អានតួអត្ថបទ
កម្ពុជា-នយោបាយ

ឆ្នាំថ្មី៖ បក្ស​កាន់​អំណាច​ថា​ ខ្លួន​ជោគជ័យ​បង្ក្រាប​ឧបាយកល​បដិវត្តន៍​ពណ៌ ខណៈ​អតីតបក្ស​ប្រឆាំង​ដង្ហោយ​រក​យុត្តិធម៌

មុន​ពេល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ឈាន​ចូល​មក​ដល់ អ្នក​នយោបាយ​ខ្មែរ​បាន​ចេញ​សារ​ជូន​ពរ​រៀងៗ​ខ្លួន​ទៅ​ដល់​ប្រជាជាតិ​។ ជា​ការ​កត់​សម្គាល់ នៅ​ក្នុង​ខ្លឹមសារ​នៃ​សារ​ជូន​ពរទៅ​កាន់​ពលរដ្ឋ​ខ្មែរ​នោះ ប្រមុខ​រដ្ឋាភិបាល​បាន​បង្ហាញ​ពី​ជោគជ័យ​របស់​ខ្លួន​ក្នុង​ការបង្ក្រាប​ឧបាយកល​បដិវត្តន៍​ពណ៌។ ចំណែក​អ្នក​នយោបាយ​នៃ​អតីត​គណបក្ស​ប្រឆាំង តាម​រយៈ​ទេវតា​ឆ្នាំ​ថ្មី ពួក​គេ​ដង្ហោយ​រក​យុត្តិធម៌​សម្រាប់​ខ្លួន​ឯង​។ 

​ រូបភាព​ចាស់៖ លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន  និង លោក សម រង្ស៊ី
​ រូបភាព​ចាស់៖ លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក សម រង្ស៊ី @សហការី
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នេះ លោក កឹម សុខា តាម​រយៈ​សារ​ជូន​ពរ​ពី​ពន្ធនាគារ ដែល​លោក​បន្ត​ហៅ​ខ្លួន​ឯង​ថា ជា​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដដែ​ល​​នោះ បាន​អំពាវនាវ​ដល់​អ្នក​នយោបាយ​ខ្មែរ និង​ថ្នាក់​ដឹក​នាំ​ខ្មែរ​ដោះ​ស្រាយបញ្ហា​ដោយ​​អហឹង្សា​និង​បាន​បន្ត​អះអាង​ក្នុង​សំណេរ​ថា កុំ​យក​ខ្មែរ​គ្នា​ឯង​ជា​សត្រូវ។ ដូច្នេះ​អ្នក​នយោបាយ​ខ្មែរ​គ្រប់​រូប​ ត្រូវ​បោះបង់​ចោល​នូវ​ការ​ចង​អាឃាត​និង​ឈប់​យកប្រជាពលរដ្ឋ​ធ្វើ​ជា​សត្រូវ។ សម្រាប់​លោក កឹម សុខា គ្មាន​ឡើយ​នូវ​ពាក្យ​ថា ហួស​ពេលសម្រាប់​ខ្មែរ​ក្នុង​ការ​វិល​ត្រឡប់​មក​ផ្សះផ្សារ​ជាតិ​ឡើង​វិញ។ បន្ថែម​លើ​នេះ​លោក កឹម សុខា បាន​លើក​ទឹក​ចិត្ត​ដល់​ពលរដ្ឋ​ខ្មែរ​កុំ​អស់​សង្ឃឹម និង​កុំ​បោះ​បង់​ចោល​ការ​ទាម​ទារដែល​នាំ​មក​នូវ​ការ​ផ្លាស់​ប្ដូរ​នោះ។

ដោយឡែក នៅ​ក្នុង​សារ​ជូនពរ​ដែល​មាន​កម្រាស​៦ទំព័រ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​កត់​សម្គាល់​ថា ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នៅ​ឆ្នាំ​២០១៨នេះ ធ្វើ​ឡើង​ស្រប​​នឹង​ពេល​វេលា​នៃ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ខិត​ជិត​មក​ដល់​ដែរ ពោល​គឺ​ថ្ងៃ​អាទិត្យ​ទី២៩​ខែ​កក្កដា។ តែ​ទោះ​ជា​បែប​នេះ​ក៏​ដោយ មុន​ឆ្នាំ​ថ្មី​ចូល​មក​ដល់​នៅ​ថ្ងៃ​សៅរ៍​ខាង​មុខនេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​រម្លឹកថា ក្នុង​ឆ្នាំ​កន្លង​ទៅ​រដ្ឋាភិបាល​បាន​ទប់​ស្កាត់​ដោយ​ជោគជ័យ នូវ​ឧបាយកល​បដិវត្តន៍​ពណ៌​របស់​គណបក្ស​ប្រឆាំង​ដែល​ឃុប​ឃិត​ជាមួយ​បរទេស ឲ្យ​រង​ការ​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​កម្ពុជា តាមរយៈ​ការ​អនុវត្ត​វិធាន​ការណ៍​ច្បាប់​ដ៏​ម៉ឺង​ម៉ាត់​របស់​រដ្ឋាភិបាល។ នេះ​បើ​តាម​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ។

នៅ​ក្នុង​សារ​ជូន​ពរ​ដដែល លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​ក៏​បាន​រំលេច​នូវ​ស្នាដៃ​ជា​ច្រើន​​ដែល​រដ្ឋាភិបាល​សម្រេច​បាន​នៅ​ក្នុង​ឆ្នាំ​ចាស់​ឆ្នាំ​២០១៧​ដោយ​រួមមានៈ ការ​រក្សា​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ក្នុង៦,៩ ភាគរយ និង​ការ​ផ្ដល់​ប្រាក់​បៀវត្ស​ជូន​មន្ត្រី​រាជការ​និង​កម្មករ កម្មាការិនី ជាដើម។ ទន្ទឹមនេះ លោក​នាយករដ្ឋមន្ត្រី ក៏​បាន​ប្ដេជ្ញា​ចិត្ត​ជា​ថ្មី​ធ្វើ​ការ​កែ​ទម្រង់​រដ្ឋ​ឲ្យ​ស៊ី​ជម្រៅ​តាមរយៈ​ពាក្យ​ស្លោក ឆ្លុះ​កញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល​និងវះ​កាត់។

មិន​នៅ​ស្ងៀម​ឡើយ លោក សម រង្ស៊ី តាម​រយៈ​សារជូនពរ​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​បុក​បាន​ចេញ​មុខ​អះអាង​ថា ជា​អ្នក​តំណាង​ឲ្យ​អតីត​គណបក្ស​សង្គ្រោះជាតិ និង​ជា​ប្រធា​ន​ចលនា​សង្គ្រោះ​ជាតិ នឹង​ខំ​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចាប់​ផ្ដើម​បាន​ឃើញនូវ​ពន្លឺ​ប្រជាធិបតេយ្យ​យ៉ាង​ពិត​ប្រាកដ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​នេះ។ លោក សម រង្ស៊ី បានបួង​សួង​ឲ្យ​ដំណើរ​ការ​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃ​ខាង​មុខ​ក្លាយ​ទៅ​ជា​ដំណើរ​ការ​បោះឆ្នោត​ត្រឹមត្រូវ​វិញ​ក្នុង​ពេល​ខាង​មុខ ព្រោះ​លោក​បាន​ចាត់​ទុក​ការ​បោះឆ្នោត​នេះ​ជា​ដំណើរ​បោះឆ្នោត​ក្លែង​ក្លាយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ