅ​ថ្ងៃ​ទី​០៦​សីហា អាជ្ញាធរ​នៅ​ស្រុក​ខ្មែរ ហាក់​ពុំទាន់​បាន​ដាក់​ចេញ​នូវ​វិធានការ​បង្ការ​ណា​មួយ​នៅ​ឡើយ​ទេ រហូត​មក​ទល់​ពេល​នេះ​។ ជា​រៀង​រាល់​ថ្ងៃ ជា​ពិសេស​នៅ​ពេល​ល្ងាច​និង​យប់ យុវជន​និង​កុមារ​ទាំង​ក្រុម​ៗ នាំ​គ្នា​តាម​ចាប់​តុក្កតា Pokémon នៅ​តាម​សួនច្បារ​​នានា​ក្នុង​ទីក្រុង​ភ្នំពេញ ទាំង​នៅ​សួន​ច្បារ​កោះ​ពេជ្រ សួន​ច្បារ​វិមានឯករាជ្យ សួន​ច្បារ​មុខ​ព្រះ​បរមរាជវាំង និង​សារមន្ទីរ​ផ្សេង​ៗ រាប់​បញ្ចូល​ទាំង​សារមន្ទីរ​ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង​ផង​​ ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​បារម្ភ​ពី​សុវត្ថិភាព​និង​សីលធម៌។

បញ្ហា​សុវត្ថិភាព៖ អ្នក​លេង​ល្បែង​តាម​ចាប់​តុក្កតា Pokémon ត្រូវ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ចរាចរណ៍ នៅ​ពេល​រវល់​ឈ្ងោក​លេង​ល្បែង​នេះ​ភ្លេច​មើល​ផ្លូវ ឬ​ត្រូវ​ចោរ​ឆក់​ទូរសព្ទ​ទៅ​បាត់​ក៏​ថា​បាន​។ ដោយ​ឡែក បញ្ហា​សីលធម៌​ចោទ​ឡើង​នៅ​ពេល​ដែល​អ្នក​លេង​ល្បែង​នេះ​មួយ​ចំនួន បាន​ចូល​ឈ្លាន​ពាន​ដល់​សារមន្ទីរ​ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង​ដើម្បី​តាម​ចាប់តុក្កតា Pokémon ជា​ទង្វើ​មាក់ងាយ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​។

ខណៈ​ដែល​មិន​ទាន់​មាន​របាយការណ៍​ពី​គ្រោះ​ថ្នាក់​កើត​ឡើង​ដោយសារ​ល្បែងទូរសព្ទ Pokémon Go នៅ​កម្ពុជា អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​កម្ពុជា​គួរ​ពិនិត្យ​មើល​ល្បែង​នេះ និង​ដាក់​ចេញ​នូវ​វិធានការ​សម​ស្រប​ដើម្បី​ដាស់​តឿន​អ្នក​លេង​និង​បង្កា​គ្រោះ​ថ្នាក់ ចៀសវាង​មាន​បញ្ហា​រួច​ទើប​ដោះ​ស្រាយ​តាម​ក្រោយ​ ដូច​ពាក្យ​ចាស់​ថា គោ​បាត់​ទើប​ធ្វើ​របង​។ ចំណែកការ​តាម​ចាប់​តុក្កតា Pokémon នៅ​ក្នុង​សារមន្ទីរ​ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង ក៏​គួរ​ស្នើ​ឲ្យ​​ក្រុមហ៊ុន​ផលិត​ល្បែង​នេះ​ដក​ចេញ​​ផង​ដែរ។ អាជ្ញាធរ​កម្ពុជា​មិន​គួរ​មើល​រំលង​លទ្ធភាព​នៃ​គ្រោះ​អាសន្ន​ដែល​អាច​កើត​មាន​ដោយ​សារ​ល្បែង​នេះ​ទេ ខណៈ​មាន​ឧទាហរណ៍​រួច​ស្រេច​ពី​បរទេស​ឲ្យ​ឃើញ​ហើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ