អានតួអត្ថបទ
កម្ពុជា-ច្បាប់

​អ្ន​ក​កាសែត​គ្មាន​ព្រំ​ដែន​អំពាវ​នាវ​ឲ្យ​តុលាការ​ទម្លាក់​ចោល​រាល់​ការ​ចោទ​ប្រកាន់​លើ​លោក​ រ៉ាត់ រត្នមុនី​

អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​នៅ​ថ្ងៃ​ទី១៩ ខែមិថុនា ម្សិលមិញ អំពាវ​នាវ​ឲ្យ​តុលាការ​ទម្លាក់​ចោល​រាល់​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​អ្នក​បក​ប្រែ​ឲ្យ​បណ្តាញ​ព័ត៌មាន​រុស្ស៊ី​ RT ដែល​បាន​ផលិត​ភាព​យន្ត​ឯកសារ​មាន​ចំណង​ជើង​ថា​ «ម្តាយខ្ញុំ​លក់ខ្ញុំ‍»។ ក្រោយ​ពី​ជាប់​ឃុំ​រយៈ​ពេល​៦ខែ​មក តុលាការ​នឹង​ប្រកាស​សាល​ក្រម​ប្រឆាំង​លើ​រូប​លោក រ៉ាត់ រត្នមុនី នៅ​ថ្ងៃទី២៦ ខែ​មិថុនា​ខាង​មុខ​នេះ​។ 

អ្នកស្រី ឡុង គឹមហ៊ាង ភរិយារបស់លោក រ៉ាត់ រ័ត្នមុនី
អ្នកស្រី ឡុង គឹមហ៊ាង ភរិយារបស់លោក រ៉ាត់ រ័ត្នមុនី @RFI
ផ្សាយពាណិជ្ជកម្ម

លោក Daniel Bastard ជា​ប្រធាន​ការិយា​ល័យ​អាស៊ី-ប៉ាស៊ីហ្វិក​របស់​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំ​ដែន​បាន​លើក​ឡើង​ថា"ការ​សម្រេច​ចិត្ត​របស់​លោក​ចៅក្រម​ កូយ សៅ​ លើ​ករណី​លោក​រ៉ាត់ រត្នមុនី​នឹង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ខ្លាំង​ចំពោះ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​"។

លោក​បន្ត​ថា“ជាមួយ​នឹង​ការ​រៀប​ចំ​សាក្សី​ដោយ​ប៉ូលីស, ការ​មិន​យក​ចិត្ត​ទុក​ដាក់​លើ​ភ័ស្តុ​តាង និង​អំណះ​អំណាង​ដែល​បាន​ដាក់​ជូន​ដោយ​មេធាវី, ភាព​លម្អៀង​របស់​ចៅ​ក្រម, វា​ដល់​ពេល​ហើយ​ ដែល​ត្រូវ​បញ្ចប់​នូវ​ការ​កាត់​ក្តី​ដ៏​អាម៉ាស់​នេះ ហើយ​ដោះ​លែង លោក រ៉ាត់ រត្នមុនី”។ គិត​រហូត​មក​ដល់​ពេល​នេះ​លោក ​រ៉ាត់​ រត្នមុនី​ វ័យ​៤៧​ឆ្នាំបាន​ជាប់​ឃុំ​រយៈ​ពេល​៦ខែ​មក​ហើយៗ តុលាការ​នឹង​ប្រកាស​សាល​ក្រម​ប្រឆាំង​លើ​រូប​លោក​នៅ​ថ្ងៃទី២៦ ខែ​មិថុនា​ខាង​មុខ​នេះ​។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា លោក​ រ៉ាត់ រត្នមុនី ត្រូវបានតុលាការចោទប្រកាន់លោក​ពី​បទ “ញុះញង់​ឱ្យ​មាន​ការ​រើស​អើង” តាមរយៈការជួយបណ្តាញសារព័ត៌មានរុស្ស៊ី កំឡុងពេលថតខ្សែភាពយន្ត "ម្តាយខ្ញុំលក់ខ្ញុំ" ដែលជាភាពយន្តឯកសារ ចាក់ផ្សាយ កាលពីខែតុលាឆ្នាំ២០១៨។

លោក ឡោ ជុនធី ជា​មេធាវី​ការពារ​ក្តី​ឲ្យ​លោក រ៉ាត់ រត្នមុនី បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា​លោក​កំពុង​រង​ចាំ​មើល​ការ​ប្រកាស​របស់​តុលាការ​ថា​តើ​តុលាការ​បន្ត​ការ​ចោទ​ប្រកាន់ ឬ​លើក​លែង​ការ​ចោទ​ប្រកាន់​។ លោក​ស្នើ​ឲ្យ​មាន​ការ​លើក​លែង​ការ​ចោទ​ប្រកាន់​មក​លើ​កូន​ក្តី​របស់​លោក ដោយ​សារ​តែ​សំណុំ​រឿង​នេះ​មិន​មាន​ភស្តុតាង​គ្រប់​គ្រាន់ ដែល​អាច​ដាក់​បន្ទុក​លើ​លោក រ៉ាត់ រត្នមុនី​។

ក្នុង​អំឡុង​ពេល​លោក រ៉ាត់ រត្នមុនី ជាប់ឃុំ, ភរិយា​របស់​លោក គឺ លោក​ស្រី ឡុង គីម​ហ៊ាង និង​សកម្មជន​ដីធ្លី​មួយ​ចំនួន​តែង​តែ​ធ្វើ​ការ​តវ៉ា​នៅ​ខាង​មុខ​ស្ថាន​ទូត​រុស្ស៊ី​ប្រចាំ​ក្រុង​ភ្នំពេញ ដោយ​ទាម​ទារ​ឲ្យ​មាន​ការ​អន្តរាគមន៍​ពី​ស្ថាន​ទូត​នេះ​។ លោក​ស្រី​ក៏​ធ្លាប់​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​កោះហៅ​សារ​ព័ត៌មាន​រុស្ស៊ី RT មក​សាកសួរ ព្រោះ​សារព័ត៌មាន​រុស្ស៊ី​ជា​អ្នក​ផ្សព្វផ្សាយ​ និង​ផលិតខ្សែ​ភាពយន្ត​ឯកសារ​ ដែល​មាន​ចំណង​ជើង​ថា «ម្តាយ​ខ្ញុំ​លក់​ខ្ញុំ‍»​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ