អានតួអត្ថបទ
កម្ពុជា-សង្គម

​ក្រុម​គ្រួសារ​លោក រ៉ាត់ រដ្ឋមុនី តវ៉ា​ជា​ថ្មី នៅ​មុខ​ស្ថាន​ទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា​

ក្រុម​គ្រួសារ​ លោក ​រ៉ាត់​ រដ្ឋមុនី ​និង​ស្រ្តីជា​សកម្ម​ជន​ដីធ្លី​មួយ​ចំនួន​បាន​នាំ​គ្នា​តវ៉ា​ដោយ​លើក​បដាជា​ថ្មី​ទៀត​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ​នៅ​មុខ​ស្ថាន​ទូត​រុស្ស៊ី​ក្នុង​ទី​ក្រុង​ភ្នំពេញ​។​ ជា​ការ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ ដើម្បី​ឲ្យ​មាន​ការ​ដោះ​លែង​​បុរស ​ដែល​រង​ការ​ចោទ​ថា​ ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ថតភាព​យន្ត​ឯកសារ​​ជា​មួយ​​ទូរទស្សន៍​រុស្ស៊ី(​RT)​ស្តី​ពី​ការ​លក់​កូន​ស្រី​ឲ្យ​ទៅ​ឲ្យ​បម្រើ​ផ្លូវ​ភេទ​នៅក​ម្ពុជា។ 

រូបភាព៖ លោករ៉ាត់ រដ្ឋមុនី ពាក់អាវបង្កងដែល​ភរិយា​របស់​គាត់​អះអាង​ថា បាន​រួម​ចំណែក​នៅ​ក្នុង​ការ​ផលិ​តវីដេអូ​ឯកសារ​ស្ដីពី​ម្ដាយ​ខ្ញុំ​លក់​ខ្ញុុំ
រូបភាព៖ លោករ៉ាត់ រដ្ឋមុនី ពាក់អាវបង្កងដែល​ភរិយា​របស់​គាត់​អះអាង​ថា បាន​រួម​ចំណែក​នៅ​ក្នុង​ការ​ផលិ​តវីដេអូ​ឯកសារ​ស្ដីពី​ម្ដាយ​ខ្ញុំ​លក់​ខ្ញុុំ @FB
ផ្សាយពាណិជ្ជកម្ម

ការ​តវ៉ា​ជា​លើក​ទី​២ ​ដែល​ដឹក​នាំ​ដោយ ​អ្នក​ស្រី ឡុង ​គឹមហ៊ាង ​ភរិយា ​លោក​ រ៉ាត់​ រដ្ឋមុនី​ ​ជា​ថ្មីទៀត​នេះ គឺ​បន្ទាប់​ពី​ការ​តវ៉ា​លើក​ទី​១​កាល​ពី​ពាក់​កណ្តាល​ខែ​មុន​ មិន​ទទួល​បាន​ជោគជ័យ​។​ មិន​បាន​ជោគជ័យ​ព្រោះ​តែ​មិន​មាន​តំណាង​ស្ថាន​ទូត​រុស្សី​ណា​ម្នាក់​ ចេញ​មក​ទទួល​ញត្តិពី​អ្នកតវ៉ា​នោះ​ឡើយ​។

ដូច​ការ​តវ៉ា​លើក​មុន​ ដែរ​នៅ​ថ្ងៃនេះ​ក៏​គ្មាន​តំណាង​ស្ថាន​ទូត​រុស្ស៊ី​ចេញ​មក​ទទួល​ញត្តិ​ពី​ក្រុម​គ្រួសារ​លោក​ រ៉ាត់​ រដ្ឋមុនី ​ឡើយ ​ខណៈ​សមត្ថកិច្ច​បាន​រារាំង​អ្នក​តវ៉ាមិន​ឲ្យ​ទៅ​ជិត​មាត់​ទ្វារ​ស្ថានទូត​។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុម​អ្នក​តវ៉ា​។

លោក​រ៉ាត់ ​រដ្ឋមុនី​ ដែល​ជា​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា​ផង​នោះ ​ត្រូវ​បានអាជ្ញាធរ​ថៃ​ចាប់​បញ្ជួន​មក​វិញ​កាល​ពី​ថ្ងៃទី​១២​ខែ​ធ្នូ​តាម​សំណើ​របស់​កម្ពុជា ​បន្ទាប់​ឃុំ​ខ្លួន​អស់​រយៈ​ពេល​៥ថ្ងៃនៅ​ទី​ក្រុង​បាង​កក​។​ ពេល​មក​កម្ពុជា ​លោក​ រ៉ាត់​ រដ្ឋមុនី ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ក្នុង​ពន្ធនាគារ​ ក្រោម​បទ​ញុះ​ញង់​ឲ្យ​មាន​ការ​រើស​អើង​តាម​មាត្រា​៤៩៦​នៃ​ក្រម​ព្រហ្មទណ្ឌ​។

តាម​ការ​ចោទ​ប្រកាន់ ​លោក​រ៉ាត់ រដ្ឋមុនី អាច​ប្រឈម​នឹង​ទោស​ជាប់​ពន្ធនាគារ​ពី១ ឆ្នាំ​ទៅ​៣ឆ្នាំ​និង​ពិន័យ​ជា​ទឹក​ប្រាក់​ពី​២លាន​រៀល​ទៅ​៦លាន​រៀល ប្រសិន​បើ​តុលាការ​កម្ពុជា​រក​ឃើញ​ថា​លោក​បាន​ប្រព្រឹត្ត​បទ​ល្មើស​ញុះ​ញង់​ឲ្យ​មាន​ការ​រើស​អើង​។ បទ​ល្មើស​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង​នេះ ត្រូវ​បាន​ចោទ​ប្រកាន់​ឡើង បន្ទាប់​ពី​លោក​រ៉ាត់ រដ្ឋមុនី ត្រូវបានគេអះអាងថាបាន​ចូល​រួម​ផលិត​ខ្សែ​ភាពយន្ត​ឯកសារ“ម្តាយ​ខ្ញុំ លក់​ខ្ញុំ” ជា​មួយ​ទូរទស្សន៍​RT របស់​រុស្ស៊ី​។ ជាខ្សែ​ភាពយន្ត​ឯកសារ​ដែល​អាជ្ញាធរ​ខ្មែរ​អះ​អាង​ថា​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខ​មាត់​របស់​កម្ពុជា​។

នៅក្នុងពេលតវ៉ានៅព្រឹក​ថ្ងៃពុធ អ្នក​ស្រី​ឡុង គឹមហ៊ាង ភរិយា​របស់ ​លោក ​រ៉ាត់ រដ្ឋមុនី បានស្រែកថា​« ​ប្តី​របស់​គាត់​មិន​មាន​កំហុស​ទេ​គឺ​គ្រាន់​តែ​បង្ហាញ​ការ​ពិត​នៅ​ក្នុង​សង្គម​តែ​ប៉ុណ្ណោះ»​​។

អ្នក​តវ៉ា​ក៏បាន​ទាម​ទារឲ្យ​តំណាង​ទូរទស្សន៍​RT ចេញមុខ​មក​បញ្ជាក់​ជុំ​វិញ​ការ​ផលិត​ភាព​យន្ត​ឯកសារ​ទាក់​ទង​នឹង​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​នេះ​។ ទូរទស្សន៍​RT (Russia Today) វិញ បាន​សម្តែង​នូវ​ការ​ព្រួយ​បារម្ភយ៉ាង​ខ្លាំង​ចំពោះ​ការ​ឃុំ​ខ្លួន​លោករ៉ាត់ រដ្ឋមុនី ​។ RT បាន​បញ្ជាក់​ប្រាប់​កាសែតខ្មែរ​ថាមន៍កាលពីពេលកន្លងទៅ ​ ខ្លួន​កំពុង​តែ​ធ្វើ​គ្រប់​យ៉ាង​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ​ដែល​ក្នុង​នោះ រួម​មាន​ទាំង​តាម​រយៈ​ផ្លូវ​ទូត​ផង​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ