អានតួអត្ថបទ
កម្ពុជា-ច្បាប់

​Human Rights Watch អំពាវ​នាវ​កុំ​ឲ្យ​អាជ្ញាធរ​ថៃ​បញ្ជូន​លោក​រ៉ាត់ រដ្ឋមុនី មក​ឲ្យ​អាជ្ញាធរ​កម្ពុជា​

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​(Human Rights Watch) នៅ​ថ្ងៃទី​១១ ធ្នូ​នេះ បាន​ចេញ​ថ្លែង​ការណ៍​ដោយ​អំពាវនាវ​កុំ​ឲ្យ​អាជ្ញាធរ​ថៃ​បញ្ជូន​លោក​រ៉ាត់ រដ្ឋមុនី ដែល​បាន​ចូល​រួម​ផលិត​ភាពយន្ត​ឯកសារ​ស្តី​ពី​ការ​លក់​កូន​ស្រី​ជាមួយ​ទូរទស្សន៍​រុស្ស៊ី មក​ឲ្យ​អាជ្ញាធរ​កម្ពុជា​។ មិន​តែ​ប៉ុណ្ណោះ Human Rights Watch ក៏​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ថៃ​ដោះ​លែង​លោក​រ៉ាត់ រដ្ឋមុនី ជា​បន្ទាន់​ផង​ដែរ​។ 

រូបភាព៖ លោករ៉ាត់ រដ្ឋមុនី ពាក់អាវបង្កងដែល​ភរិយា​របស់​គាត់​អះអាង​ថា បាន​រួម​ចំណែក​នៅ​ក្នុង​ការ​ផលិ​តវីដេអូ​ឯកសារ​ស្ដីពី​ម្ដាយ​ខ្ញុំ​លក់​ខ្ញុុំ
រូបភាព៖ លោករ៉ាត់ រដ្ឋមុនី ពាក់អាវបង្កងដែល​ភរិយា​របស់​គាត់​អះអាង​ថា បាន​រួម​ចំណែក​នៅ​ក្នុង​ការ​ផលិ​តវីដេអូ​ឯកសារ​ស្ដីពី​ម្ដាយ​ខ្ញុំ​លក់​ខ្ញុុំ @FB
ផ្សាយពាណិជ្ជកម្ម

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​(Human Rights Watch) បាន​លើក​ឡើង​ថា អាជ្ញាធរ​ថៃ​មិន​គួរ​បញ្ជូន​ទាំង​បង្ខំ​លោក​រ៉ាត់ រដ្ឋមុនី មក​កាន់​ប្រទេស​កម្ពុជា​នោះ​ទេ​។ បើ​តាម​អង្គការ​នេះ គឺ​គេ​មាន​ហេតុ​ផល​រឹង​មាំ​ជា​ច្រើន​ដែល​អាច​ជឿ​ជាក់​បាន​ថា លោក​រ៉ាត់ រដ្ឋមុនី នឹង​ប្រឈម​នឹង​ការ​កាត់​ទោស​ដែល​លម្អៀង​ខាង​នយោបាយ ការ​ឃុំ​ខ្លួន​ដោយ​អយុត្តិធម៌ និង ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លោក រ៉ាត់ រដ្ឋមុនី ដែល​ជា​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា (CCTUF) ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​នៅ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​ទី៧ ធ្នូ​កន្លង​ទៅ​។ ការ​ចាប់​ខ្លួន​នេះ គឺ​ធ្វើ​ឡើង​តាម​សំណើ​ផ្លូវ​ការ​របស់​អាជ្ញាធរ​រដ្ឋា​ភិបាល​កម្ពុជា ក្រោយ​ពី​លោក​បាន​ចូល​រួម​ផលិត​ខ្សែ​ភាពយន្ត​ឯកសារ “ម្តាយខ្ញុំ លក់ខ្ញុំ”ជាមួយ​ទូរទស្សន៍​RT របស់​រុស្ស៊ី​។ សម្រាប់​អាជ្ញាធរ​ខ្មែរ ខ្សែ​ភាពយន្ត​ឯកសារ​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខ​មាត់​របស់​កម្ពុជា​។

លោក​ប្រ៊ែត អាដាម នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​Human Rights Watch​ បាន​អះអាង​ថា រដ្ឋា​ភិបាល​ថៃ​មិន​គួរ​ធ្វើ​តាម​ការ​បង្គាប់​របស់​កម្ពុជា​ដោយ​បញ្ជូន​ទាំង​បង្ខំ​លោក​រ៉ាត់ រដ្ឋមុនី។ លោក​រ៉ាត់ រដ្ឋមុនី ដែល​លោក​ប្រ៊ែត អាដាម បញ្ជាក់​ថា បាន​បើក​បង្ហាញ​នូវ​ភាព​បរាជ័យ​របស់​សមត្ថកិច្ច​កម្ពុជា​ក្នុង​ការ​បញ្ឈប់​ការ​រំលោភ​បំពាន និង​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​កុមារ​តាម​រយៈ​ខ្សែ​ភាពយន្ត​ឯកសារ​ជាមួយ​ទូរទស្សន៍​រុស្ស៊ី​។ មិន​តែ​ប៉ុណ្ណោះ លោក​ប្រ៊ែន អាដាម ក៏​បាន​អះ​អាង​ទៀត​ថា អាជ្ញាធរ​ថៃ​គួរ​តែ​ដោះ​លែង​លោក​រ៉ាត់ រដ្ឋមុនី ជា​បន្ទាន់ និង​អនុញ្ញាត​ឲ្យ​លោក​ស្វែង​រក​ការ​ការពារ​ពី​ភ្នាក់​ងារ​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហ​ប្រជាជាតិ​។

បច្ចុប្បន្ន លោក​រ៉ាត់ រដ្ឋមុនី ត្រូវ​បាន​អាជ្ញាធរ​ថៃ​ឃុំ​ខ្លួន​នៅ​ក្នុង​មណ្ឌល​ឃុំ​ខ្លួន​ជន​អន្តោរ​ប្រវេសន៍ ដើម្បី​រង់​ចាំ​អាជ្ញាធរ​ខ្មែរ​ទៅ​នាំ​ខ្លួន​មក​កាន់​ប្រទេស​កម្ពុជា​។ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​អ្នកស្រី​ឡុង គីមហ៊ាង ដែល​ជា​ភរិយា​លោក​រ៉ាត់ រដ្ឋមុនី នៅ​លើ​ទំព័រ​កាសែត​ខ្មែរ​ថាមន៍​នៅ​ថ្ងៃ​នេះ​។ អ្នកស្រី​បាន​សម្តែង​ការ​បារម្ភ​ថា ប្តី​អ្នក​ស្រី​នឹង​ត្រូវ​អាជ្ញាធរ​យក​មក​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ដោយ​គ្មាន​ការ​ស៊ើប​អង្កេត​ដោយ​យុត្តិធម៌​នៅ​កម្ពុជា​។ ចំណែក ទូរទស្សន៍​RT (Russia Today) វិញ ក៏​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​ខ្លាំង​ផង​ដែរ​ចំពោះ​ការ​ឃុំ​ខ្លួន​នេះ​។ RT បាន​បញ្ជាក់​ប្រាប់​កាសែត​ថាមន៍​ថា​នេះ ខ្លួន​កំពុង​តែ​ធ្វើ​គ្រប់​យ៉ាង​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ​ដែល​ក្នុង​នោះ រួម​មាន​ទាំង​តាម​រយៈ​ផ្លូវ​ទូត​ផង​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ